អព្ភូតហេតុជួយអោយបុរសជនជាតិជប៉ុនម្នាក់រួចជីវិតបន្ទាប់ពីក្រឡាប់ទូកអណ្តែតកណ្តាលសមុទ្ររយៈពេល ២២ ម៉ោង

បុរសអាយុ ៦៩ ឆ្នាំម្នាក់ក្រឡាប់ទូករសាត់អណ្តែតកណ្តាលសមុទ្រ Kagoshima ប្រទេសជប៉ុន ក្រោយរយៈពេល ២២ ម៉ោង​រសាត់​អណ្តែត ហើយនៅរស់រានមានប្រៀបដូចជាអព្ភូតហេតុ។

បុរសដែលមិនទាន់បង្ហើបអត្តសញ្ញាណនេះ ម្នាក់ឯងជិះទូកចេញទៅសមុទ្រ ធ្វើដំណើរពីខេត្ត Kagoshima ភាគនិរតី​ប្រទេស​ជប៉ុន ទៅកាន់កោះរមណីយ​ដ្ឋាន Yakushima ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​សៅរ៍គាត់បានហៅមិត្តរួមការងារម្នាក់នៅលើកោះ ដើម្បី​រាយការណ៍​ថាទូកក្រឡាប់នៅកណ្តាលសមុទ្រ។

រហូត​ដល់​ជិត​មួយ​ថ្ងៃ​ក្រោយ​មក នៅ​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​ថា គាត់​កំពុង​អង្គុយ​លើ​ម៉ាស៊ីនទូក​​ដែល​​ក្រឡាប់​​នោះ ដៃតោង​ស្លាបចក្រដើម្បីកុំអោយរលកបក់រសាត់ទៅ។

ក្នុងវីដេអូដែលឆ្មាំសមុទ្រជប៉ុនបានបង្ហាញអោយឃើញថា ក្រុមជួយសង្គ្រោះចូលទៅជិតគាត់តាមរយៈទូក ហើយស្រែក​ថា “ពួកយើងកំពុងមក ​បន្តិចទៀតប៉ុណ្ណោះ សូមកាន់អោយជាប់” ។

នេះ​បើ​តាម​មន្ត្រី​ឆ្មាំ​សមុទ្រ​ជប៉ុនបានអោយដឹង “គាត់នៅកណ្តាលសមុទ្រម្នាក់ឯងរយៈពេល ២២ ម៉ោង។ ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាព​រស់​រាន​មាន​ជីវិត​របស់​គាត់” ។

បុរស​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នោះ​មាន​ស្នាម​ជាំ​នៅ​កជើង​ខាង​ឆ្វេង ប៉ុន្តែ​នៅ​តែ​ដឹង​ខ្លួន ហើយ​មិន​មាន​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ ។

ក្រុមមន្ត្រីបាននិយាយថាបុរសនោះយករបាំងពណ៌ប្រផេះរុំជុំវិញខ្លួនដើម្បីរក្សាកំដៅ ធ្វើអោយរាងកាយមិនចុះកម្តៅ។ មន្ត្រីឆ្មាំឆ្នេរសមុទ្រនិយាយប្រាប់ប្រព័ន្ធផ្សព្វ​ផ្សាយ​ថា “ពិតជាចម្លែកណាស់ដែលគាត់អាចរស់រានមានជីវិតក្នុងស្ថានភាពបែបនោះ នេះជាអព្ភូតហេតុមួយ” ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: