បុគ្គលិកសាជីវកម្មធំៗប្រឈមនឹងបញ្ហាត្រូវជម្រុញអោយយល់ព្រមចូលនិវត្តន៍មុនកំណត់

ជប៉ុនជាប្រទេសដែលមានវប្បធម៌ការងារផ្អែកលើរបបធ្វើការពេញមួយជីវិត និងរបបអតីតភាព។

ទម្រង់ស្តង់ដារជីវិតរបស់ជនជាតិជប៉ុនដូចតទៅ៖ បន្ទាប់ពីបញ្ចប់ការសិក្សា មិនឆ្លៀត​ពេល​សម្រាក​ទេ តែ​ទៅសុំ​ការ​ងារ​​ភ្លាម។ ធ្វើការឱ្យក្រុមហ៊ុនមួយរហូតដល់អាយុ ៦០ ឆ្នាំ ហើយបន្ទាប់មកចូលនិវត្តន៍។

ជនជាតិជប៉ុនមានផ្នត់គំនិតអវិជ្ជមានយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរការងារ។ ហេតុ​តែដូច្នេះ ព្រោះមាន​ប្រាក់​ឧមត្ថម្ភលាឈប់ពីការងារ (តាមឆន្ទៈរបស់ក្រុមហ៊ុន) និងប្រាក់សោធននិវត្តន៍យ៉ាងល្អ ដូច្នេះហើយសេដ្ឋកិច្ចកាន់​តែ​រីក​ចម្រើន។

ពេល​លា​ឈប់​ពី​ការងារ ត្រឹមតែប្រាក់សោធននិវត្តន៍ក៏ល្មមរស់នៅបានស្រួលដែរ។ ក្រៅពីនេះបន្ថែម​ប្រាក់​ឧមត្ថម្ភ​លាឈប់ពីការងារ ប្តីប្រពន្ធអាចប្តូរទៅរស់នៅ​ឆ្នេរ​ដ៏​ស្រស់​ស្អាត។ សុបិនបែបនេះធ្លាប់ក្លាយជាការពិត ប៉ុន្តែសម័យនេះខុស​គ្នា ដោយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ភ្លាមៗជាច្រើន។

នៅពេលដែលសេដ្ឋកិច្ចជប៉ុនស្ថិតក្នុងសម័យកាលរីកចម្រើន អាជីវកម្មជាច្រើនឆ្ពោះទៅរកគោលដៅរីកចម្រើន។ ពួកគេបន្តបង្កើនចំនួនបុគ្គលិក ក៏ដូចជាពង្រីកអាជីវកម្ម។

ទោះជាយ៉ាងណា បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចមួយរយៈមក បុគ្គលិកដែលត្រូវគេជួលក្នុងអំឡុងពេលនោះលែងត្រូវការតទៅទៀត។ ជាមួយនឹងប្រព័ន្ធអតីតភាពរបស់ជប៉ុន អ្នកដែលមានអាយុកាន់តែច្រើននឹងទទួលបានការវាយតម្លៃខ្ពស់ ព្រោះពួកគេមានបទពិសោធន៍ការងារច្រើនជាង។ ជាការពិតណាស់ប្រាក់ខែនឹងសមាមាត្រទៅនឹងអាយុ ភាគ​ច្រើនអ្នកទាំងនេះទទួលការងារតាំងពីសម័យសេដ្ឋកិច្ចពពុះមកទល់បច្ចុប្បន្ន បើយោងទៅតាមអាយុរបស់ពួក​គេ ប្រាក់ខែខ្ពស់ណាស់ដែរ។ រហូតដល់បុគ្គលិក “ចាស់” មិនទាន់ចូលចូលនិវត្តន៍ នឹងមិនមានថវិកាគ្រប់គ្រាន់សម្រាប់​ជួលបុគ្គលិកថ្មីនោះទេ។

អាជីវកម្មជប៉ុនកាន់តែច្រើនឡើងៗធ្លាក់ក្នុងស្ថានភាពបែបនេះ ហើយកំពុងប្រឈមមុខនឹងបញ្ហាធ្វើយ៉ាងណាអោយបុគ្គលិក​របស់ពួកគេយល់ព្រមចូលនិវត្តន៍មុនអាយុ។

