ធ្លាប់ភ្លក់ទេ? ហាងមីសូបា Honke Owariya ដែលមានអាយុកាលជាង ៥៥០ ឆ្នាំនៅ Kyoto

Honke Owariya គឺជាហាងមី Soba ដ៏ល្បីឈ្មោះបំផុតនៅ Kyoto ដែលបង្កើតឡើងក្នុងឆ្នាំ ១៤៦៥ ហើយនៅតែបន្តរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ហាង Honke Owariya ត្រូវគេចាត់ទុកជាហាងមី Soba ឆ្ងាញ់បំផុតនៅ Kyoto បើកនៅឆ្នាំ ១៤៦៥ ទំហំ និងបរិយា​កាស​ក្នុងហាងត្រូវបានរក្សាទុក​រយៈ​ពេលជាងមួយរយឆ្នាំមកហើយ។ នៅពេលដើរចូលហាងភ្ញៀវនឹងមើលឃើញមុខម្ហូប Soba ពិសេសបំផុតរបស់ Kyoto ដែលកន្លែងផ្សេងទៀតមិនមាននោះទេ។

រូបភាព https://honke-owariya.co.jp/en/the-story-of-owariya/

ដើមឡើយហាង Honke Owariya គឺជាហាងលក់នំផ្អែមនៅ Owarinokuni (សព្វថ្ងៃក្នុងខេត្ត Achi) ។ យោងតាមឯកសារបុរាណហាងប្តូរទៅ Kyoto ដើម្បីស្វែងរកអតិថិជនថ្មី។ តាំងពីពេលនោះមកហាង Honke Owariya បាន​បន្ត​អាជីវកម្ម ហើយក្លាយទៅជាហាងលក់ម្ហូបប្រពៃណីដ៏ល្បីអស់រយៈពេល ៥៥០ ឆ្នាំមកហើយ។

ប្រសិនបើភ្ញៀវចាប់អារម្មណ៍បន្តិចនឹងមើលឃើញផ្លាកសញ្ញានៅជាប់មុខទ្វារអានថា “Soba mochi” ។ តាំងពីសម័យ​អេដូ​ដល់​សម័យ Meiji ម្ចាស់​ហាង​ជំនាន់​ទី ១៣ បានបង្កើតមុខម្ហូបពិសេសមួយដែលមានឈ្មោះថា Soba mochi ។

ថ្វីត្បិតតែមានឈ្មោះថា mochi (នំអង្ករជប៉ុន) ប៉ុន្តែតាមពិតនោះគឺជា Soba manju នំសណ្តែកក្រហមសំបកម្សៅ Buckwheat ឬម្សៅមីធ្វើ Soba ។

នៅសម័យនោះប្រភេទនំផ្អែមដែលមានរាងមូលសុទ្ធតែហៅថា mochi ហើយក៏ជាប់ជាឈ្មោះមុខម្ហូបពីពេលនោះ​មក។ សព្វថ្ងៃ Soba mochi ឈុតម្ហូបដែលរួមទាំងតែជប៉ុន ដែល​ពេញ​និយម​យ៉ាង​ខ្លាំងចំពោះអ្នក​ស្រុក Kyoto ។

បច្ចុប្បន្នហាង Honke Owariya សាងសង់ឡើងវិញនៅដើមសម័យ Meiji តាមរចនាប័ទ្មផ្ទះបុរាណ Kyoto ។ នៅជាន់​ទីមួយ​មានបន្ទប់ផឹកតែដែលមានរៀបចំដោយតុ និងកៅអី ចំណែកឯជាន់ទីពីរមានក្រាលកន្ទេល Tatami ។ ការតុបតែងខាងក្នុងធ្វើអោយភ្ញៀវមានអារម្មណ៍ត្រឡប់ទៅសម័យ Kyoto កាលពីបុរាណ។ ក្រៅពីនេះ Soba ក្នុង​ហាង​ធ្វើពីម្សៅ Buckwheat ដែលផ្គត់ផ្គង់ដោយកសិករនៅតំបន់ Otoineppu, Hokkaido ។ កាល​ពី​មុនជាង​មាស​តែង​ប្រើ​ម្សៅ Buckwheat សម្រាប់បឺត​យក​បន្ទះ​ស្លឹក​មាស។ នោះហើយជាមូលហេតុដែល Soba ត្រូវគេទុកជាអាហារដែលទាក់ទងនឹងមាសប្រាក់ និងទ្រព្យសម្បត្តិតាំងពីបុរាណកាល។ ចំណែកឯទឹកស៊ុបយក​ពី​អណ្តូងដែលមានជម្រៅ ៥០ ម៉ែត្រ។

មុខម្ហូប និងតម្លៃមួយចំនួនមានដូចខាងក្រោម៖

Ho-rai Soba (២.១៦០ យ៉េនរួមទាំងពន្ធ)

មុខម្ហូបនេះត្រូវបានរៀបចំក្នុងប្រអប់មាន ៥ ជាន់រួមបញ្ចូលទាំងអាហារដូចជាបង្គាបំពង Tempura ពង​មាន់​ចៀន ផ្សិតជាដើម អ្នកអាចញ៉ាំប្រភេទ topping ណាមួយក៏បានតាមចិត្ត។ ម្ចាស់ហាងជំនាន់ទី ១៤ គិតឃើញមុខម្ហូប​នេះ។ សរសៃរមីត្រជាក់ចូលទៅក្នុងមាត់ រសជាតិ​ដ៏ពិសេសនៅជាប់ចុង​ច្រមុះ។ សរសៃរមីមិនទន់ហើយក៏មិនរឹងពេក​ដែរ សរសៃរមីល្មមឆ្ងាញ់គួរ​ឱ្យ​ពេញ​ចិត្ត​ណាស់ ថែម​ទាំង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់។

រូបភាព https://honke-owariya.co.jp/en/menu/

Rikyu Soba (១.១៨៨ យ៉េនរួមទាំងពន្ធ) 

នេះគឺជា Soba ស្រស់ញ៉ាំជាមួយ Tofu skin និង rikyufu (នំម្សៅចៀនជាមួយប្រេងល្ង) ជាមួយស៊ុបក្តៅ។ នេះជាម្ហូបពិសេសតាមរបៀបចម្អិនរបស់ Kyoto សាមញ្ញតែឆ្ងាញ់។

ដូច្នេះតើវាមានរសជាតិយ៉ាងណា? តោះចូរភ្លក់មួយមាត់។ បើប្រៀបជាមួយនឹង Ho-rai Soba នោះ Rikyu Soba មាន​សរសៃរ​​មីទាន់ និងស្រួយជាង បរិមាណមីសមល្មម។ ស៊ុបក្តៅមានរសជាតិបែប dashi (ទឹកស៊ុបធ្វើពីត្រីឬគ្រឿងផ្សំផ្សេងទៀត) បំពេញបន្ថែមសរសៃរមីកាន់តែល្អឥតខ្ចោះ។

រូបភាព https://honke-owariya.co.jp/en/menu/

Soba Sushi (១.០៨០ យ៉េនរួមទាំងពន្ធ)

មី Soba ជាមួយ​​ស៊ុត បន្លែ ផ្សិត ​សារ៉ាយ​សមុទ្រកាត់​ជា​ដុំ​ៗ​ដូច​ Sushi ស្នូលផ្សិត shiitake ជីវ៉ានស៊ុយជប៉ុន និង​អូមីឡែត។

អ្នកនាង Ariko Inaoka ម្ចាស់ហាងជំនាន់ទី ១៦ បានចែករំលែក៖

“អ្វីដែល​ខ្ញុំ​ត្រូវធ្វើក្នុង​នាម​ជា​ម្ចាស់​ហាងគឺរក្សា និងបន្តនូវចំណេះដឹងល្អៗ ព្រម​ទាំង​បន្ថែមកត្តាថ្មី​មួយ​ចំនួន​របស់​ខ្លួន​ចូលក្នុងហាង” ។

បន្ទាប់ពីត្រឡប់មកទីក្រុងក្យូតូវិញក្នុងនាមជាម្ចាស់ហាងនៅឆ្នាំ ២០០៩ អ្នកនាង Ariko Inaoka ធ្លាប់ធ្វើជាអ្នក​ថត​រូបរយៈពេល ១០ ឆ្នាំនៅ​ទីក្រុង​ញូវយ៉ក ធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីថតរូប។ ក្រោយ​ពេលត្រឡប់​មក​វិញគាត់​ជួយ​គ្រប់គ្រងជាមួយ​ឪពុក និង​ជីតារបស់ខ្លួន ហើយបន្តកាន់កាប់ហាងនៅ​ឆ្នាំ ២០១៤ ។

អ្នកនាង Ariko Inaoka បាន​បន្ថែម​ថា​៖ “​ដំបូង​ឡើយការងារពិតជាពិបាកព្រោះនៅមានចំណុចជាច្រើនត្រូវរៀន។ យ៉ាង​ណា​មិញថ្មីៗ​នេះខ្ញុំពិត​ជា​ចាប់​ផ្ដើម​រីករាយ​នឹង​ការងារ​នេះ” ។ Ariko Inaoka និយាយថានាងចូលចិត្តរចនាការ​វេច​ខ្ចប់ និងឯកសារផ្សាយពាណិជ្ជកម្មភោជនីយដ្ឋាន ក៏ដូចជាបញ្ចេញគំនិតថ្មីៗសម្រាប់ផលិតផលដែលបញ្ចូលតម្លៃ​ប្រពៃណី​ទៅអោយភោជនីយដ្ឋាន។ យោងតាម Ariko Inaoka ម្ចាស់ហាង Honke Owariya ម្ហូបត្រូវគេស្គាល់ច្រើន​បំផុតគឺមី Soba ប៉ុន្តែហាងនៅតែបន្តផ្តោតលើប្រភេទនំស្ករបែបប្រពៃណីរហូតមកដល់ពេលនេះដូច​ជា Soba mochi និង Soba បែបលោកខាងលិច (ល្បាយស៊ុតអាំង ស្ករ ម្សៅ buckwheat) ។

នំ Soba mochi (Soba Rice cake)

រូបភាព https://honke-owariya.co.jp/en/sweets/

ពេលវេលាកន្លងផុតទៅរបស់របរមួយចំនួនក្នុងហាងបានផ្លាស់ប្តូរ ខ្លះមិនប្រែប្រួល នៅតែរក្សាបាននូវលក្ខណៈចាស់​ដដែល​ដូចជាបរិយាកាសភោជនីយដ្ឋាន។ ទន្ទឹមនឹងនេះជាការច្នៃបន្ថែមអោយស្របតាមសម័យកាល។

ពិតជាគួរអោយស្តាយបើអ្នកទៅ Kyoto តែមិនបានចូលហាងទទួលទាន Soba ដែលឆ្ងាញ់បំផុតនៅហាង Honke Owariya ។

ហាងបើកពីម៉ោង ១១ៈ០០ ដល់ ១៧ៈ០០ ជារៀងរាល់ថ្ងៃ។

ដោយឡែក​តូប​លក់​នំផ្អែម​ពី​ម៉ោង ​៩​ ព្រឹក ​បិទទ្វារនៅ​ថ្ងៃទី​ ១ និងថ្ងៃ​ទី ​២ ខែមករា ជា​រៀងរាល់ឆ្នាំ​។

អាស័យដ្ឋាន៖ 322 Tsukinukecho, Nioomon, Nijo Sagaru, Kurumaya-cho Dori, Nakagyo-ku, Kyoto-shi, Kyoto ។

គេហទំព័រ៖ https://honke-owariya.co.jp/en/menu/

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: