សោកនាដកម្មដែលកើតឡើងចំពោះកូនរបស់ Yakuza តើអនាគតនឹងទៅជាយ៉ាងណា?

វត្តមានរបស់ Yakuza គឺជាតំណាងនៃ “សង្គមងងឹត” របស់ប្រទេសជប៉ុន។

ប៉ុន្តែនៅថ្ងៃណាមួយវត្តមាននេះនឹងក្លាយទៅជាអតីតកាល ព្រោះ Yakuza កំពុងរលាយបាត់ពីសង្គមបន្តិចម្តងៗ។ នៅពេលដែលប៉ូលីសអនុវត្តវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង សហគមន៍ Yakuza បាត់បង់វត្តមាន។ បច្ចុប្បន្នចំនួន Yakuza ធ្លាក់នៅសល់តែ ២៥,៩០០ នាក់ប៉ុណ្ណោះ។

Yakuza រកប្រាក់តាមវិធីផ្សេងៗគ្នាជាច្រើន ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប៉ូលីសក្នុងការលុបបំបាត់ Yakuza នេះ។ សព្វថ្ងៃជនសង្គមងងឹតជប៉ុនមិនត្រឹមតែមិនអាចរកស៊ី មិនអាចខ្ចីប្រាក់ ហើយថែមទាំងមិនអាច​រក​កន្លែង​ស្នាក់​នៅផងដែរ។

រហូតមកដល់ពេលនេះដើម្បីរស់រានមានជីវិត Yakuza ជាច្រើនជ្រើសជួញដូរសារធាតុហាមឃាត់ដើម្បីរកប្រាក់។

ប៉ុន្តែ​រឿង​រ៉ាវលើក​នេះ​មិន​មែន​និយាយ​ពី​ Yakuza នោះទេ តែ​និយាយ​ពី​កូន​ស្រី​របស់​ពួក​គេ ជីវិតដែលត្រូវឪពុកម្តាយរបស់ខ្លួនបំផ្លាញ។

សារធាតុហាមឃាត់មានច្រើនប្រភេទពីកម្រិត “ស្រាល” ទៅ “ធ្ងន់”។ នៅប្រទេសជប៉ុនមនុស្សប្រមាណ ២,១៦ លាននាក់ប្រើប្រាស់សារធាតុហាមឃាត់ ហើយការលក់ថ្នាំបែបនេះអាចឈានដល់រាប់រយពាន់លានយ៉េនក្នុងមួយឆ្នាំៗ។ នេះ​ជា​ផ្នែក​មួយទាក់ទាញ Yakuza ដែលដើរផ្លូវទាល់។

មនុស្សជាច្រើនមិនត្រឹមតែជួញដូរប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់គ្រឿងញៀនទៀតផង។

រូបភាព https://toyokeizai.net/articles/-/392149

ដោយមូលហេតុ​មិនដឹងពីគុណភាពផលិតផលលក់មិនបាន ដូច្នេះ Yakuza ចាប់ផ្តើមសាកថ្នាំ។ ដំបូងឡើយចំនួន​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែក្រោយមកបរិមាណកាន់តែច្រើនឡើងៗ ពីថ្នាំស្រាលពួកគេសាកប្រភេទធ្ងន់ជាងនេះ។

មិនត្រឹម​តែប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះទេ Yakuza ជាច្រើនក៏ធ្វើអោយពាក់ព័ន្ធគ្រួសារ។ នៅ​ទី​បំផុតគ្រឿង​ញៀន​បាន​បំផ្លាញ​គ្រួសាររបស់ពួកគេ។

នេះជារឿងជាក់ស្តែងនិយាយពីមនុស្សស្រីរបស់ Yakuza ។ មនុស្សដំបូងសូមមអនុញ្ញាតហៅថា A ។

កញ្ញា A ជា​កូន​ស្រី​របស់​ Yakuza ដែល​នៅ​ក្នុង​សមាគម​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ Kanagawa។ អង្គការនេះមានជំនាញ​ក្នុង​ការរត់ពន្ធគ្រឿងញៀន ហើយលក់អោយប្រជាជនសាមញ្ញ។ ក្នុងចំណោមភ្ញៀវមួយចំនួនដែលញៀន​ថ្នាំ ​ក៏​មាន​អ្នក​ខ្លះទើបតែ​ចាប់​ផ្តើម​ប្រើថ្នាំដើម្បី​បង្កើន​ភាព​ស្រើបស្រាល​ខាង​ផ្លូវ​ភេទ (キメセク – kimeseku) ដែរ។

***នៅក្នុងឃ្លា キメセク – kimeseku, “kime” សំដៅលើការប្រើថ្នាំ ចំណែកឯ “seku” ជាអក្សរកាត់របស់ sekkusu សំដៅលើការរួមភេទ។ Kimeseku គឺជាទង្វើប្រើថ្នាំដើម្បីបង្កើនភាពរីករាយក្នុងពេលរួម​ភេទ។

ដោយសារតែឪពុករបស់ A លក់ថ្នាំ ដូច្នេះ A មានឱកាសច្រើនក្នុងការសាកថ្នាំ គោលបំណងរបស់នាងគឺ Kimeseku ។ មូលហេតុដែល A មានគំនិតបែបនេះព្រោះតែកាលពីក្មេង ឪពុកម្តាយរបស់នាងតែងតែរួមភេទពីព្រឹកដល់យប់ក្នុង​ស្ថានភាពស្មារតី​ស្រើបស្រាល។ ដំបូងឡើយ A ធុញទ្រាន់នឹងរស់នៅក្នុងផ្ទះបែបនោះ នាងតែងតែយកម៉ាសុីន Game ខ្នាតតូចចេញទៅឧទ្យាន ហើយអង្គុយលេងពេញមួយថ្ងៃនៅទីនោះ។ រហូតដល់ល្ងាចយប់ពេលដែលឃ្លានខ្លាំងទ្រាំ​លែង​បាន A បង្ខំចិត្តត្រឡប់ទៅផ្ទះវិញ ជាកន្លែងដែលមានតែឪពុក និងម្តាយបែបនេះ។

ជារឿយៗម្តាយរបស់នាងបាត់បង់ស្មារតី ហើយបត់ជើងបាត់បង់ម្ចាស់ការ។ ចំណែកឯឪពុក​របស់​នាង​ទ្រាំនឹងជំងឺភ័ន្តអារម្មណ៍ គាត់តែងតែយល់ថាត្រី​បា​ឡែ​ននឹង​វាយប្រហារ​ខ្លួន។

ព្រោះតែនាង​មិន​ចង់​ឃើញ​មុខ​ឪពុក​ម្តាយ តាំង​ពី​ពេលរៀន​​បឋម A ព្យាយាម​នៅ​ឆ្ងាយ​ពី​ផ្ទះ​ និងសាលា។

A ស្នាក់នៅផ្ទះមិត្តភក្តិ និង Sempai រហូតដល់នាងរៀនចប់មធ្យមសិក្សា ប៉ុន្តែអ្នកដែលអនុញ្ញាតឱ្យនាងស្នាក់នៅសុទ្ធ​តែ​ជា​ក្រុម​មនុស្សចម្លែកមិនព្រមទៅសាលាឬក៏រស់នៅក្នុងគ្រួសារដែលបែកបាក់។

ដោយធ្លាក់ក្នុងស្ថានភាពនេះ A បានងាកទៅរកថ្នាំដូចជាការសង្គ្រោះជីវិតរបស់ខ្លួន។

ម្យ៉ាងវិញទៀតម្តាយរបស់នាងមិនត្រឹមតែត្រូវថ្នាំធ្វើអោយវង្វេងស្មារតី សូម្បីតែបុគ្គលិកលក្ខណៈក៏ត្រូវបំផ្លាញ រហូតដល់បង្វែរប្រាក់ក្រុម និងបង្កកំហុសយ៉ាងធ្ងន់។ ចាប់​តាំង​ពី​ពេល​នោះ​ឪពុក​របស់ A ​បោះបង់​ចោល​ម្ដាយ A ចាក​ចេញ​​ពី​ផ្ទះ​ទៅ​ប្រទេស​កូរ៉េ ហើយ​រៀបការ​ជាមួយ​អ្នក​ផ្សេង។

