ក្នុងសង្គមជប៉ុនសព្វថ្ងៃ តើបុរស និង​ស្រ្តី​អ្នក​ណា​ពិបាក​ជាង?

នៅបណ្តាប្រទេសជាច្រើន រួមទាំងជប៉ុនមានការបែកចែកយេនឌ័រយ៉ាងច្បាស់។ ទស្សនៈរបស់​ជប៉ុន​យល់​ថា៖

“ក្នុងនាមជាបុរសត្រូវចេញក្រៅធ្វើការ

ធ្វើជាស្ត្រីនៅផ្ទះថែទាំគ្រួសារ”

ទស្សនៈនេះផ្ទុយនឹងគំនិតសមភាព។

នៅសម័យក្រោយសង្គ្រាមរឿងសមភាពយេនឌ័រត្រូវបានលើកឡើងម្តងទៀត ស្រ្តីអាចចូលរួមក្នុងសង្គម អាចធ្វើការងារដូចជាបុរស។

ដំបូងឡើយមានមនុស្សជាច្រើនដែលភាគច្រើនជាបុរសមិនចូលចិត្តការផ្លាស់ប្តូរ ប៉ុន្តែនៅពេលដែលសម័យកាលឆ្ពោះ​ទៅ​មុខ ស្រ្តីខិតខំប្រឹងប្រែងធ្វើការរកប្រាក់បានក្លាយជារឿងធម្មតា។

បុរស ​និង​ស្ត្រី​មាន​ភាព​ស្មើគ្នា​ក្នុង​ការងារ និងគ្រួសារ។

លើកលែងតែភរិយាជ្រើសធ្វើជាស្ត្រីមេផ្ទះ សព្វថ្ងៃភាគច្រើនប្តីប្រពន្ធចេញទៅធ្វើការទាំងពីរ។ ព្រោះតែប្រពន្ធក៏​រវល់​នឹង​ការងារ​ ដូច្នេះការងារផ្ទះត្រូវចែកគ្នាធ្វើ។

ការងារ​ផ្ទះ​​រួម​មាន​​សម្អាតផ្ទះបាយ បោកសម្លៀកបំពាក់ បោសសម្អាត មើលថែកូនជាដើម។

មានរឿងមួយចំនួនខ្ញុំគិតថា ពិបាកសម្រាប់បុរស ប៉ុន្តែការងារដូចជាធ្វើម្ហូប បោកគក់ សម្អាតជាដើម មិន​បែង​ចែក​បុរស​ស្រ្តីនោះទេ នរណាក៏អាចធ្វើបានដែរ។

ថ្មីៗនេះមានការស្ទង់មតិមួយត្រូវបានធ្វើឡើងដែលបង្ហាញថា បុរសពិបាករស់នៅក្នុងសង្គមសម័យនេះជាជាងស្រ្តី។ ការស្ទង់មតិនេះក៏សង្ខេបបញ្ហារបស់បុរស ក៏ដូចជារឿងដែលបុរសច្រណែននឹងស្ត្រីផងដែរ។

១. សេវាកម្មជាច្រើនសម្រាប់ស្ត្រី

នៅតំបន់ស្ថានីយ៍រថភ្លើងក្នុងទីក្រុង អ្នកតែងតែមើលឃើញរថភ្លើងសម្រាប់តែស្រ្តី។

អំឡុងពេលដែលមានមនុស្សច្រើន នៅលើរថភ្លើងតែងកើតមានករណីបំពានផ្លូវភេទ ដែលជនរងគ្រោះច្រើនតែជា​ស្រ្តី នោះហើយជាមូលហេតុដែលស្ត្រីត្រូវជិះរថភ្លើងសម្រាប់ស្រ្តី។

បុរសជាច្រើនច្រណែនពីព្រោះរថភ្លើងសម្រាប់ស្រ្តីទាំងនេះច្រើនតែមានកៅអីទំនេរ ហើយថែមទាំងនៅជិត​ជណ្តើរ​ផង​ដែរ។

ជួបអ្នកបំពានផ្លូវភេទនៅលើរថភ្លើងជារឿងដែល​មិន​មាន​នរណា​ម្នាក់​ចង់​នោះ​ទេ ប៉ុន្តែចំពោះបុរសដែលកំពុងប្រញាប់ ​បើ​ឡើងរថភ្លើងច្រឡំពិតជាទើស​ទាល់​ណាស់។ ជាការពិតណាស់​រថភ្លើង​សម្រាប់​តែ​បុរស​មិន​អាច​មានឡើយ។

លើសពីនេះភោជនីយដ្ឋានជាច្រើននៅក្នុងប្រទេសជប៉ុនមានសេវាកម្មសម្រាប់តែស្ត្រីដូចជា Ladies day ឬ Ladies set ។ ក្រៅពីសេវាកម្មបញ្ចុះតម្លៃ មិនងាយនឹងរកឃើញកញ្ចប់ពិសេសដែលសម្រាប់តែបុរសនោះទេ។ បុរសជនជាតិជប៉ុនជាច្រើនច្រណែននឹងស្រ្តីព្រោះក្នុងឈុតអាហាររបស់ស្រ្តីនៅភោជនីយដ្ឋានមានបង្អែមឬសាឡាដ។ ខ្ញុំផ្ទាល់មាន​តែ​សាច់ បង្អែម និងសាឡាដទុកសម្រាប់ស្ត្រីទៅចុះ។

២. បញ្ហាបៀតបៀនផ្លូវភេទ

ថ្មីៗនេះទូរទស្សន៍តែងចុះផ្សាយព័ត៌មានប្តឹងផ្តល់ទាក់ទងនឹងករណីបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ ជាទូទៅថ្នាក់លើ​ត្រូវ​គេ​ប្តឹង​ពី​បទ​បៀតបៀន​បុគ្គលិក បន្ទាប់​មក​ត្រូវ​បាត់បង់​តំណែង​នៅ​ក្រុមហ៊ុន។

ជាការពិតមនុស្សគ្រប់រូបដឹងអំពីច្បាប់មូលដ្ឋានមិនត្រូវនិយាយអ្វីដែលធ្វើឱ្យអ្នកដទៃមិនស្រួលនោះទេ។ ប៉ុន្តែចំពោះ​ករណី​ប្រទេសជប៉ុនក៏កើតចេញពីអារម្មណ៍​ប្រតិកម្ម​ជ្រុល។

មិនត្រឹម​តែប៉ុណ្ណឹង ស្រ្តីជាច្រើនត្អូញត្អែរថា ពួកគេត្រូវថ្នាក់លើប្រុសបៀតបៀននៅកន្លែងធ្វើការ ទោះបីជាថ្នាក់លើស្រីប្រើពាក្យជេរប្រមាថបុគ្គលិកប្រុស ពេលខ្លះក៏ស្ថិតក្នុងករណីបៀតបៀនផ្លូវភេទដែរ ប៉ុន្តែស្ទើរតែគ្មានរឿងប្តឹងផ្តល់​បែប​នេះ​ទេ។

ជាការពិតណាស់មនុស្សគ្រប់រូបដឹងថាសមភាពយេនឌ័រគឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនមែនគ្រប់គ្នាយល់ច្បាស់ថាសម​ភាព​​​យេន​ឌ័រ​​ជាអ្វីនោះទេ។ ឧទាហរណ៍ប្រយោគដូចជា “ក្នុងនាមជាបុរសរឿងប៉ុណ្ណឹងមិនជាអ្វីទេ ត្រូវទ្រាំ” ក៏ជាវិសមភាពផងដែរ។

៣. ក្នុងនាមជាបុរសត្រូវ? ក្នុងនាមជាស្រ្តីត្រូវ?

តាំងពីបុរាណកាលមក ជប៉ុនជាប្រទេសមួយដែលមានការបែងចែកយ៉ាងច្បាស់លាស់រវាងកាតព្វកិច្ចយេនឌ័រក្នុងសង្គម។ ក្នុងនាមជាបុរសត្រូវរឹងមាំជាងនរណាទាំងអស់ ត្រូវតែការពារមនុស្សដែលសំខាន់ មិនត្រូវនិយាយថា “មិនអាច” នោះទេ ទើបអាចចាត់ទុកជាបុរសពិតបាន។

ផ្ទុយ​ទៅ​វិញធ្វើ​ជា​ស្ត្រី​ត្រូវ​តែ​ទន់ភ្លន់ ជា​ស្ត្រី​មេផ្ទះ ស្ត្រីគំរូបែបនេះគេហៅថា 大和撫子 (Yamato nadeshiko) ។ ទោះជាយ៉ាងណា ស្ត្រីក្នុង​សង្គម​សម័យ​នេះ​ពេល​ឈាន​ជើងចូលសង្គមបានផ្លាស់ប្តូរទស្សនៈ។ មនុស្ស​ជា​ច្រើន​គិត​ថា “ពួកខ្ញុំក៏អាចធ្វើការមិនចាញ់បុរស” ឡើយ។

ជាការពិតណាស់ស្ត្រីជាច្រើនប្រឆាំងនឹងការគិតនេះ ប៉ុន្តែពួកគេនៅតែមានការកោតសរសើរចំពោះស្ត្រីដែលមានគំនិតបែបនេះ។

ផ្ទុយនឹងការវាយតម្លៃវិជ្ជមានចំពោះស្រ្តីក្នុងសង្គម រហូតមកដល់ពេលនេះ អាកប្បកិរិយាចំពោះបុរសដែលស្រដៀងនឹងស្ត្រីភាគច្រើនអវិជ្ជមាន។

ប្រពន្ធមិត្តរបស់ខ្ញុំជាគ្រូពេទ្យម្នាក់ ដូច្នេះនាងជាអ្នករកប្រាក់ ចំណែកឯមិត្តរបស់ខ្ញុំធ្វើការងារផ្ទះ។ យោងទៅតាមទស្សនៈប្រពៃណី គ្រួសារបែបនេះបានផ្លាស់ប្តូរតួនាទី ប៉ុន្តែបើនិយាយពីសង្គមសមភាពយេនឌ័រ នេះក៏ជារឿងធម្មតា​ដែរ។

យ៉ាងណាមិញមិត្តរបស់ខ្ញុំតែងតែត្រូវចំអកថា “គួរអោយអាណិតណាស់ ក្នុងនាមជាបុរសបែរជាត្រូវធ្វើរឿងចឹងៗ” ។

ខ្ញុំ​គិត​ថា​មិនជាបញ្ហា​ទេ​ប្រសិន​បើ​ប្ដី​ប្រពន្ធ​គេសម្រេច​ចិត្ត​បែប​នេះ។

កាលពីមុនយើងគិតថាបុរស និងស្ត្រីមានភាពខុសគ្នាមិនត្រឹមតែរូបរាង គំនិតប៉ុណ្ណោះទេ។ ប៉ុន្តែសព្វថ្ងៃនេះដោយ​សារ​តែ​វត្តមាន​របស់សហគមន៍ LGBTQ យើងឈានចូលយុគសម័យថ្មីដោយគំនិតថាបុរស និងស្ត្រីមិនអាច​បែង​ចែក​ដូច​ពី​មុន​បាន​ទេ។

សន្និដ្ឋាន

រឿង​ដែល​បុរស ​និង​ស្ត្រី​ត្រូវ​ធ្វើ​បែប​នេះ បែបនោះ គឺ​ហួស​សម័យ​ហើយ​ក្នុង​សង្គម​បច្ចុប្បន្ន។ ការ​ប្រព្រឹត្ត​ដូច​គ្នាខណៈ​ដែល​​​រាង​កាយ​​ខុស​គ្នា​​ក៏ត្រូវ​ចាត់​ទុក​ថា​មិន​សម​ហេតុផល​ដែរ។

ត្រង់ចំណុចនេះសមភាពយេនឌ័រផ្តោតលើបុរស ស្ត្រីយោគយល់ និងជួយគ្នាទៅវិញទៅមក ទទួលស្គាល់បុគ្គលម្នាក់ៗដោយមិនមែនផ្អែកលើយេនឌ័រនោះទេ។ ខ្ញុំគិតថាចំណុចនេះកាន់តែសំខាន់។

ទោះ​បី​ជា​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​ក៏​ដោយទាំង​បុរស និង​ស្ត្រី​តែងតែមានចំណុចដែល​ត្រូវ​ត្អូញត្អែរ​ចំពោះយេនឌ័រ ក្រៅពីនោះគ្មានអ្វីផ្លាស់ប្តូរនោះទេ។

“គាត់​ជា​បុរសទើបដូច្នេះ មិន​យល់​អ្វី​ទាំងអស់” ឬ “ក្នុង​នាម​ជា​ស្ត្រីកុំ​ជ្រៀតជ្រែក​កិច្ចការ​បុរស” គំនិត​បែប​នេះ​ប្រហែល​ជា​​ស្ថិត​ស្ថេរ​​ជា​​និរន្តរ៍ និង​ជា​រៀងរហូត​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: