បុគ្គលិកបើករថភ្លើងប្តឹងក្រុមហ៊ុន JR West ព្រោះកាត់ប្រាក់ឈ្នួល ៥៦ យ៉េនដោយាសារយឺតមួយនាទី
បុគ្គលិកបើករថភ្លើងម្នាក់នៅសាខា JR West Okayama បានដាក់ពាក្យបណ្តឹងទៅតុលាការស្រុក Okayama ដោយទាមទារឱ្យទូទាត់ប្រាក់ឈ្នួលចំនួន ៥៦ យ៉េនសម្រាប់ការងារមួយនាទី។ បុគ្គលិកម្នាក់នេះត្រូវកាត់ប្រាក់ខែមួយនាទីដោយសារយឺតយ៉ាវដំណើរការផ្ទេររថភ្លើង ប៉ុន្តែបុគ្គលនេះបានអោយដឹងថា “រឿងនេះមិនប៉ះពាល់ដល់ពេលវេលារថភ្លើងចេញដំណើរ ហើយក៏មិនបង្កការខូចខាតដល់ក្រុមហ៊ុនដែរ ដូច្នេះការសម្រេចចិត្តកាត់ប្រាក់ខែមិនសមហេតុផលទេ” ។ ទោះជាយ៉ាងណាភាគី JR West បានឆ្លើយថា “អំឡុងពេលយឺត ១ នាទីនោះបុគ្គលរូបនេះមិនបានធ្វើការ ដូច្នេះហើយកាត់ប្រាក់ឈ្នួលជារឿងសមហេតុផល” ។
នេះបើតាមដីកានៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ បុគ្គលិកប្រុសទទួលបន្ទុកបើករថភ្លើងបញ្ជូនទៅដល់ស្ថានីយ JR Okayama (Kita-ku ទីក្រុង Okayama) ។ ដោយសារតែច្រឡំចំណតរថភ្លើង ពេលទៅដល់ដំណើរការផ្ទេរជាមួយអ្នកបើកបររថភ្លើងផ្សេងទៀតត្រូវបានពន្យារពេល ២ នាទីបើប្រៀបនឹងពេលវេលាបានបញ្ជាក់។ លទ្ធផលរថភ្លើងចេញយឺត ១នាទី ដូច្នេះទៅដល់ចំណតក៏យឺត ១នាទីដែរ។
ចំពោះករណីនេះដើមឡើយ JR West សម្រេចកាត់ប្រាក់ឈ្នួលចំនួន ៨៥ យ៉េនសម្រាប់រយៈពេល ២ នាទីពីប្រាក់ឈ្នួលប្រចាំខែរបស់បុគ្គលិកដោយហេតុផលថា “ក្នុងអំឡុងពេល ២ នាទីនោះបុគ្គលនេះពិតជាមិនបានធ្វើការ” ។ បន្ទាប់មកអ្នកបើកបររថភ្លើងបានពិគ្រោះជាមួយការិយាល័យស្តង់ដារការងារ Okayama និងនាយកដ្ឋានស្នើអោយ JR West ផ្លាស់ប្តូរការតវ៉ា។ JR West យល់ព្រមផ្លាស់ប្តូរ ប៉ុន្តែមិនស្របតាមទាំងស្រុងនោះទេ ហើយនៅទីបំផុតបានសម្រេចចិត្តកាត់បន្ថយប្រាក់ឈ្នួល ១ នាទីព្រោះមូលហេតុរថភ្លើងចេញដំណើរយឺត ១ នាទី។
ទោះជាយ៉ាងណាបុគ្គលិកប្រុសរូបនេះមិនទទួលយកការសម្រេចចិត្តនោះទេ។ នៅក្នុងខែមីនាឆ្នាំនេះគាត់បានដាក់ពាក្យប្តឹងក្រុមហ៊ុន JR West ទៅកាន់តុលាការក្នុងតំបន់ ដោយទាមទារឱ្យសងប្រាក់ ៤៣ យ៉េនដែលកាត់ពីប្រាក់ខែ បូកទាំងប្រាក់បន្ថែមម៉ោង ១៣ យ៉េនដែលបណ្តាលមកពីការពន្យារពេល និងសំណងចំនួន ២,២ លានយ៉េនសម្រាប់ថ្លៃជំងឺចិត្ត។ រហូតដល់ខែតុលាឆ្នាំនេះករណីការពារផ្ទាល់មាត់ត្រូវបានធ្វើឡើងរវាងភាគីទាំងពីរ។
ក្នុងដំណើរការនីតិវិធីភាគី JR West បានបញ្ជាក់យ៉ាងច្បាស់គោលជំហររបស់ខ្លួនចំពោះការសម្រេចកាត់ប្រាក់ខែរបស់បុគ្គលិក ដោយអនុវត្តគោលការណ៍ “No work, no pay” ដែលមានន័យថាមិនបើកប្រាក់ឈ្នួលក្នុងករណីមានការយឺតយ៉ាឬអវត្តមានម៉ោងធ្វើការឡើយ។ ជាក់ស្តែងក្នុងអំឡុងពេលបុគ្គលិកមានការភ័ន្តច្រឡំ ហើយរង់ចាំនៅស្ថានីយនោះ គាត់មិនបានបំពេញការងារដែលក្រុមហ៊ុនកំណត់ឡើយ មិនបានបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវដែលមានចែងក្នុងកិច្ចសន្យាការងារជាមួយក្រុមហ៊ុន JR West ដូច្នេះមិនបើកប្រាក់ឈ្នួលជាការត្រឹមត្រូវ។
មូលហេតុត្រូវអនុវត្តគោលការណ៍នេះព្រោះបុគ្គលិកធ្វើការផ្នែកផ្លូវដែកតម្រូវអោយគោរពពេលវេលាទាំងនាទី និងវិនាទី។ នៅក្នុងតុលាការ JR West បាននិយាយថា “មិនត្រឹមតែកំណត់ចំពោះករណីអ្នកបើកបររថភ្លើងប៉ុណ្ណោះទេ ក្រុមហ៊ុនក៏នឹងកាត់ប្រាក់ខែបុគ្គលិកក្នុងករណីស្រដៀងគ្នានេះដែរ” ខណៈបដិសេធឆ្លើយព័ត៌មានលម្អិតចំពោះករណីដែលកំពុងមានជម្លោះជាមួយសារព័ត៌មាន។
ជាមួយគ្នានេះដើមបណ្តឹងប្រកែកថាខ្លួនបានបញ្ជាក់វត្តមាន អំឡុងពេល ១ នាទីនោះគាត់នៅតែកំពុងធ្វើការ ដូច្នេះការបើកប្រាក់ខែជារឿងសមហេតុផលទាំងស្រុង។ លើសពីនេះទឡ្ហីករណ៍សង្កត់ធ្ងន់ថារយៈពេល ១ នាទីនោះមិនមែនជាកំហុសដោយចេតនាទេ រថភ្លើងដែលយឺតពេលជារថភ្លើងបញ្ជូនបន្ត (គ្មានអ្នកដំណើរ) ដូច្នេះមិនប៉ះពាល់ដល់ដំណើរការរថភ្លើងផ្សេងទៀតឡើយ។ សរុបទៅដើមចោទគិតថាមិនសមហេតុផលទេ ដែលកំណត់កំហុសតូចខណៈពេលធ្វើការគឺ “បំពានកិច្ចសន្យា” ។
Sacchan