មួយខែក្រោយមក ម្តាយរបស់នាងត្រូវប៉ូលីសចាប់ខ្លួន។

ពីពេលនោះ A បាត់បង់ផ្ទះ តាំងពីអាយុ ១៦ ឆ្នាំនាងចាប់ផ្តើមធ្វើការនៅបារក្នុងតំបន់ Kabuki-cho, Shinjuku ។ ក្នុងវ័យនេះពិបាករកការងារធ្វើណាស់ ទោះបីជា A និយាយកុហកយ៉ាងណាក៏រូបរាងរបស់នាងមើលទៅគ្រាន់តែជាអនីតិជនអាយុ ១៦ ឆ្នាំប៉ុណ្ណោះ។ កន្លែង​ដែល​ផ្តល់​ការងារ​ឱ្យ​នាងពាក់ព័ន្ធនឹង​ក្រុម Yakuza ។ ដើម្បីការពារខ្លួននាងត្រូវទំនាក់ទំនងជាមួយ Yakuza ដែលជាអ្នកញៀនថ្នាំម្នាក់។ A តែងតែត្រូវបុរស​ម្នាក់​នេះ​ធ្វើ​បាប​ រំលោភ រហូតសម្រាល​កូន ​៣ ​នាក់។

ទោះបីជាស្អប់ Yakuza ប៉ុន្តែមានតែនៅជាមួយ Yakuza ទើប A អាចរស់បាន។

រឿង​ទី​ពីរ​ជារឿងរបស់នារី​ម្នាក់​ទៀត​ដែលអាចហៅបណ្ដោះ​អាសន្នថា B ។

B កើតនៅ Tachikawa ជាយក្រុងតូក្យូ ឪពុករបស់នាងជាសមាជិកក្រុម Yakuza ។ មុខតំណែងរបស់លោកទាបជាង​គេ ដូច្នេះគាត់ទទួលខុសត្រូវលក់គ្រឿងញៀនដោយផ្ទាល់។ ម្តាយរបស់ B ជួយឪពុកនាងក្នុងការងារ យូរៗទៅផ្ទះ​ដែល​នាង​រស់នៅក្លាយជាកន្លែងជួញដូរខុសច្បាប់។

ឪពុកម្តាយរបស់ B បែរជាមិនលាក់បាំងអ្វីទាំងអស់ ថ្វីត្បិតតែ B នៅតូចនៅឡើយ។ ទោះជាបើកលក់ថ្នាំញៀននៅចំពោះមុខកូន ក៏ពួកគេខ្លាចដែរថា ប្រសិនបើពួកគេធ្វើសកម្មភាពលក់នៅកន្លែងជាក់លាក់ណាមួយ ប៉ូលីសនឹងចាប់បាន។ ដូច្នេះហើយបានជាពួកគេប្រើកាបូបទៅរៀនរបស់ B សម្រាប់ផ្ទុកថ្នាំញៀន។ មានន័យថា B នឹងនាំយកបរិមាណ​ថ្នាំ​ញៀនជាច្រើនទៅសាលារៀន នៅពេលនោះ B ទើបតែរៀនបឋមសិក្សាប៉ុណ្ណោះ។

ជារៀងរាល់ថ្ងៃដោយឃើញមនុស្សធំទិញលក់ថ្នាំញៀនយ៉ាងសប្បាយរីករាយជុំវិញខ្លួន B នៅតូចពេកមិនដឹងថាទង្វើនោះខុសទេ។ ជាការពិតនាងចាប់អារម្មណ៍ និងប្រើប្រាស់គ្រឿងញៀន។

ក្នុងចំណោមកូនរបស់ Yakuza ខ្លះអស់សង្ឃឹម និងស្អប់ខ្ពើមឪពុកម្តាយរបស់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណាពួកគេគ្មានជម្រើសអ្វីក្រៅពីដើរតាមគន្លងរបស់ឪពុកម្តាយដែលអាក្រក់ទាំងនោះ។ ក៏មានក្មេងមួយចំនួនមិនដឹងអ្វីទាំង​អស់ ឆោតល្ងង់ដើរតាមផ្លូវអាក្រក់ខណៈដែលខ្លួនមិនមានឳកាសដឹងខុសត្រូវផង។

បើទោះជាសង្គមនេះប្រឆាំងនឹងក្រុម Yakuza ក៏ខ្ញុំនៅតែសង្ឃឹមថានឹងមានវិធីជួយសង្រ្គោះកុមារទាំងនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: