ប្រឈមមុខនឹងក្រុម​ពលរដ្ឋ​ឡោមព័ទ្ធរាំងផ្លូវ នេះ​ជាទង្វើ​ដែលទាហាននៃ​កងកម្លាំង​ស្វ័យការពារ​បានធ្វើ

ក្នុងនាមជាប្រទេសដែលចាញ់ក្នុងសង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​ត្រូវកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ខ្លួនមិនកាន់កាប់​កង​ទ័ព។ នៅពេលនោះ សហរដ្ឋអាមេរិកជាប្រទេសសម្ព័ន្ធមិត្តដែលសន្យានឹងការពារប្រទេសជប៉ុន ប៉ុន្តែនៅពេលដែលសង្គ្រាមកូរ៉េផ្ទុះឆ្នាំ ១៩៥០ សហរដ្ឋ​អាមេរិកចំណាយកម្លាំងទាំងស្រុងក្នុង​សង្គ្រាម​នេះ ដូច្នេះហើយមិនមានកម្លាំង​គ្រប់គ្រាន់ក្នុងការបំពេញសន្យារបស់ខ្លួន។ បន្ទាប់មក ប្រទេសជប៉ុនត្រូវបានអនុញ្ញាតឱ្យបង្កើតកម្លាំងយោ​ធា​ផ្ទាល់​ខ្លួនក្នុងគោលបំណងការពារខ្លួន ដែលសព្វថ្ងៃនេះហៅថា កងកម្លាំងស្វ័យការពារ។

ម្យ៉ាងវិញទៀត អនុសញ្ញាស្តីអំពីការមិនកាន់កាប់កងទ័ពបាត់បង់ដោយសារសហរដ្ឋអាមេរិកមិនរក្សាសន្យា មិន​មែន​ជប៉ុន​ចង់​កាន់កាប់កងទ័ពនោះទេ។ ទោះជាយ៉ាងណា តើអំណាចយោធាដែលជប៉ុនកំពុងកាន់កាប់គ្រប់ល្មមឬលើសកម្រិត “ការពារខ្លួន” ជារឿងមួយផ្សេងទៀត។

ការបង្កើតកងកម្លាំងស្វ័យការពារមានលក្ខណៈស្មុគស្មាញ ប៉ុន្តែទោះជាយ៉ាងណាវត្តមានរបស់កងកម្លាំងដើរតួនាទីយ៉ាងសំខាន់ចំពោះប្រទេសជប៉ុន។ ចំណុចនេះត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ពិភពលោកនេះមិនមានសន្តិភាពដល់ថ្នាក់ជប៉ុនគួរតែគោរពមិនកាន់កាប់ប្រដាប់អាវុធទេ (ទស្សនៈដែលប្រកាន់ថាគួរតែបោះបង់ចោលអាវុធ រួមទាំងក្នុង​គោល​បំណង​ការពារ) ។

ខណៈពេលដែលកងកម្លាំងស្វ័យការពារពង្រឹងខ្លួនដើម្បីការពារប្រទេសជប៉ុន បែរជាមានជនជាតិជប៉ុនមួយក្រុមមានអាកប្បកិរិយាអវិជ្ជមានយ៉ាងខ្លាំងចំពោះកងកម្លាំងស្វ័យការពារ និងយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន។

នេះជារឿងដែលនិយាយអំពីអាកប្បកិរិយារបស់ទាហានម្នាក់នៃកងកម្លាំងស្វ័យការពារ ពេលដែលត្រូវក្រុមប្រឆាំង​ឡោម​ព័ទ្ធ និងបង្កបញ្ហា។

រូបភាព http://blog.livedoor.jp/dqnplus/archives/2012263.html

ទាហាន​ម្នាក់​នេះ​មិន​អាចដើរ​ចូល​មូលដ្ឋាន​ព្រោះតែក្រុម​ប្រឆាំងរាំងផ្លូវ ហើយ​បន្ទាប់​មក​ត្រូវ​មនុស្ស​មួយ​ក្រុម​ឡោមព័ទ្ធ។ ទោះបីជាស្ថិតក្នុងស្ថាន​ភា​ពស្មុគស្មាញបែបនេះ ក៏គាត់មិនបានធ្វើការគំរាមកំហែងនោះទេ គ្រាន់តែទម្លាក់អាវុធចុះ ហើយឈរស្ងៀមនៅចំពោះមុខអ្នកដែលបង្កការលំបាកដល់គាត់។ បន្ទាប់​មក គាត់ឳនក្បាលនៅចំពោះមុខពួកគេ ហើយនិយាយថា៖

“សូមអនុញ្ញាតអោយខ្ញុំដើរឆ្លងកាត់ សូមមេតា”

គាត់​បាន​និយាយ​ពាក្យ​នេះ​ជា​ច្រើន​ដង ទោះបីជា​អាកប្បកិរិយា​គួរ​សម​យ៉ាង​នេះ​ក្ដី ក៏​ក្រុម​រារាំងផ្លូវ​នៅ​តែ​បន្ត​បិទ​ផ្លូវ​ទាំង​សើចចំអក។

ទាហានផ្សេងទៀតដែលមើលឃើញស្ថានភាពនេះមិនដឹងធ្វើអ្វីក្រៅពីឈរមើលពីចម្ងាយឡើយ។

ផ្លូវ​ដែល​ទាហានរូប​នេះ​កំពុងដើរ​ជា​ផ្លូវ​សាធារណៈ​មាន​ន័យ​ថា​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ដើរ​ដោយ​សេរី។ ជាមួយនឹងទង្វើបិទផ្លូវ រារាំងដល់អ្នកថ្មើរជើង ច្បាស់ណាស់ជាទង្វើខុសច្បាប់ ហើយក្រុមទាហានមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើអោយពួកគេរំសាយ។ ប៉ុន្តែ​គ្មាន​នរ​ណា​ធ្វើ​អន្តរាគមន៍ឬ​មិន​អាច​ធ្វើ​អន្តរាគមន៍ ព្រោះ​នេះជា​ស្ថានភាព​ស្មុគស្មាញ។

ទាហាននៃកងកម្លាំងស្វ័យការពារជប៉ុនជាអ្នកដែលប្រឈមមុខឥតតក់ស្លុតពេលមានយន្តហោះឬកប៉ាល់ឈ្លាន​ពាន​ទឹក​ដី​ជប៉ុន​ដែល​មិន​ស្គាល់អត្តសញ្ញាណ។

ពួកគេក៏ជាអ្នកដែលផ្តល់ជំនួយដោយផ្ទាល់ក្នុងស្ថានភាពធ្ងន់ធ្ងរដូចជាគ្រោះមហន្តរាយឬគ្រោះថ្នាក់ធ្លាក់យន្ត​ហោះ។ ពួកគេជាអ្នកនៅជិតប្រជាជនជប៉ុនក្នុងគ្រាដែលអស់សង្ឃឹមបំផុត។

មនុស្សទាំងនេះកំពុងព្យាយាមការពារ​ប្រជាជន​ជប៉ុន និងទឹកដីជប៉ុនទាំងមូល។ ដូច្នេះតើនរណាជាអ្នកការពារពួក​គេ?

ទាហាននៃកងកម្លាំងស្វ័យការពារមិនមែនប៉ូលីសនោះទេ ដូច្នេះពួកគេមិនមានសិទ្ធិកម្ចាត់ ចាប់ខ្លួន អ្នកដែលកំពុងបិទផ្លូវឡើយ។ ថ្វីត្បិតតែអ្នកមើលឃើញទាហានទាំងនេះកាន់អាវុធធុនធ្ងន់ អង្គុយលើយានជំនិះធំ ប៉ុន្តែពួក​គេ​មិនអាចប្រើអំណាចនោះសម្រាប់ការពារខ្លួនបានទេ។ សូម្បីតែនៅលើមាត្រដ្ឋានពិភពលោក ខ្ញុំគិតថាមិនមាន​កង​កម្លាំង​ការពារណាដែលមានភាពតានតឹងដូចកងកម្លាំងស្វ័យការពាររបស់ជប៉ុននោះទេ។

ខ្ញុំដឹងថាមានមនុស្សមួយចំនួនមិនពេញចិត្តនឹងវត្តមានរបស់កងកម្លាំងស្វ័យការពារ និងយោធាសហរដ្ឋអាមេរិក ប៉ុន្តែ​ខ្ញុំ​មិនយល់ថាហេតុអ្វីបានជាត្រូវដាក់សម្ពាធដល់យុវជនដែលកំពុងធ្វើការងាររបស់ពួកគេបែបនេះទេ។

ជាមួយ​នឹង​ព័ត៌មាន​បែប​នេះ ខ្ញុំ​ខ្លាច​ថាចំនួន​យុវជន​ដែល​ចង់​ចូល​រួម​ក្នុង​កងកម្លាំង​ស្វ័យការពារ​នឹង​ថយ​ចុះ។ ពេលនោះខ្ញុំឆ្ងល់ថា តើ​ក្រុម​ប្រឆាំង​នឹង​ធ្វើ​អ្វី​ដើម្បី​ការពារ​ប្រទេស​ជប៉ុន?

ត្រូវតែបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំមិនមែនជាមនុស្សយោធានិយមទេ ប៉ុន្តែខ្ញុំដឹងគុណអ្នកដែលបានការពារប្រទេស និង​លះ​បង់​ជួយ​ជនរងគ្រោះពេលគ្រោះធម្មជាតិកើតឡើង។

តើនោះមិនមែនជាអ្វីដែលយើងគួរតែធ្វើទេឬ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: