សម័យកាលដែលទូរស័ព្ទ និងបណ្ដាញសង្គមមិនទាន់ពេញនិយម ប្រជាជនជប៉ុនប្រើលេខសម្រាប់ផ្ញើសារ
៤៩១០៦
តើអ្នកអាចអានលេខទាំងនេះជាភាសាជប៉ុនបានទេ?
ទោះបីជាអ្នកចេះភាសាជប៉ុន ប៉ុន្តែភាគច្រើនជនបរទេសមិនដឹងថាជួរលេខទាំងនេះមានន័យអ្វីឡើយ។ នេះជាវប្បធម៌របស់ជនជាតិជប៉ុនដែលហៅថា 語呂合わせ (goroawase) – លេងពាក្យដោយប្រើលេខ។
លេខនីមួយៗអាចត្រូវបានជំនួសដោយពាក្យមួយនៅក្នុងភាសាជប៉ុន ដូច្នេះពេលផ្គុំបង្កើតបានជាប្រយោគមានន័យ។ ហេតុតែភាសាជប៉ុនអាចធ្វើបានដូច្នេះ ព្រោះតែលេខមួយក្នុងភាសាជប៉ុនមានវិធីច្រើនក្នុងការអាន។
ឧទាហរណ៍លេខ ១ អាចអានថា Ichi ឬ hitotsu ។ល។
ចំពោះការណែនាំលេខ ៤៩១០៦ មានន័យថា 至急TEL (shikyuu Tel) – មានរឿងបន្ទាន់ សូមទូរស័ព្ទមកភ្លាម។
អក្សរសម្ងាត់នៃជួរលេខទាំងនេះគេប្រើលើម៉ាសុីនក្នុងរូបភាពខាងក្រោម។ តើអ្នកធ្លាប់ឃើញម៉ាសុីនបែបនេះទេ?
នេះគឺជា Pocket Bell ក្នុងភាសាជប៉ុនគេនិយមហៅថា Pokeberu ។
ដោយប្រើម៉ាស៊ីននេះ អ្នកអាចផ្ញើសារទៅកាន់អ្នកដទៃដោយប្រើលេខ។ មុនពេលទូរស័ព្ទពេញនិយម វាជាមធ្យោបាយទំនាក់ទំនងរបស់ប្រជាជនជប៉ុន។
ប្រសិនបើអ្នកចង់ស្នើអោយបុគ្គលិកដែលកំពុងធ្វើការនៅខាងក្រៅទូរស័ព្ទបន្ទាន់ សូមផ្ញើលេខ ៤៩១០៦ ចូលទៅក្នុង Pokeber របស់ពួកគេ។ បន្ទាប់មកបុគ្គលនេះនឹងទូរស័ព្ទអោយអ្នកតាមទូរស័ព្ទសាធារណៈ។
មនុស្សជាច្រើនយល់ថាងាយក្នុងការប្រើលេខ ពួកគេថែមទាំងប្រើសម្រាប់ផ្ញើសារឯកជនទៅមកផងដែរ។ ចាប់តាំងពីពេលនោះមកចំនួនតួលេខកើនឡើង។
ដូច្នេះតោះចូរធ្វើ Quiz ងាយៗជាមួយនឹង JAPO ។
ទាយអត្តន័យតួលេខខាងក្រោមនេះ៖
០៨៣៣
០៤៥១០
១០១០៥
១៩៤
១១៤១០៦
៣៣៤១៤
៤២៨
៥០០៧៣១
ប្រសិនបើអ្នកយល់មួយជួរក្នុងចំណោមលេខទាំងនេះ អ្នកនឹងធ្វើអោយជនជាតិជប៉ុនដែលកើតក្នុងសម័យ Showa មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តោះចូរមើលចម្លើយទាំងអស់គ្នាណា!!!
០៨៣៣ おやすみ – Oyasumi ៖ រាត្រីសួស្តី
០៤៥១០ お仕事 – Oshigoto ៖ ការងារ
១០១០៥ 今、どこ?- Ima, doko? ៖ កំពុងនៅឯណា?
១៩៤ 行くよ – Iku yo ៖ ទៅតើ
១១៤១០៦ 愛してる – Aishiteru ៖ ស្រឡាញ់អូន/បង
៣៣៤១៤ さみしいよ – Samishi yo ៖ មិនសប្បាយចិត្តទេ
៤២៨ 渋谷 – Shibuya
៥០០៧៣១ごめんなさい – Gomennasai – សុំទោស
ប្រាកដជាអ្នកគិតថាទូរស័ព្ទនិយាយគ្នាល្អជាង មិនចាំបាច់បង្កើតលេខនាំតែពិបាក។ ប៉ុន្តែនៅពេលដែលសម័យកាលប្រើទូរស័ព្ទមិនទាន់ពេញនិយម ប្រសិនបើអ្នកចង់ទាក់ទងទៅកាន់នរណាម្នាក់ពេលពួកគេកំពុងរវល់ អ្នកអាចផ្ញើសារដូចនេះ។
លើសពីនេះ Pokeberu ប្រើសម្រាប់តែទទួលសារប៉ុណ្ណោះ។ បើចង់ផ្ញើសារ អ្នកត្រូវប្រើទូរស័ព្ទនៅផ្ទះ ឬទូរសព្ទសាធារណៈ។
មនុស្សសម័យ Showa តែងតែសុំលេខ Pokeberu របស់ភាគីសម្រាប់គោលបំណងការងារ ប៉ុន្តែបែរជាផ្ញើសារចែចង់ទៅវិញ។ ដោយសារខ្ញុំពិតជាស្អប់ទង្វើនេះ ដូច្នេះពេលនោះខ្ញុំមិនប្រើ Pokeberu ទេ។
ក្រោយមក Pokeberu ក៏ត្រូវបានកែសម្រួលសម្រាប់ទទួលសារជាអក្សរ ប៉ុន្តែរបៀបប្រើស្មុគស្មាញណាស់។ ឧទាហរណ៍អ្នកផ្ញើអាចប្រើតែអក្សរនៅលើទូរស័ព្ទ ដូច្នេះប្រសិនបើអ្នកចង់វាយអក្សរ អ្នកត្រូវចាំរបៀបវាយដូចតារាងខាងក្រោម។
ក្នុងករណីចង់ផ្ញើខ្លឹមសារដូចតទៅ 愛してる (Aishiteru) អ្នកត្រូវវាយ ១១១២៣២៤៤៩១ ។ នៅពេលនោះលើម៉ាសុីន Pokeberu របស់អ្នកទទួលនឹងបង្ហាញតួអក្សរ あいしてる (Aishiteru) ។
អ្នកទទួលគ្មានអ្វីពិបាកនោះទេ ប៉ុន្តែចំពោះអ្នកផ្ញើវិញ បើមិនទាន់ស្ទាត់ប្រហែលជាមិនស្រួលឡើយ។
មិនត្រឹមតែប៉ុណ្ណឹងពេលផ្ញើសារតាមទូរសព្ទដៃ ទោះបីជាអ្នកវាយពាក្យពីរបីខុសក៏អ្នកទទួលអាចនឹងយល់អ្នកចង់និយាយអ្វីដែរ។ ប៉ុន្តែការវាយដូចនេះគ្រាន់តែភ្លេចមួយលេខ ឬចុចលេខពីរដង សារដែលផ្ញើទៅប្រាកដជាមិនយល់។
ដូច្នេះបានជា Pokeberu ត្រលប់ទៅទម្រង់ដើមវិញ ដោយគ្រាន់តែទទួលលេខប៉ុណ្ណោះ។
បច្ចុប្បន្នមនុស្សក្នុងសម័យនេះអាចផ្ញើសារអោយគ្នាទៅវិញទៅមកបានយ៉ាងស្រួលតាមរយៈកម្មវិធីផ្ញើសារផ្សេងៗ។ ប្រសិនបើមិនអាចបង្ហាញគំនិតទាំងអស់ដោយប្រើពាក្យទេ មនុស្សជាច្រើនក៏ស្ទាត់ជំនាញក្នុងការប្រើ emojis និង gift ផងដែរ។
ប៉ុន្តែនៅសម័យដែលមិនមានភាពងាយស្រួល ទាំងអ្នកផ្ញើ និងអ្នកទទួលត្រូវប្រើគំនិតដើម្បីបញ្ជូនព័ត៌មានឱ្យគ្នាទៅវិញទៅមក ហើយអ្នកទាំងពីរយល់ទៅវិញទៅមកដោយគ្រាន់តែប្រើលេខ។ ចំណុចនេះក៏គួរអោយទាក់ទាញណាស់ដែរ។
Kengo Abe