គម្រោងបិតទឹកសុីអុីវក្នុងផ្លូវរូងក្រោមដី Shinetsu Line ប្រទេសជប៉ុន
សហគ្រាសស្រាវជ្រាវទឹកស៊ីអុីវដែលចំណាស់នៅខេត្ត Gunma បានចាប់ផ្តើមគម្រោងបិតទឹកស៊ីអុីវក្នុងផ្លូវរូងក្រោមដី Shinetsu Line គោលបំណងរក្សាតម្លៃវប្បធម៌ និងទេសចរណ៍ក្នុងស្រុក។
ផ្លូវរូងក្រោមដី Shinetsu Line នៅកណ្តាលខេត្ត Gunma និងខេត្ត Nagano ។ ក្រុមហ៊ុន Aritaya គ្រោងនឹងបិតទឹកស៊ីអុីវក្នុងផ្លូវក្រោមដីប្រហែល ១ ឆ្នាំដើម្បីផលិតទឹកស៊ីអុីវឆ្ងាញ់ពិសេស។
ម្ចាស់អាជីវកម្មលោក Koki Yuasa បាននិយាយថានៅអឺរ៉ុបប្រជាជនយករូងភ្នំធ្វើជាកន្លែងបិតស្រាទំពាំងបាយជូរ ឈីស និងសាច់បីជាន់ Bacon Prosciutto ក្នុងរយៈពេលច្រើនឆ្នាំ។ លោកស្រមៃគិតថាទឹកសុីអុីវក៏អាចបិតនៅក្នុងផ្លូវរូងក្រោមដីដែលមានបរិយាកាសសើម កន្លែងដែលមិនមានពន្លឺ គ្មានការប្រែប្រួលសីតុណ្ហភាព និងសំណើមច្រើន។
ក្នុងឱកាសគម្រប់ខួប ១៩០ ឆ្នាំបង្កើតក្រុមហ៊ុន Aritaya លោក Koki Yuasa បានសម្រេចចិត្តស្នើសុំគម្រោងបិតទឹកស៊ីអុីវក្នុងផ្លូវរូងក្រោមដីជាមួយរដ្ឋាភិបាលទីក្រុង Annaka ខេត្ត Gunma ដោយសហការជាមួយសមាគមទេសចរណ៍ និងទទួលបានឯកភាពរវាងភាគី។
នៅក្នុងគម្រោងនេះទឹកសុីអុីវត្រូវបានផលិតចេញពីសណ្តែកសៀង ស្រូវសាលីដែលផលិតនៅខេត្ត Gunma និងអំបិលក្នុងស្រុក បន្ទាប់មកចាក់ចូលទៅក្នុងដបពណ៌បៃតងចំណុះ ៣៦០ មីលីលីត្រ ចំណែកឯមាត់ដបត្រូវបានបិតដោយឆ្នុក។ កាលពីថ្ងៃទី ១១ ខែតុលាប្រមាណ ៣០០ ដបត្រូវបានដឹកជញ្ជូនចូលទៅក្នុងផ្លូវរូងក្រោមដី។
ក្រុមហ៊ុន Aritaya នឹងចំណាយពេលមួយឆ្នាំសម្រាប់វាស់សីតុណ្ហភាពជាប្រចាំ សំណើមក្នុងផ្លូវរូងក្រោមដី ត្រួតពិនិត្យទឹកសុីអុីវដែលកំពុងបិតឆ្អិនបានប៉ុន្មានភាគរយ។ ក្រុមហ៊ុនក៏មានគម្រោងលក់ទឹកសុីអុីវដែលមានឈ្មោះថា “Usui Suido Shikomi Tennen Jozo Shoyu (ប្រែថា៖ ទឹកស៊ីអុីវបិតធម្មជាតិក្នុងផ្លូវរូងក្រោមដី Usui) ។
ជាពិសេសប្រាក់ចំណេញមួយផ្នែកដែលបានមកពីការលក់ទឹកស៊ីអុីវនឹងប្រើសម្រាប់អភិរក្សផ្លូវរូងក្រោមដី Usui ជាកន្លែងសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌។
លោក Yuasa បន្ថែមថា “តាមរយៈការផលិតផលិតផលពិសេសនេះ យើងចង់អភិវឌ្ឍគោលដៅទេសចរណ៍ថ្មីក៏ដូចជាផលិតផលពិសេសក្នុងតំបន់ Annaka” ។
AD