អាជីវកម្មជប៉ុនភាគច្រើនកំណត់អាយុចូលនិវត្តន៍នៅអាយុ ៦០ ឬ ៦៥ ឆ្នាំ។ បច្ចុប្បន្ននេះ អាជីវកម្មជាច្រើនមានបំណងអនុញ្ញាតឱ្យនិយោជិតចូលនិវត្តន៍មុនអាយុ ដើម្បីជួលអ្នកថ្មី ហើយក្នុងពេលតែមួយកាត់បន្ថយថ្លៃពលកម្ម។

តួអង្គក្នុងរឿងលើកនេះជា​បណ្ដោះ​អាសន្ន​ហៅថាលោក A ធ្វើការអោយអាជីវកម្មបែបនេះ។ គាត់ទទួលបានប្រាក់បន្ថែមចំនួន ៤០ លានយ៉េនដើម្បីចូលនិវត្តន៍មុនកាលកំណត់។

រូបភាព Yahoo News

លោក A គឺជាអ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុនផលិតធំមួយ។ នៅអាយុ ៥៥ ឆ្នាំ ក្រុមហ៊ុនបានប្រាប់គាត់ថានឹង​បន្ថែម​ប្រាក់ចំនួន ៤០ លានយ៉េនក្នុងប្រាក់ឧមត្ថម្ភលាឈប់ពីការងារ ដើម្បីអោយគាត់អាចចូលនិវត្តន៍មុនកាលកំណត់។ ដោយ​សារ​លោក​ A មាន​អាយុ​ត្រឹម​តែ ៥៥ ឆ្នាំ​ ដូច្នេះនៅតែមានសុខភាពល្អ។ លោកបាន​ស្នើ​អោយសេវា​​ស្វែងរក​ការងារ ដើម្បីរកការងារក្នុងនាមជានាយកក្រុមហ៊ុនពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ប្រាក់ចំណូលប្រចាំ​ឆ្នាំរបស់គាត់ដែលដើមឡើយ ១៣ លានយ៉េនកាត់បន្ថយមកត្រឹម ៧ លានយ៉េន។ ប៉ុន្តែ​ដោយ​សារ​គាត់​ក៏​ទទួល​បាន​​ប្រាក់​ឧមត្ថម្ភលាឈប់ពីការងារច្រើន ដូច្នេះមិនជួបបញ្ហា​ហិរញ្ញវត្ថុ​។

ប៉ុន្តែ​អ្វី​ដែល​រំខាន​គាត់គឺ​ភាព​ខុស​គ្នា​ក្នុង​បរិយាកាស​ការងារ។

ក្នុងនាម​ជា​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម គាត់​មិន​អាច​ធ្វើការ​ដូច​ដែល​គាត់​ពេញចិត្ត​នោះ​ទេ​។ ជាការពិតណាស់នៅក្នុងសហគ្រាសធំៗនឹងទទួលបានការបណ្តុះបណ្តាលបុគ្គលិក ការបែងចែកការងារក៏មានភាពច្បាស់លាស់ផង​ដែរ។ ដោយសារតែទម្លាប់នឹង​បរិយាកាស​សាជីវកម្ម​អាជីព លោក A មាន​អារម្មណ៍​ច្របូកច្របល់​ខ្លាំង​ក្នុង​បរិយា​កាស​​ថ្មី។

ជាលទ្ធផលលោក A ត្រូវថ្នាក់ក្រោម និងបុគ្គលិកក្មេងជាងមើលងាយ ហើយត្រូវនិយាយអាក្រក់នៅពីក្រោយខ្នងថា “មានលោកពូម្នាក់មិនចេះធ្វើការទើបចូលក្រុមហ៊ុន” ។

មនុស្សជាច្រើនគិតថា ប្រសិនបើលោក A ព្យាយាមទម្លាប់នឹងការងារ ប្រាកដជាមិនអី ប៉ុន្តែបុគ្គលិកជាច្រើន​នាក់​មក​ពីសហគ្រាសធំៗ ក៏ធ្លាក់ក្នុងស្ថានភាពដូចគ្នាដែរ។ គ្រប់យ៉ាងត្រូវបានរៀបចំមុន ការងារក៏ត្រូវបាន​បែង​ចែកច្បាស់លាស់ ប្រសិនបើមិនមានស្រាប់មិនអាចធ្វើការបានទេ។ មនុស្ស​ជា​ច្រើន​ចង់​ផ្លាស់​ប្តូរ ប៉ុន្តែ​មិន​អាច​​កែ​បាន ព្រោះ​ពួកគេទម្លាប់នឹងរបៀបធ្វើការបែបនោះ។

កាលពីមុនខ្ញុំធ្វើការក្នុងក្រុមហ៊ុនជំនាញ IT នៅ  Shibuya មានមនុស្សម្នាក់ធ្វើការឱ្យក្រុមហ៊ុនទូរគមនាគមន៍ខ្នាត​ធំ​ក្នុងប្រទេសមកសម្ភាសន៍ផ្លាស់ប្តូរការងារ។ នៅ​ក្នុងក្រុមហ៊ុន​មុនម្នាក់នេះធ្វើជាប្រធានផ្នែក សាជីវកម្ម​នេះមាន​ឥទ្ធិពល​ខ្លាំង​ មានបុគ្គលិក ៣០ ម៉ឺននាក់។ ក្រុមហ៊ុនរបស់ខ្ញុំមានបុគ្គលិកត្រឹមតែ ៥០ នាក់ មិនត្រឹមតែខុសគ្នាផ្នែកធនធានមនុស្សប៉ុណ្ណោះទេ សូម្បីតែរបៀបធ្វើការខុសគ្នាទាំងស្រុងផងដែរ។

ពេលខ្ញុំសួរគាត់ថា “តើអ្នកអាចធ្វើអ្វីខ្លះ? តើអ្វីដែលអ្នកធ្វើបានល្អ?” 

លោក​ឆ្លើយយ៉ាងច្បាស់ថា “អ្នកសម្របសម្រួល​ផ្ទៃក្នុង​ក្រុមហ៊ុន”។

ខ្ញុំពិតជាភ្ញាក់ផ្អើលនឹងចម្លើយនេះណាស់។

ក្នុងក្រុមហ៊ុនដែលមានសមាជិកតែ ៥០ នាក់ ខ្ញុំ និងនាយកតែងតែពិភាក្សាគ្នាដើម្បីសម្រេចរឿងគ្រប់យ៉ាង ដូច្នេះឥឡូវនេះយើងមិនត្រូវការអ្នកសម្របសម្រួល​ផ្ទៃក្នុង​ក្រុមហ៊ុនទេ។ ក្រៅ​ពី​នេះគាត់ក៏មិនស្គាល់នរណាក្នុង​ក្រុមហ៊ុន​ដែរ។

ខ្ញុំប្រាប់គាត់ថា “ប្រសិនបើសំណើសម្របសម្រួលរបស់អ្នកមិនអាចអនុវត្តមានយ៉ាងមេ៉ចវិញ?” គាត់មិននិយាយអ្វីបន្ថែមឡើយ។

កាលនោះខ្ញុំមានអាយុ ៣២ ឆ្នាំ ចំណែកគាត់មានអាយុ ៤៥ ឆ្នាំ។ ខ្ញុំគិតថាគាត់ក៏ធ្លាក់ក្នុងស្ថានភាពចូលនិវត្តន៍​មុន​កំណត់ដែរ។

ស្ថានភាពទូទៅនិយោជិតធ្វើការឱ្យសាជីវកម្មធំ ទទួលបានការបណ្តុះបណ្តាលពិសេសសម្រាប់ការប្រើប្រាស់នៅទីនោះ ពិបាកក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេនៅកន្លែងផ្សេងណាស់។

ចំពោះបញ្ហានេះខ្ញុំគិតថានោះមិនត្រឹមតែជាទំនួលខុសត្រូវរបស់បុគ្គលប៉ុណ្ណោះទេ ហើយក៏ជាទំនួលខុសត្រូវរបស់សាជីវកម្មផងដែរ។

តើអ្នកគិតយ៉ាងណាដែរ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: