តំណាលរឿងប្រជាជនដឹងគុណសាមូរ៉ៃមួយរូបរាប់រយឆ្នាំដោយ​សារ​តែ​សង្គ្រោះ​ជីវិតពួកគេ

ក្នុងភាសាជប៉ុនមានប្រយោគមួយដូចនេះ៖

“犬は三日も飼えばその恩義を忘れない”

ប្រែថា៖ “សត្វឆ្កែ ទោះចិញ្ចឹម​តែ ៣ ថ្ងៃក៏ដឹងគុណដែរ” ។

ប្រយោគនេះមានន័យថាបើឆ្កែអនាថាមួយក្បាលត្រូវគេរើសយកទៅចិញ្ចឹម ទោះរយៈពេលតែ ៣ ថ្ងៃក៏វានឹងចងចាំគុណនេះ ហើយរកវិធីសងគុណវិញ។

ដូច្នេះចុះមនុស្ស​យើង​វិញ ជាប្រភេទដែលត្រូវគេអោយតម្លៃខ្ពស់ជាងសត្វឆ្កែយ៉ាងម៉េចវិញ? លើលោកនេះមានមនុស្ស​ជាច្រើនមិនដឹងគុណ មិនស្មើឆ្កែផង។

ទោះជាយ៉ាងណាក្នុងចំណោមរឿងរ៉ាវដែលរាប់មិនអស់របស់មនុស្សក៏មានរឿងល្អផងដែរ។ នេះជារឿងនិយាយពីសាមូរ៉ៃម្នាក់ក្រោកឈរប្រឆាំងនឹងច្បាប់ ដោយមិនគិតពីអាយុជីវិតព្រោះតែប្រជាជន ហើយប្រជាជនទាំងនោះក៏ដឹងគុណសាមូរ៉ៃរាប់រយឆ្នាំ។

តួអង្គសំខាន់លើកនេះមានឈ្មោះថា Isshiki Jirou Terusue ដែលជាសាមូរ៉ៃរស់នៅពាក់កណ្តាលសម័យសង្គ្រាមរហូត​ដល់​ដើមសម័យអេដូ។

រូបភាព https://mag.japaaan.com/archives/163349#google_vignette

លោកជាកូនប្រុសទី ៣ នៃត្រកូល Isshiki កាន់កាប់តំបន់ដែលឥឡូវនេះជាទីក្រុង Satte នៅ Saitama ។

នៅក្នុងឈ្មោះរបស់សាមូរ៉ៃមានពាក្យ Jirou ជាទូទៅគេប្រើដាក់ឈ្មោះអោយកូនទីពីរ (次 – Ji មានន័យថាបន្ទាប់)។ ប៉ុន្តែ​ដោយ​សារ​គាត់​ជា​កូន​ទី ៣ មនុស្ស​ជា​ច្រើន​គិត​ថាបងប្រុសរបស់ Isshiki Jirou Terusue គឺជាកូនខុសច្បាប់។

ក្រៅពីនេះត្រកូល Isshiki មិនមានកេរ្តិ៍ឈ្មោះល្បីនោះទេ ហើយក៏មិនបានបន្សល់ទុកចំណុចពិសេសណាមួយក្នុងប្រវត្តិ​សាស្ត្រប្រទេសដែរ។

ក្នុងកំឡុងសម័យសង្រ្គាម នៅពេលដែលសាមូរ៉ៃតំបន់នីមួយៗប្រយុទ្ធគ្នាដណ្តើមតំណែងលេខមួយក្នុងប្រទេសជប៉ុន ឪពុករបស់ Terusue ជ្រើសរើសខុស ហើយឈរខាងភាគីចាញ់។ ទោះបីជាឪពុក និងបងប្រុសរបស់គាត់ចុះចាញ់ Ieyasu Tokugawa ដែលជាសាមូរ៉ៃបំបាត់សង្រ្គាម ហើយបង្កើតសម័យអេដូ ប៉ុន្តែ Terusue បដិសេធមិនព្រមចុះចាញ់​រួច​ដក​ថយទៅនៅកន្លែងដែលឥឡូវនេះហៅថា Ibaraki ។

ចាប់តាំងពីពេលនោះ ៣០ ឆ្នាំបានកន្លងផុតទៅរហូតដល់ឆ្នាំ ១៦២០ ។ នៅឆ្នាំនោះទឹកទន្លេ Tone ឡើងខ្ពស់ តំបន់ដែលលោកកំពុងរស់នៅជន់លិចយ៉ាងខ្លាំង ជីវភាពប្រជាជនស្រេកឃ្លាន ប៉ុន្តែនៅតែត្រូវបង់ពន្ធជាអង្ករ។ Terusue បានទៅប្លន់ស្រូវអោយប្រជាជនវិញ ដើម្បីជួយពួកគេឱ្យរួចផុតពីភាពអត់ឃ្លាន។

ដោយ​សារ​តែ​ការ​បែងចែក​អង្ករ​ ជីវិត​របស់​ប្រជាជន​នៅ​ទី​នេះអាចរស់បន្ត។

មិនថាសង្គ្រោះជីវិតមនុស្សបានប៉ុន្មានអ្នកឡើយ វានៅតែជាបទល្មើស។ Terusue ត្រូវចាប់ខ្លួន ហើយត្រូវប្រហារជីវិត​នៅ​ឆ្នាំ ១៦២១ សាកសពរបស់គាត់អណ្តែតលើទន្លេ Tone ។

កាលសម័យនោះមាន​ច្បាប់​មួយ​ចែង​ថា បើកាន់ទុក្ខ​អ្នក​ទោស​ដែល​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត ម្នាក់​នោះ​ក៏​នឹង​ត្រូវ​ប្រហារ​ជីវិត​ដែរ។ ទោះជាយ៉ាងណាប្រជាជនដែលត្រូវបាន Terusue សង្គ្រោះជីវិតជាមួយនឹងផ្នត់គំនិតថា “ប្រសិន​បើ​ទុក​លោក Isshiki នៅទីនេះ យើងមិនស្មើឆ្កែផង” ពួកគេយកសាកសពរបស់គាត់ទៅបញ្ចុះដោយសម្ងាត់។

ជាច្រើនឆ្នាំបានកន្លងផុតទៅ នៅឆ្នាំ ១៧០១ ដែលជាខួបលើកទី ៨០ ឆ្នាំ ថ្ងៃដែលលោក Terusue ចាកចេញ ប្រជា​ជន​ធ្វើផ្នូរដែលមានសិលាចារឹក “Namu Amida Butsu” ។

មូលហេតុដែលមិនអាចឆ្លាក់ឈ្មោះរបស់សាមូរ៉ៃព្រោះសម័យនោះនៅតែជាសម័យអេដូនៃ Bakufu Tokugawa ប្រជា​ជននៅតែភ័យខ្លាចការដាក់ទណ្ឌកម្ម។

នៅពេលដែលការគ្រប់គ្រងរបស់ Tokugawa បានបញ្ចប់ ប្រជាជនបានសាងសង់ទីសក្ការបូជា Isshiki ។ ជារៀងរាល់​ឆ្នាំ​នៅប្រាសាទនេះប្រារព្ធពិធីបូជាដល់លោក Terusue ។

ក្នុងឆ្នាំ ១៩២១ ប្រហែល ៣០០ ឆ្នាំបន្ទាប់ពីលោក Terusue ទទួលមរណភាពរហូតមកដល់សព្វថ្ងៃ (ថ្ងៃទី ២១ ខែ​វិច្ឆិកា​ឆ្នាំ ២០២១) រយៈពេល ៤០០ ឆ្នាំមកហើយពិធីនេះនៅតែបន្ត។

នៅក្នុងយុគសម័យដែលទំនាក់ទំនងរវាងមនុស្ស និងមនុស្សដាច់ឆ្ងាយ ពិធីបុណ្យដែលកើតចេញពីការដឹងគុណ​រយៈ​ពេល ៤០០ ឆ្នាំ ជម្នះលើការហាមឃាត់ និងភាពអយុត្តិធម៌បានបង្ហាញពីទឹកចិត្តមនុស្សជាតិដ៏កក់ក្តៅ។

ទោះបីជាមិនអាចជួយអ្នកដទៃដូចជា Terusue ក៏ខ្ញុំនៅតែសង្ឃឹមថានឹងអាចបង្កើតទំនាក់ទំនងតាមរយៈការ​ជួយ​មនុស្ស​នៅ​ជុំវិញ​ក្នុងលទ្ធភាពរបស់ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: