ប្រលោមលោករបស់អតីត Yakuza ត្រូវបានកែសម្រួលទៅជាខ្សែភាពយន្ត

នៅក្នុងរឿងប្រលោមលោក “Mushoboke” ដែលបោះពុម្ពដោយ Shogakukan Inc., ទាក់ទាញចំណាប់អារម្មណ៍អ្នក​អាន ដោយសារតែរឿងនិយាយពីជីវិតអតីត Yakuza បន្ទាប់ពីចេញពីពន្ធនាគារ។ សៀវភៅរឿងត្រូវបាន​កែ​សម្រួល​ជា​​ខ្សែភាពយន្ត ហើយ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍។ អ្វី​ដែល​ពិសេសគឺថាអ្នក​និពន្ធ​ប្រលោម​លោក​ក៏​ជា​អតីត​ Yakuza មួយរូបដែរ។ អ្នកនិពន្ធ Garyo Okita អាយុ ៤៥ ឆ្នាំជាអតីតសមាជិកក្រុម Yakuza គាត់ជាប់គុកតាំង​ពី​អាយុ ១៤ ឆ្នាំ ហើយចាប់ផ្តើមអាជីពសរសេរសៀវភៅរឿងនៅអាយុ ៤០ ឆ្នាំ។

រឿង “Mushoboke” ចាប់ផ្តើមនៅពេលដែលតួអង្គឯក Sosuke Jinnai បញ្ចប់អនុវិទ្យាល័យ ព្រោះតែមិនចង់បន្តការសិក្សាក៏​សម្រេច​ចិត្ត​ឈប់​រៀន ហើយចូលរួមក្រុមប្រណាំងកង់ បន្ទាប់មកប្តូរទៅជាក្រុមឧក្រិដ្ឋកម្ម។

ក្រោយមក Sosuke Jinnai បានក្លាយជាបុរសម្នាក់ដែលមានគ្រួសារ ថ្ងៃមួយ Sosuke Jinnai ប្រាប់ប្រពន្ធរបស់គាត់​ថា “គាត់មានការងារធំត្រូវធ្វើ” តាមបញ្ជារបស់លោកបងធំ គាត់ទៅធ្វើឃាតលោកបងធំភាគីសត្រូវ។

ប្រសិនបើបញ្ចប់កិច្ចការនេះ គាត់នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០ លានយ៉េន និងតំណែងខ្ពស់ក្នុងក្រុម។ ប៉ុន្តែ​នៅ​ទី​បំផុត គាត់ត្រូវបានចោទប្រកាន់​ពី​បទ​មនុស្សឃាត ហើយកាត់ទោសឱ្យជាប់គុក ១៤ ឆ្នាំ។ លើសពីនេះគាត់​ត្រូវបណ្តេញចេញពីក្រុម ហើយ​ប្រពន្ធក៏​សុំ​លែង​លះ​ដែរ។ ក្រោយរយៈពេល ១៤ ឆ្នាំ Sosuke Jinnai ត្រូវបានដោះលែងពីពន្ធនាគារ។ នោះជាលើកទីមួយក្នុងជីវិតដែលគាត់កាន់ស្មាតហ្វូន ហើយជួបកូនទាំងពីរនាក់របស់ខ្លួនដែលឥឡូវនេះមានអាយុ ១៨ និង ២១ ឆ្នាំ។

គាត់ចាប់ផ្តើមស្វែងរកការងារធ្វើ គាត់ទៅក្រុមហ៊ុនគ្រឿងសង្ហារឹមដែលគ្រប់គ្រងដោយអតីតលោកបងធំ ដើម្បីស្នើសុំការងារជាការប៉ះប៉ូវនូវអ្វីដែលគាត់បានលះបង់សម្រាប់ក្រុម។ “អ្នកបានធ្វើឱ្យជីវិតខ្ញុំកាន់តែយ៉ាប់យ៉ឺន តើអ្នកមិនទទួលខុសត្រូវទេឬ?” ។

អតីតលោកបងធំភ័យខ្លាចហើយសុំទោស Sosuke Jinnai ស្រែកថា “តើអ្នកជួលខ្ញុំឬអត់?” ។ បន្ទាប់មកអតីតលោក​បង​ធំក៏យល់ព្រមទទួល Sosuke Jinnai ឱ្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​គ្រឿងសង្ហារឹម។

គាត់ធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងប្រាក់ខែ ៨,៥០០ យ៉េន/ថ្ងៃ ហើយជារៀងរាល់ថ្ងៃគាត់ត្រូវទ្រាំនឹងការមើល​ងាយ​របស់សង្គម និងភាពឯកោ។

អ្នកនិពន្ធ Garyo Okita និយាយថា “ថ្វីត្បិតតែត្រូវមាក់ងាយ ប៉ុន្តែខ្ញុំបានជម្នះគ្រប់យ៉ាង ព្រោះខ្ញុំជា Yakuza មួយរូប ប៉ុន្តែដើម្បីរស់នៅខ្ញុំត្រូវតែធ្វើការ។ បាត់បង់ការងារនៅអាយុ ៤០ ឆ្នាំពិតជាគួរអោយខ្លាចណាស់។ សូម្បី​តែ​អតីត​ម៉ាហ្វីយ៉ា​​ម្នាក់​ក៏​មាន​ជីវិត​ និង​គ្រួសារ​ដែរ ដូច្នេះ​យើង​ត្រូវ​ព្យាយាម​ចាប់​ផ្ដើម​ឡើង​វិញ។ មិនមែនជារឿងមនោសញ្ចេតនា​ពេក​ទេ ខ្ញុំចង់រៀបរាប់អំពីការលំបាកនៃជីវិត  និងវត្តមានក្នុងនាមជា Yakuza ដែលទើបតែចេញ​ពី​គុក” ។ 

លោក Garyo Okita មកពីទីក្រុង Amagasaki ខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន ដូចជា Sosuke Jinnai គាត់ចូលរួមក្រុម Yakuza ក្នុងតំបន់កាលអាយុ ១៦ ឆ្នាំ។ ក្នុង​អំឡុង​ពេល​ជាប់​ឃុំក្រុម​របស់​លោក​ក៏​បាន​រំសាយ​ដែរ។

នៅក្នុងប្រលោមលោកមានកន្លែងមួយ Sosuke Jinnai ចូលចិត្តស្ករ KitKat ណាស់ ចំណុចនេះក៏ផ្អែកលើបទពិសោធន៍​ពិត​របស់លោក Garyo Okita ផងដែរ។ នៅ​ពេល​ដែល​គាត់​មាន​អាយុ ៣០ ឆ្នាំ ហើយឆ្លងឆ្នាំ​ថ្មី​ក្នុង​ពន្ធនាគារ ឆ្មាំម្នាក់ចែកស្ករ KitKat ដែលមានរសជាតិសូកូឡាអោយអ្នកទោស។ នោះជាការលើកលែងពិសេសក្នុង​ឳកាសបុណ្យធំ ខុស​ពី​អ្វី​ដែល​គាត់​បានទទួល​រាល់​ថ្ងៃ​ក្នុង​ពន្ធនាគារ។ អ្នកទោសមួយចំនួនភ្ញាក់ផ្អើល លោក Garyo Okita សើចហើយនិយាយថា “ខ្ញុំសួរខ្លួនឯងថា ហេតុ​អ្វីបានជាខ្លួនសប្បាយចិត្តព្រោះតែរបស់សាមញ្ញបែបនេះ?” ។

ចំណូលចិត្តសរសេរប្រលោមលោកចាប់ផ្តើមកាលលោកអាយុ ២៥ ឆ្នាំ គាត់យំពេលកំពុងអានប្រលោមលោក “Poppoya” របស់ Jiro Asada ក្នុងពន្ធនាគារ។ ទាំងនោះធ្វើអោយ Garyo Okita រៀនចម្លងប្រលោមលោក ដើម្បីអនុវត្ត​សមត្ថភាពសរសេររបស់ខ្លួន។ មានពេលខ្លះគាត់កាន់ខ្មៅដៃ ហើយសរសេររយៈពេល ១៣ ម៉ោងក្នុងមួយថ្ងៃ ដើម្បីមិនអោយខ្ជះខ្ជាយក្រដាស លោក Garyo Okita កាត់បន្ថយទំហំអក្សរធ្វើយ៉ាងណាអោយតូចតាមដែលអាចធ្វើបាន។

ក្រោយពេលចេញពីពន្ធនាគារលោក Garyo Okita បង្ហាញខ្លួនក្នុងនាមជាអ្នកនិពន្ធប្រលោមលោកនៅអាយុ ៤០ ឆ្នាំ ហើយចាប់ផ្តើមបោះពុម្ពស្នាដៃផ្ទាល់របស់ខ្លួន។ “Mushoboke” គឺជាស្នាដៃទី ១២ របស់គាត់ ដែលត្រូវបាន​កែ​សម្រួល​ទៅ​ជា​រឿងភាគទូរទស្សន៍ ចាក់ផ្សាយជាលើកដំបូងនៅលើទូរទស្សន៍ Asahi, Broadcasting Corp ក៏ដូចជាប៉ុស្តិ៍​ផ្សេង​ទៀតកាលពីខែតុលាកន្លងទៅនេះ។

នៅពេលគាត់ចេញពីគុក លោក Okita ធ្វើការនៅក្នុងក្រុមហ៊ុនដឹកជញ្ជូន ទទួលបានប្រាក់ខែ ៩០០០ យ៉េនក្នុងមួយ​ថ្ងៃ (ប្រហែល ៨០ ដុល្លារ) ។ ប៉ុន្តែឥឡូវនេះគាត់អាចរស់នៅក្នុងនាមជាអ្នកសរសេរប្រលោមលោកម្នាក់។

កាលពីប៉ុន្មានឆ្នាំមុន រដ្ឋាភិបាល​ជប៉ុន​​ចាប់​ផ្ដើម​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ដែល​ធ្វើ​អោយចំនួន​សមាជិក​ក្រុម Yakuza ធ្លាក់​ចុះ។ នៅចុងឆ្នាំ ២០១១ មានសមាជិកប្រហែល ៧៣,០០០ នាក់ ប៉ុន្តែរហូតដល់ចុងឆ្នាំ ២០២០ ចំនួនសមាជិក​ថយចុះមកត្រឹមប្រហែល ២៥,៩០០ នាក់។ ទោះជាយ៉ាងណាមិនមែនមនុស្សទាំងអស់ដែលចាកចេញពីក្រុម​​សុទ្ធតែអាចចូលរួមក្នុងសង្គមវិញទេ ករណីត្រូវចាប់ខ្លួនកន្លងមកអាចនឹងត្រូវនិយោជកមើលឃើញតាមរយៈទម្រង់​ឯកសារ​អនឡាញ។ ចំណុចនេះធ្វើអោយពួកគេបាត់បង់ការងារធ្វើ មនុស្សមួយចំនួនមានការងារធ្វើក៏​ពិបាក​ធ្វើ​បាន​យូរ​ដែរ។

លោក Garyo Okita និយាយថា “ពិតជាពិបាកណាស់ដែលអតីត Yakuza អាចរស់នៅ បន្ទាប់ពីត្រូវដោះលែងពីពន្ធនាគារ។ ជាក់ស្តែងសង្គមធ្វើអោយពួកគេប៉ះប៉ូវចំពោះអ្វីដែលពួកគេបានធ្វើ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ខិត​ខំ នោះ​ជោគជ័យ​នឹងងាកមករកអ្នក” ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: