ស្ថានភាពលោកឪពុកជប៉ុនប្រើអំពើហិង្សាចំពោះកូនខ្លួនឯង

កាលពីឆ្នាំមុនកើតមានករណីបុរសជនជាតិជប៉ុនវាយកូនស្រីអាយុមួយខែបណ្តាលអោយស្លាប់។ បន្ទាប់ពីករណីស្រ​ដៀង​គ្នា​ជា​ច្រើន​កើត​ឡើង ជប៉ុនបានលើកអំពីបញ្ហាអប់រំមាតាបិតា និងរបៀបមើលថែកូនសម្រាប់ឪពុក។

បុរសជនជាតិជប៉ុនឈ្មោះ Natsuki Nakashima អាយុ ២៣ ឆ្នាំ ដើមឡើយបានដិសេធថាខ្លួនមិនបានបង្ករបួសលើកូនស្រី Kokona នៅ  Kanoya ខេត្ត Kagoshima ទេ ប៉ុន្តែក្រោយមកគាត់បានសារភាពចំពោះការចោទប្រកាន់។

នៅពេលដែលឧប្បត្តិហេតុកើតឡើង Natsuki Nakashima កំពុងនៅផ្ទះជាមួយ Kokona និងកូនបួននាក់ផ្សេងទៀត​របស់​ខ្លួន។ គាត់បានសារ​ភាព​ថា “​ខ្ញុំ​មាន​អារម្មណ៍​តានតឹង ហើយ​វាយកូនព្រោះវាមិនព្រឹម​ឈប់យំ” ។

ករណី​អំពើ​ហិង្សាមួយចំនួនកើត​ចេញ​ពី​បាតុភូត パパ見知り (Papamishiri) នៅជប៉ុន។ ពាក្យ Papamishiri មានន័យថាក្មេងមិនចូលចិត្តឪពុក ចាត់ទុកដូចជាមនុស្សមិនស្គាល់ ពេល​ឪពុកចូល​មក​ជិត​ឱប​នឹងយំ។

អ្នកជំនាញមួយចំនួនបានពន្យល់ថា Papamishiri គឺជាសញ្ញាបង្ហាញថាការយល់ដឹងរបស់ទារកកំពុងអភិវឌ្ឍ។ ប៉ុន្តែ​ចំពោះ​ឪពុកដែលមិនមានបទពិសោធ នេះអាចជាការទទួលយកមិនបានពេលកូនបដិសេធ។

រូបភាពតំណាង

សាស្ត្រាចារ្យចិត្តវិទ្យា Masako Ishii នៅសាកលវិទ្យាល័យ Showa Women’s នៅទីក្រុងតូក្យូបានអោយដឹងថាទារកអំឡុងពេលអភិវឌ្ឍន៍ការយល់ដឹង អាចដឹងពីភាពខុសគ្នារវាងឪពុកម្តាយ និងការផ្លាស់ប្តូរតាមរយៈការបី។ អ្នកស្រីបន្ត​ថាក្នុង​គ្រួសារ​ដែល​ម្តាយ​ទទួល​បន្ទុកមើល​ថែ​កូនច្រើន នៅពេល​កូន​មាន​អាយុ​ចន្លោះ​ពី ៦ ទៅ  ៨ ខែ កូន​តែងតែ​បដិសេធ​ឪពុក​មួយ​រយៈពេល។

សម្រាប់ឪពុកមួយចំនួនដែលមិនដឹងពីរបៀបដោះស្រាយបាតុភូតនេះ ស្ថានភាពអាចកាន់តែយ៉ាប់យ៉ឺន ហើយបន្សល់​នូវ​ផលវិបាកធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត។

យោងតាមការស្ទង់មតិរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ប្រហែលពាក់កណ្តាលករណីស្លាប់ដោយសារអំពើហិង្សាលើកុមារក្នុងឆ្នាំសារពើពន្ធ ២០១៩ ដែលទាក់ទងនឹងកុមារមានអាយុក្រោម ១ ឆ្នាំ។

ចំពោះករណីមួយផ្សេងទៀត នៅក្នុងឆ្នាំនេះលោក Kazuki Takakura ត្រូវ​បាន​តុលាការ​ស្រុក Mito កាត់​ទោស​អោយ​​ជាប់​​ពន្ធនា​គារ ៩ ឆ្នាំពី​បទ​មនុស្ស​ឃាត។ ជនរងគ្រោះ​ជា​កូនស្រី​អាយុ​ ១០​ ខែ​ ឈ្មោះ Hazuki ។ ចុងចោទបានប្រកែកថាគាត់មានអារម្មណ៍តានតឹង ដោយសារតែកូនស្រីមិនទទួលយកខ្លួន នេះក៏ជាមូលហេតុ​ប្រើអំពើហិង្សាលើរាងកាយបណ្តាលអោយ Hazuki ស្លាប់។

លោក Takakura បាននិយាយក្នុងបទសម្ភាសន៍នៅពន្ធនាគារ Mito ថា៖ “កូនរបស់ខ្ញុំយំព្រោះតែមើលឃើញមុខខ្ញុំ រឿងនេះធ្វើអោយខ្ញុំទទួល​យក​មិន​បាន។ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះកូនមិនអោយខ្ញុំបី ហើយខ្ញុំមិន​អាច​ចែក​រំលែក​រឿង​នេះ​ជាមួយ​អ្នក​ណា​” ។

បុរសម្នាក់នៅខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូត្រូវកាត់ទោសពី​បទ​បង្ក​របួស​ស្នាម​ដល់​កូន​ប្រុស​អាយុ ៤ ខែ​របស់ខ្លួនក្នុងឆ្នាំ ២០១៩ ក៏នៅក្នុងស្ថាន​ភាព​ស្រដៀងគ្នាដែរ។ គាត់បានសារភាពនៅចំពោះមុខតុលាការថា “កូន​យំ​​រាល់​ពេលដែលប្រពន្ធរបស់ខ្ញុំមិននៅទីនោះ” ។

ខែវិច្ឆិកាគឺជាខែបង្ការការរំលោភបំពានលើកុមារនៅក្នុងប្រទេសជប៉ុន។ អ្នកជំនាញដូចជា Ishii យល់ថាគួរតែបង្កើតសេវាកម្មប្រឹក្សា ដើម្បីណែនាំឪពុកអំពីរបៀបមើលថែ និងទំនាក់ទំនងជាមួយកូន។ ក្រៅពីកូន ម្តាយក៏ត្រូវការជំនួយផងដែរ ព្រោះពួកគេងាយនឹងកើតជំងឺដូចជាជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលក្នុងករណីឪពុកគ្មានបទពិសោធ។

រូបភាពតំណាង

ដើម្បីឆ្លើយតបនឹងការអំពាវនាវនេះ នាយកដ្ឋានបានចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនមួយ ដើម្បីលើកទឹកចិត្តដល់សមត្ថកិច្ចក្នុងតំបន់ឱ្យបង្កើតក្រុមជំនួយ ដោយអញ្ជើញលោកឪពុកដែលមានបទពិសោធមកនិយាយអំពីការចិញ្ចឹម​បី​បាច់​កូន ក៏ដូចជាស្នើអោយបណ្តាទីក្រុងបង្កើត​មជ្ឈមណ្ឌលគាំពារកុមារឱ្យបានឆាប់។

អ្នកជំនាញ Ishii បន្ថែមថា “នៅពេលដែលកុមារមិនយល់ភាសា ឪពុកម្តាយងាយនឹងទទួលរងសម្ពាធ” ។ ជាពិសេស​ឪពុកដែលមិនធ្លាប់ពពោះដូចអ្នកម្តាយ ពេលវេលាដែលដឹងអំពីទំនួលខុសក្នុងនាមជាឪពុកក៏ខ្លីដែរ ដូច្នេះពួក​គេ​ត្រូវ​ការ​ការ​អប់រំ និងជំនួយបន្ថែមទៀត។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: