បាតុភូត “Kodokushi” បង្ហាញពីទិដ្ឋភាពស្លាប់ក្នុងភាពឯកោដែលជាបញ្ហាកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន
បាតុភូត Kodokushi សំដៅលើការស្លាប់ក្នុងភាពឯកោ មួយរយៈពេលទើបមានអ្នកប្រទះឃើញ។ Kodokushi គឺជាបញ្ហាដែលកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ជារៀងរាល់ឆ្នាំតាមការប៉ាន់ប្រមាណអ្នកស្លាប់ដែលមិនមាននរណាដឹងប្រហែល ៣ ម៉ឺនករណី ប៉ុន្តែចាប់តាំងពី ២០១៩ បញ្ហា Kodokushi ទើបត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។
នៅឆ្នាំ ២០១៤ ពេលដែល Kodokushi មិនទាន់ក្លាយជាបាតុភូតសង្គមដែលទទួលការយកចិត្តទុកដាក់ខ្លាំង ក្រុមហ៊ុនមួយមានឈ្មោះថា To-Do Company ត្រូវបានបង្កើតឡើងបម្រើសេវាកម្មសម្អាតកន្លែងអ្នកស្លាប់។ មនុស្សជាច្រើនហៅការងារនេះថា “សម្អាតមុខរបួស” ។
រូបភាព https://www.nippon.com/
នៅពេលដែលនរណាម្នាក់ស្លាប់ក្នុងផ្ទះម្នាក់ឯង ក្រុមហ៊ុនដូចជា To-Do Company នឹងទទួលខុសត្រូវសម្អាតបន្ទប់ ហើយធ្វើអោយទៅជាកន្លែងសម្រាប់អ្នកបន្ទាប់រស់នៅ។ ការងារនេះទាក់ទងនឹងការប្រមូលវត្ថុទាំងឡាយដែលអ្នកស្លាប់បន្សល់ទុក សម្អាតសំរាម ដានជីវសាស្រ្ត បំបាត់ស្នាមប្រឡាក់ ក្លិនមិនល្អ និងសម្លាប់មេរោគក្នុងបរិយាកាស។
ក្នុងតំបន់លំនៅឋានតែងតែមានភាពច្របូកច្របល់ក្រុមហ៊ុនយកចិត្តទុកដាក់ជាពិសេសក្នុងការប្រមូល និងសម្អាតរបស់របររបស់អ្នកស្នាក់នៅ បែងចែកវត្ថុប្រើប្រាស់ផ្ទាល់ខ្លួន ជាពិសេសសម្ភារៈមានតម្លៃ។ បន្ទាប់មកបញ្ជូនទៅអោយសមាជិកគ្រួសារ។
ម៉ូដែលគំរូផ្ទះតូចត្រូវបានបង្កើតឡើង
នេះជាផ្នែកឯកទេសដែលទាមទារការយកចិត្តទុកដាក់ និងហ្មត់ចត់ ទោះជាយ៉ាងណាការងារសម្អាតកន្លែងអ្នកស្លាប់មិនទាន់មានគេស្គាល់ច្រើននោះទេ។ ដូច្នេះក្នុងគោលបំណងបង្កើនការយល់ដឹងរបស់មនុស្សចំពោះបញ្ហា Kodokushi ក្រុមហ៊ុន To-Do បានចុះឈ្មោះបើកកន្លែងដាក់តាំងនៅឯពិពណ៌បុណ្យសព Endex Japan ឆ្នាំ ២០១៥ ។
ទោះបីជាខំប្រឹងធ្វើឱ្យអ្នកនៅជុំវិញចាប់អារម្មណ៍ ដើម្បីអោយពួកគេយល់ពីសារៈសំខាន់នៃ Kodokushi ប៉ុន្តែក្រុមហ៊ុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញអ្នកទស្សនាជាច្រើន រួមទាំងអ្នកក្នុងផ្នែករៀបចំពិធីបុណ្យសពចំអកដោយបើកចំហរ។ ពួកគេនិយាយថានៅក្នុងប្រទេសដែល “មិនរំខានអ្នកដទៃ” ដូចជាប្រទេសជប៉ុន ការស្លាប់របស់មនុស្សម្នាក់នឹងគ្មានអ្នកដឹងប៉ុន្មានថ្ងៃ ប៉ុន្មានសប្តាហ៍ឬរាប់ខែ ហើយហានអះអាងថាពួកគេនឹងមិនមានវាសនាឯកោបែបនេះឡើយ។
Kojima Miyu គឺជាបុគ្គលិកស្រីតែមួយគត់នៃក្រុមហ៊ុន To-Do ។ ជាការពិតនាងយល់អំពីទស្សនៈរបស់អ្នកដែលមិនធ្លាប់បានឃើញទិដ្ឋភាពដ៏គួរឱ្យសោកសៅនៃការស្លាប់រយៈពេលរាប់ខែដោយសារ Kodokushi ។ ដូច្នេះក្នុងនាមជាបុគ្គលិកដែលមានបទពិសោធន៍ដោះស្រាយករណី Kodokushi នាងបានសម្រេចចិត្តបង្កើត “diorama” ខ្នាតតូចបង្ហាញឡើងវិញទិដ្ឋភាពបន្ទប់ដែលធ្លាប់មានអ្នកស្លាប់ ដើម្បីបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍។
Kojima Miyu មិនដែលបង្កើត “diorama” ពីមុនមកទេ ប៉ុន្តែរៀនដោយខ្លួនឯងតាមរយៈការរួមបញ្ចូលគ្នារវាងការមើលវីដេអូ ហើយធ្វើតាម។ យូរៗទៅនាងដឹងពីរបៀបបង្កើតស៊ុមគំរូក៏ដូចជារបៀបធ្វើគ្រឿងសង្ហារិមផ្សេងៗ បូករួមទាំងការប្រើផ្សៅផាត់ភ្នែកក្លែងធ្វើជាធូលីដីផងដែរ។
ម៉ូដែលគំរូផ្ទះដែល Kojima Miyu ធ្វើមិនត្រឹមតែជាបន្ទប់តូចៗប៉ុណ្ណោះទេ ប៉ុន្តែជារឿងរ៉ាវដែលត្រូវបានរៀបរាប់តាមរបៀបពិសេស។
ម៉ូដែលគំរូផ្ទះ Kodokushi ទាំង ៣ ដែលពេញនិយម
មានម៉ូដែលគំរូផ្ទះចំនួន ៣ លើកឡើងពីប្រភេទ Kodokushi ដែលមានប្រជាប្រិយភាព។ ស្នាដៃដំបូងគឺ “Kodokushi អាយុ ៥០-៦០” ។ ក្រុមអាយុនេះមានចំណែកយ៉ាងសំខាន់នៃករណីស្លាប់ម្នាក់ឯង ជាពិសេសករណីដែលមិនប្រទះឃើញក្នុងរយៈពេលយូរ។ មូលហេតុចម្បងដោយសារបញ្ហាទំនាក់ទំនងជាមួយគ្រួសារ អ្នកជិតខាង និងសហគមន៍។
ជនរងគ្រោះស្ថិតក្នុងក្រុមអាយុមិនខ្ពស់ពេក សុខភាពល្អ ហើយប្រហែលជាមិនចាំបាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាប្រចាំឡើយ។ ពួកគេតែងតែនៅស្ងៀម ថែមទាំងមិនខ្វល់ពេលមានអ្នកមកគោះទ្វារឡើយ។ ដូច្នេះហើយអ្នកជិតខាងហាក់ដូចជាមិនសូវចាប់អារម្មណ៍វត្តមានរបស់ពួកគេទេ ដែលបណ្តាលអោយការប្រទះឃើញយឺតពេល។ ចំពោះករណីធ្ងន់ធ្ងរមួយចំនួនសាកសពត្រូវគេរកឃើញក្រោយរយៈពេលជិតកន្លះឆ្នាំ។
សង្ឃឹមថាអ្នកដែលបានឃើញ “diorama” នឹងអោយតម្លៃលើទំនាក់ទំនងក្នុងជីវិតដូចជាការហៅទូរស័ព្ទ សួរសុខទុក្ខអ្នកជិតខាង និងទម្រង់ទំនាក់ទំនងប្រចាំថ្ងៃផ្សេងទៀត។
ម៉ូដែលគំរូផ្ទះទី ២ មានឈ្មោះថា “Kodokushi ដែលបណ្តាលមកពីពុលកម្តៅ” ។ នៅរដូវរងាមនុស្សម្នាក់ដើរពីបន្ទប់ដែលមានម៉ាសុីនកម្តៅទៅកាន់កន្លែងមិនមានម៉ាសុីនកម្តៅដូចជាសាលធំ បង្គន់ ឬបន្ទប់ទឹកអាចបណ្តាលអោយសម្ពាធឈាមឡើងភ្លាមៗដោយសារសរសៃរឈាមបង្រួមដើម្បីទប់ទល់នឹងបរិយាកាសត្រជាក់។
អនុវត្តវិធានការសាមញ្ញដូចជាពាក់ស្បែកជើងពេលដើរលើឥដ្ឋត្រជាក់ កំដៅបង្គន់ ដំឡើងឧបករណ៍កម្តៅក្នុងបរិវេណបន្ទប់ទឹក បើកផ្កាឈូកងូតមុនពេលចូលបន្ទប់ទឹក ជាវិធីសាស្រ្តដែលអាចជួយការពារករណីពុលកម្តៅ។ អ្នករាល់គ្នាក៏គួរកំណត់ទឹកងូតក្នុងកម្រិតក្តៅល្មមមិនលើសពី ៤០ អង្សាសេ។ វិធានការងាយៗទាំងនេះអាចនឹងជួយសង្គ្រោះជីវិតមនុស្សម្នាក់។
ម៉ូដែលគំរូផ្ទះទី ៣ គឺ “Kodokushi អ្នកដែលស្តុបរបស់របរក្នុងបន្ទប់” ។ ក្រឡេកទៅមើលបន្ទប់ដែលពោរពេញដោយថង់សំរាម ដបប្លាស្ទិក ប្រអប់ របស់របររញ៉េរញ៉ៃ គ្មាននរណាគិតថានេះជាបន្ទប់សម្រាប់មនុស្សរស់នៅឡើយ។ ប្រហែលជាអ្នកដែលធ្លាប់នៅក្នុងបន្ទប់នោះមិនមែនជាមនុស្សខ្វះសណ្តាប់ធ្នាប់ទេ ប៉ុន្តែដោយសារបញ្ហាក្នុងជីវិតដូចជាលែងលះ ទំនាក់ទំនងមិនល្អ គ្មានការងារធ្វើ ត្រូវគេធ្វើបាប ធ្វើការហួសកម្លាំងឬរបួសផ្លូវចិត្តបន្ទាប់ពីមនុស្សជាទីស្រលាញ់ឬសត្វចិញ្ចឹមស្លាប់ធ្វើឱ្យពួកគេធ្លាក់ទឹកចិត្ត ហើយបណ្តោយខ្លួន។
គ្មាននរណាម្នាក់ដឹងថាជីវិតនឹងទៅជាយ៉ាងណាទេ ប្រហែលជារឿងមិនល្អអាចកើតឡើងចំពោះអ្នកដោយចៃដន្យដែលបណ្តាលឱ្យអ្នកក្លាយជាជនរងគ្រោះ Kodokushi ។
Kodokushi បំភានគំនិតរបស់មនុស្ស
ការងាររបស់ Kojima Miyu មានការផ្លាស់ប្តូរតាំងពីពេលផ្ទុះជំងឺកូវីដ ១៩ ។ ក្រុមហ៊ុនប្តូរមកធ្វើការនៅផ្ទះ ហើយអាជីវកម្មបិទទ្វារកើនឡើង។ មនុស្សចំណាយពេលភាគច្រើននៅផ្ទះ។
តម្រូវការសម្អាតផ្ទះអ្នកស្លាប់កាត់បន្ថយដោយសារសាច់ញាតិអ្នកស្លាប់មានពេលច្រើនអាចធ្វើដោយខ្លួនឯង។ ផ្ទុយទៅវិញតម្រូវការកាត់បន្ថយភាពឈឺចាប់ដែលទាក់ទងនឹង “Kodokushi” កាន់តែកើន ជាពិសេសក្នុងករណីដែលមិនដឹងពីមូលហេតុស្លាប់។
ទាំងនេះធ្វើឱ្យនាងគិតថាជីវិត និងការស្លាប់មិនស្ថិតស្ថេរទេ គ្មាននរណាម្នាក់ដឹងថាជីវិតរបស់យើងនឹងបញ្ចប់ពេលណាឬដោយរបៀបណានោះទេ។
មនុស្សស្លាប់ជាច្រើនដែលរស់នៅម្នាក់ឯង មិនមែនមានន័យថាពួកគេមិនទាន់រៀបការឬគ្មានកូននោះទេ។ អ្នកផ្សេងអាចនឹងវាយតម្លៃសាច់ញាតិអ្នកស្លាប់ ប៉ុន្តែនេះមិនមែនជារឿងត្រឹមត្រូវឡើយ។ ផ្នែកមួយនៃបញ្ហាគឺស្ថិតលើការប្រើឃ្លា “Kodokushi” ។
“Kodoku” សំដៅលើភាពឯកោ ប៉ុន្តែតាមពិតគឺថាមនុស្សតិចណាស់ដែលស្លាប់ម្នាក់ឯងក្នុងផ្ទះដាច់ឆ្ងាយពីសង្គម។ ភាគច្រើនពួកគេមានជីវិតពេញលេញ ចូលចិត្តធ្វើដំណើរ ចែករំលែកចំណូលចិត្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ មិនយុត្តិធម៌ទេដែលចោទពួកគេថា “ស្លាប់ក្នុងភាពឯកោ” ។ ដូច្នេះអាចប្រើពាក្យជំនួសមកវិញថា “jitakushi – ស្លាប់នៅផ្ទះ” ។
សង្ឃឹមថាស្ថានភាពផ្លាស់ប្តូរ ការយកចិត្តទុកដាក់ខ្លាំងរបស់ប្រព័ន្ធផ្សព្វផ្សាយនឹងបង្កើនការយល់ដឹងអំពីបញ្ហានេះ។ លទ្ធផលសាកសពត្រូវបានគេរកឃើញលឿនជាងមុន អាចកាត់បន្ថយផលប៉ះពាល់ដែលទាក់ទងនឹង “Kodokushi” ។
សម្គាល់៖
តាមរយៈម៉ូដែលគំរូផ្ទះតូចនិយាយពី Kodokushi ម្ចាស់ស្នាដៃ Kojima Miyu មិនត្រឹមតែចង់លើកកម្ពស់ការយល់ដឹងរបស់សង្គមប៉ុណ្ណោះទេ ថែមទាំងចង់ផ្តាំផ្ញើយើងទាំងអស់គ្នា ចូរចំណាយពេលសម្រាប់ខ្លួនអ្នក ធ្វើរឿងល្អដែលយើងចូលចិត្ត ទទួលយកបទពិសោធន៍សកម្មភាពគួរឱ្យចាប់អារម្មណ៍ ស្រឡាញ់មនុស្សគ្រប់គ្នាកាន់តែច្រើន ដូច្នេះយើងនឹងមិនស្តាយក្រោយ។
Hana