តើអ្នកធ្លាប់ទស្សនាការប្រណាំងសេះយឺតបំផុតលើពិភពលោកនៅ​ហុកកៃដូ​ដែរទេ?

នៅពេលរំលឹកដល់ការប្រណាំងសេះ ល្បីបំផុតត្រូវនិយាយពីប្រណាំងសេះពូជសុទ្ធក្នុងតំបន់ Chuo ប៉ុន្តែអ្នកដឹងទេថានៅហុកកៃដូមានការប្រណាំងសេះមួយឈ្មោះថា Banei ទោះបីមិនមានប្រជាប្រិយភាពតែមានលក្ខណៈពិសេស។ ការប្រណាំងតាមបែប Banei មិនទាញយកប្រយោជន៍ពីភាពរហ័សរហួនរបស់សេះនោះទេ ប៉ុន្តែ​ផ្តោតលើកម្លាំងកាយ។

ពេលនិយាយពីការប្រណាំងសេះមនុស្សជាច្រើនប្រាកដជាគិតថាសេះពូជសុទ្ធជំហានជើងធំ រត់ប្រណាំងពេញទំហឹងឆ្ពោះទៅមុខ។

រូបភាព https://sports.yahoo.co.jp/column/detail/202007180001-spnavi

ពិតណាស់ទិដ្ឋភាពសេះរត់ឆ្ពោះទៅមុខយ៉ាងលឿនជាមួយនឹងសម្លេងស្រែកហូពីហ្វូងមនុស្សមានភាពទាក់ទាញខ្លាំង។ សេះដែលប្រើក្នុងការប្រណាំងទាំងនេះជាសេះបង្កាត់ពូជ ត្រូវបានមនុស្សបង្កាត់ពូជពិសេសដើម្បីគោល​បំណង​ប្រណាំង​សេះ។

ល្បឿនរបស់ពួកវាពី ៥០ ទៅ ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះជាល្បឿនដែលសេះធម្មតាមិនអាចឈានដល់។

ទោះជាយ៉ាងណាមានតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនរៀបចំការប្រណាំងសេះពិសេស ដោយមិនអនុវត្តតាមក្បួនប្រណាំងទូទៅណាមួយឡើយ។ ដូចជាការប្រណាំងសេះ Banei ដែលរៀបចំដោយតំបន់ Obihiro នៅហុកកៃដូ។

ក្នុងការប្រណាំងសេះ Banei នឹងមិនមានវត្តមានពូជសេះសុទ្ធនោះទេ ផ្ទុយទៅវិញជាពូជសេះតូចរស់នៅហុកកៃដូដែលហៅថា Dosanko ។ Dosanko ចូលរួមប្រកួតនៅ Banei គេហៅថា Banba ។

បើប្រៀបទៅនឹងសេះពូជសុទ្ធដែលមានទម្ងន់ពី ៤៥០ ទៅ ៥០០ គីឡូក្រាម កម្រិតទម្ងន់របស់ Banba ប្រហែលពី ៨០០ ទៅ ១០០០ គីឡូក្រាម។ ដោយកម្រិតទម្ងន់មានភាពខុសគ្នា ដូច្នេះទម្រង់នៃការប្រណាំងក៏ខុសគ្នាទាំងស្រុងដែរ។

រូបភាព https://www.visit-hokkaido.jp/info/detail/86

ជាទូទៅអ្នកប្រណាំងជិះលើខ្នងសេះ ចំពោះការប្រកួតនេះអ្នកប្រណាំងនឹងឈរនៅលើរទេះដែលភ្ជាប់ខាងក្រោយសេះ។ កន្លែងប្រណាំងគ្មានផ្លូវបត់ទេ ប៉ុន្តែជាផ្លូវត្រង់ដែលមានចម្ងាយ ២០០ ម៉ែត្រ។

ត្រង់ចំណុចនេះអ្នកអាចស្រមៃថា Banei មិនមែនជាការប្រណាំងល្បឿនទេ ប៉ុន្តែផ្តោតលើកម្លាំងកាយ ជាមួយនឹងវត្តមានសេះមាឌធំ ព្រមទាំងត្រូវទាញរទេះធ្ងន់ពីក្រោយ រត់អស់ពីកម្លាំងដើម្បីយកឈ្នះ។ ទោះបីវាខំប្រឹងរត់អស់ពីកម្លាំងតែដោយសារអូសធ្ងន់ ដូច្នេះអ្នកកុំរំពឹងថាពួកវារត់លឿនអោយសោះ។

ដូច្នេះហើយភាពទាក់ទាញនៃការប្រណាំងនេះខុសគ្នាទាំងស្រុងពីការប្រណាំងសេះស្តង់ដារ។

សេះ Banba មានប្រភពមកពីតំបន់ភាគពាយ័ព្យនៃប្រទេសបារាំង។ ពួកវាត្រូវបាននាំចូលជប៉ុនក្នុងចំនួនកាន់តែច្រើនសម្រាប់គោលបំណងយោធា និងកសិកម្ម ហើយបន្ទាប់មកយកទៅប្រើនៅហុកកៃដូ។

ដោយ​សារ​តែ​កសិកម្ម​នៅពេលនោះមិន​ទាន់មាន​ម៉ាសុីន ដូច្នេះត្រូវការសេះសម្រាប់ធ្វើ​ស្រែ​ចម្ការ។ ដោយគោល​បំណង​នេះកត្តាសំខាន់មិនផ្តោតលើល្បឿននោះទេ ប៉ុន្តែ​ផ្តោតលើកម្លាំងកាយ និងភាពធន់។ Banba គឺជាសេះដែលបំពេញតាមស្តង់ដារទាំងអស់។

លើសពីនេះរដូវរងានៅហុកកៃដូត្រជាក់ខ្លាំងណាស់ ដូចជាមនុស្សដែរ ក្រោមអាកាសធាតុត្រជាក់ខ្សល់ដកដង្ហើមពណ៌ស។ ផ្សែងពណ៌សនេះលាយឡំនឹងធូលីដីតាមដងផ្លូវបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ ទន្ទឹមនឹងនេះសម្លេង​​ជើងដ៏រឹងមាំរបស់សេះក៏នាំមកនូវបទពិសោធដែលមិនអាចបំភ្លេចបានដល់អ្នកទស្សនាដែរ។

ប្រសិនបើអ្នកប្រៀបធៀបប្រាក់រង្វាន់នៃការប្រណាំងសេះ Banei ជាមួយការប្រណាំងសេះបង្កាត់ពូជនៅ Chuo អ្នកនឹងឃើញថាមានកម្រិតទាបគួរឱ្យភ្ញាក់ផ្អើល ព្រោះតែគ្រឿងបរិក្ខារនៅទីលានប្រណាំង Banei តាមពិតក៏មិនមានអ្វីដែរ។ ចំនួន​អ្នក​មក​មើល​ការ​ប្រណាំង​សេះ​មាន​ចំនួន​តិច​ណាស់ ហើយក៏មិនមានការចាក់បញ្ចាំងនៅលើទូរទស្សន៍​ដែរ។ ប៉ុន្តែ​នេះ​ជា​ភាព​ទាក់ទាញ​ពិសេស​មួយ​ដែល​មិន​អាច​មើល​ឃើញនៅកន្លែងផ្សេងឡើយ។

បើមានឱកាសទៅហុកកៃដូកុំភ្លេចឆ្លៀតទៅ Obihiro ដើម្បីមើលការប្រណាំងសេះ Banei ណា!!!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: