ត្រូវមើលងាយជាង ៤ ឆ្នាំស្ត្រីជនជាតិកូរ៉េរស់នៅ Kawasaki ប្តឹងទារសំណងជំងឺចិត្ត
លោកស្រី Choi Kang Ija អាយុ ៤៨ ឆ្នាំជនជាតិកូរ៉េរស់នៅ Kawasaki បានដាក់ពាក្យប្តឹងបុរសអាយុ ៤០ ឆ្នាំម្នាក់ដែលរស់នៅតំបន់ភាគខាងជើង Kanto ទាមទារសំណងចំនួន ៣,០៥ លានយ៉េនថ្លៃជំងឺចិត្តព្រោះតែការរើសអើង ដែលធ្វើអោយខូចកេរ្តិ៍ឈ្មោះរបស់គាត់លើបណ្ដាញសង្គមជាង ៤ ឆ្នាំមកហើយ។
តាមការចោទប្រកាន់ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៦ បុរសម្នាក់នេះបានចង្អុលបង្ហាញលោកស្រី Choi ក្នុងអត្តបទដែលបង្ហោះនៅលើ Blog ផ្ទាល់ខ្លួនជាមួយនឹងខ្លឹមសារ “អ្នកដែលមកពីប្រទេសសត្រូវនឹងជប៉ុន ចូរត្រឡប់ទៅផ្ទះវិញទៅ” ។ បន្ទាប់ពីត្រូវលោកស្រី Choi រាយការណ៍ការខូចខាតខណៈពេលនោះ គាត់បានលុបការបង្ហោះនោះ ប៉ុន្តែរហូតមកដល់ខែតុលា ឆ្នាំ ២០២០ បុគ្គលនេះបន្តនិយាយបង្កាច់បង្ខូចនៅលើ Blog ឬ Twitter ដោយហៅលោកស្រី Choi ថាជា “អ្នកចាំសុំប្រាក់” “អាជីវកម្មជនរងគ្រោះ” ។
រូបភាព Yomiuri
នៅខែមីនា ឆ្នាំ ២០១៦ ពេលដែលបញ្ហា Hate speech (ពាក្យសម្តីវាយប្រហារ បង្កការស្អប់ខ្ពើមសំដៅលើបុគ្គលណាមួយ) ជាមួយនឹងខ្លឹមសាររើសអើងជាតិសាសន៍បានក្លាយជាបញ្ហាដែលសង្គមចាប់អារម្មណ៍ លោកស្រី Choi ត្រូវបានអញ្ជើញទៅកាន់សភាជប៉ុនក្នុងនាមជាសាក្សី។ នៅទីនេះគាត់ត្អូញត្អែរអំពីការខូចខាតដែលខ្លួនបានទទួលដោយសារទង្វើនេះ។ អត្តបទបង្ហោះដែលមានខ្លឹមសារបង្ខូចកេរ្តិ៍បានចាប់ផ្តើមបន្ទាប់ពីព្រឹត្តិការណ៍នោះ។
「ネット上のヘイト野放しにしない社会に」 在日コリアン女性が提訴 オリジナル版(05:54)→https://t.co/cL0DeLx3EO pic.twitter.com/Cr6CMsnvLW
— 毎日新聞映像グループ (@eizo_desk) November 18, 2021
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Choi បាននិយាយថា “ប្រសិនបើទង្វើបង្ហោះអត្តបទបរិហារកេរ្តិ៍ត្រូវចាត់ទុកថាខុសច្បាប់ នេះនឹងក្លាយជាកម្លាំងជម្រុញយ៉ាងខ្លាំងក្នុងប្រតិបត្តិការបទប្បញ្ញត្តិ និងច្បាប់ដើម្បីលុបបំបាត់ការរើសអើង” ។ លើសពីនេះគាត់ក៏និយាយផងដែរថាខ្លួននឹងកំណត់អត្តសញ្ញាណ ហើយប្តឹងគណនីផ្សេងទៀតដែលមានការបង្ហោះរើសអើង ដែលមិនមែនមកពីបុរសនេះផងដែរ។
Sacchan