ពិតជាគួរឱ្យអស់សំណើចបើ “ថ្ងៃណាមួយគ្រឿងផ្សំមីកំប៉ុងអណ្តែតក្នុងអាងត្រាំទឹកក្តៅរបស់អ្នក”
ក្រុមហ៊ុនមីកញ្ចប់ជប៉ុន Nissin បានបង្ហោះនៅលើ Twitter កាលពីថ្ងៃទី ២៦ ខែវិច្ឆិកាដូចតទៅ៖ “យើងបង្កើតប្រដាប់ប្រដាពេលងូតទឹកមួយចំនួនដោយផ្អែកលើគំរូគ្រឿងផ្សំមីកំប៉ុង”។ ភ្ជាប់មកជាមួយរូបថតបុរសម្នាក់កំពុងសម្រាកក្នុងអាងងូតទឹក នៅជុំវិញខ្លួនពោពេញទៅដោយគ្រឿងផ្សំមីដែលលក់ដាច់បំផុតនៅជប៉ុន ខុសគ្នាត្រឹមតែទំហំប៉ុណ្ណោះ។ ក្រុមហ៊ុនក៏និយាយផងដែរថា ទោះបីជាលើកនេះទាំងអស់ត្រូវបានធ្វើដោយដៃ ប៉ុន្តែប្រសិនបើការឆ្លើយតបរបស់អ្នកប្រើប្រាស់ល្អ យើងអាចនឹងពិចារណាលើការធ្វើពាណិជ្ជកម្មផលិតផល។
គ្រឿងផ្សំដែលអ្នកមើលឃើញក្នុងរូបភាពរួមមានស៊ុត សាច់ “អាថ៌កំបាំង” (謎肉) បង្គាលាបពណ៌ដូចជារបស់ពិត។ បន្ទាប់ពីបង្ហោះបាន ១ ម៉ោង ការបង្ហោះនេះទទួលបាន Retweet ជាង ៦០០០ និង ១៣០០០ Like ។ មនុស្សជាច្រើនគិតថាក្រុមហ៊ុនគួរតែលក់ផលិតផលដូចក្នុងរូបភាព អ្នកខ្លះថែមទាំងសួរថាទិញនៅឯណា។ មតិមួយទៀតបាននិយាយថា៖ “ជាជាងដាក់គ្រឿងផ្សំចូលអាងងូតទឹក ខ្ញុំចូលចិត្តដាក់សរសៃរមីជាង” ។
ក្រុមហ៊ុន Nissin បន្ថែមថាទំហំគ្រឿងផ្សំក្នុងរូបភាពប្រហែល ១២ សង់ទីម៉ែត្រ ដែលធ្វើពីអេប៉ុង ហើយលាបពណ៌ពីលើ។
“យើងបានយកគំនិតនេះចេញពីធាតុផ្សំសំខាន់ទាំងបី ហើយបង្កើនទំហំរបស់ពួកវា។ ព្រោះតែថ្ងៃទី ២៦ ខែវិច្ឆិកាជាថ្ងៃ Bath Day ដូច្នេះយើងសង្ឃឹមថាអ្នកប្រើប្រាស់ទាំងអស់នឹងរីករាយជាមួយនឹងគំនិតនេះ” ។
ទោះបីជាមិនមានគម្រោងធ្វើពាណិជ្ជកម្មផលិតផល ប៉ុន្តែ Nissin ក៏បាននិយាយបន្ថែមថា “នឹងពិចារណាប្រសិនបើទទួលបានមតិយោបល់វិជ្ជមានពីអ្នកប្រើប្រាស់”។
នៅប្រទេសកម្ពុជាភាគច្រើនមិនមានវប្បធម៌ត្រាំអាងទឹកក្តៅនោះទេ ដូច្នេះប្រដាប់ប្រដាលេងបែបនេះប្រហែលជាមិនពេញនិយមនោះទេ ប៉ុន្តែប្រសិនបើ Nissin អភិវឌ្ឍបង្កើតអេប៉ុងដុសខ្លួនតាមទម្រង់ខាងលើ ប្រហែលជាអាចពេញនិយម។
Chee