ជប៉ុនកំពុងជួបបញ្ហាតម្លៃប្រេងឡើងថ្លៃដែលជាការគំរាមកំហែងសេដ្ឋកិច្ចទាំងមូល
នៅពេលដែលរដូវរងាមកដល់ អ្នកប្រើប្រាស់ និងក្រុមហ៊ុននានាក្នុងប្រទេសជប៉ុនចាប់ផ្តើមរឹតបន្តឹងថវិកា ដោយសារតែតម្លៃថាមពលកើនឡើង។ ម្ចាស់បន្ទប់ទឹក Atsushi Tsukui អាយុ ២៩ ឆ្នាំ ជាពាណិជ្ជករម្នាក់ក្នុងចំណោមពាណិជ្ជករជាច្រើនដែលរងសម្ពាធខ្លាំងដោយសារបញ្ហានេះ។
ប្តីប្រពន្ធលោក Atsushi Tsukui បើកអាជីវកម្មសូណាសាធារណៈ (Sento) តាំងពីខែកក្កដា។ តម្លៃប្រេង និងឥន្ធនៈដែលប្រើក្នុងបន្ទប់សូណានៅ Gunma ឡើងថ្លៃខ្លាំងណាស់ កើន ២៤% ក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ រហូតលោក Atsushi Tsukui ត្រូវពិចារណាជំនួសដោយអុស។
លោក Atsushi Tsukui និយាយថា “នេះជារដូវរងាដំបូងតាំងពីពេលដែលខ្ញុំកាន់កាប់អាជីវកម្មគ្រួសារ ប៉ុន្តែលើកនេះពិតជាពិបាកណាស់” ។
អត្រាអតិផរណាផ្លូវការដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលជប៉ុនហាក់ដូចជាទាបបើប្រៀបទៅនឹងប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាទំនិញសំខាន់ៗមួយចំនួនឡើងថ្លៃ ក្នុងនោះមានតម្លៃប្រេងឥន្ធនៈក៏ល្មមធ្វើអោយប្រជាជនលំបាកដែរ។ តម្លៃសាំងនាពេលថ្មីៗនេះកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំ ហើយរដ្ឋាភិបាលព្យាករណ៍ថារដូវរងានេះការផ្គត់ផ្គង់អគ្គិសនីនឹងមានភាពតានតឹងបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
តម្លៃប្រេងឡើងថ្លៃធ្វើអោយថ្លៃដើមផលិតអគ្គិសនីកើនឡើង ខណៈពេលដែលអាស៊ីខាងជើងជួបប្រទះនឹងបញ្ហារដូវរងាត្រជាក់ជាងធម្មតា។
ឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ ដូចជាការដឹកជញ្ជូន និងលោហធាតុរងផលប៉ះពាល់ខ្លាំងបំផុត ហើយផលប៉ះពាល់បានរីករាលដាលដល់ឧស្សាហកម្មជាច្រើនទៀតនៅទូទាំងប្រទេស។
នៅពេលដែលស្ថានភាពជំងឺរាតត្បាតកាត់បន្ថយ សេដ្ឋកិច្ចជប៉ុននៅតែងើបឡើងវិញយឺតណាស់។ ចំណុចនេះធ្វើអោយជប៉ុនរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបន្ទុកប្រេងឥន្ធនៈឡើងថ្លៃ។ នេះបើតាមលោក Harumi Taguchi សេដ្ឋវិទូរបស់ IHS Markit កម្រិតអាស្រ័យលើប្រេងឥន្ធនៈនាំចូលនៅប្រទេសជប៉ុនកើនខ្ពស់បើប្រៀបទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ប្រេងឥន្ធនៈឡើងថ្លៃ លោកនាយករដ្ឋមន្ត្រី Fumio Kishida ប្រកាសថានឹងផ្តល់ជំនួយដល់ឧស្សាហកម្មដូចជាការនេសាទ និងដឹកជញ្ជូន ក៏ដូចជាការឧបត្ថម្ភធនដល់រោងចក្រចម្រាញ់ប្រេង ដើម្បីកុំឱ្យអ្នកប្រើប្រាស់មានការព្រួយបារម្ភចំពោះតម្លៃ។ រដ្ឋាភិបាលក៏បានពង្រីកលទ្ធភាពទទួលប្រាក់កម្ចីបន្ទាន់សម្រាប់អាជីវកម្មខ្នាតតូច និងបង្កើតបណ្តាញទូរស័ព្ទបន្ទាន់។
នាយករដ្ឋមន្ត្រី Fumio Kishida កំពុងពិចារណាជម្រើសកិច្ចសហប្រតិបត្តិការជាមួយប្រទេសដូចជាសហរដ្ឋអាមេរិក ជាយុទ្ធសាស្ត្រដើម្បីបើកឃ្លាំងបម្រុងទុកប្រេង ដែលជាការផ្លាស់ប្តូរជួយទប់ស្កាត់តម្លៃកើនឡើង។
លោក Atsushi Tsukui កំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយផលប៉ះពាល់នៃតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។ លោក Atsushi Tsukui បានអោយដឹងថាគាត់បង្កើនការកាប់អុសដើម្បីធានាថាភ្លើងមិនរលត់ពាក់កណ្តាល់ផ្លូវ។ បច្ចុប្បន្នលោក Atsushi Tsukui ស្តុកប្រេងកាត និងបញ្ចូលហ្គាសនៅពេលដែលតម្លៃធ្លាក់ចុះ។
ទោះជាយ៉ាងណារដូវរងាខាងមុខនេះនឹងលំបាកខ្លាំងណាស់ តម្លៃចូលបន្ទប់ទឹកនៅតែរក្សាក្នុងកម្រិតដែលបានកំណត់ ដូច្នេះលោក Atsushi Tsukui មិនអាចដំឡើងថ្លៃតាមអំពើចិត្តបានទេ។ គាត់កំពុងរង់ចាំគោលការណ៍ផ្តល់ជំនួយពីរដ្ឋាភិបាល ប៉ុន្តែនៅតែមានការព្រួយបារម្ភអ្វីដែលកើតឡើងនាពេលខាងមុខ។
លោក Atsushi Tsukui និយាយថា “អតិថិជនជាច្រើនមានបំណងចង់ងូតទឹកក្នុងអាងធំ ហើយខ្ញុំក៏មិនអាចប្រាប់ពួកគេអោយសន្សំទឹកដែរ” ។
Japo Cambodia