អ្នកទោសប្រហារជីវិតប្តឹងទៅតុលាការស្រុក Osaka ទាមទារសំណងចំនួន ២២ លានយ៉េនព្រោះតែច្បាប់ប្រហារជីវិត

កាលពីថ្ងៃទី ៥ ខែខែវិច្ឆិកា អ្នកទោសប្រហារជីវិតពីរនាក់បានដាក់ពាក្យបណ្ដឹងទៅតុលាការស្រុកនៅទីក្រុង Osaka ដោយនិយាយថាការអនុវត្តទោសប្រហារជីវិតរបស់ពួកគេខុសច្បាប់ ព្រោះមិនអនុញ្ញាតឱ្យអ្នកទោសមានពេលវេលាប្តឹង​ឧទ្ធរណ៍ការកាត់ទោស។

ពួកគេស្នើសុំឱ្យរដ្ឋាភិបាលផ្លាស់ប្តូរវិធីសាស្រ្ត ហើយចង់ទាមទារសំណងចំនួន ២២ លានយ៉េន (ប្រហែល ១៩៣.៥៩៤ ដុល្លារអាមេរិក) ។

រូបភាព AP

មេធាវី Yutaka Ueda ដែលការពារដើមបណ្តឹងបានចែករំលែកថា “ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេស​ជឿន​លឿនដែលនៅតែរក្សាទោសប្រហារជីវិតព្យួរក លើស​ពី​នេះបញ្ហាជូនដំណឹងដល់អ្នកទោសមុនពេលស្លាប់ត្រូវ​បាន​លើក​​ឡើង​ជា​យូរ​មក​ហើយ​ដោយ​អង្គការ​សិទ្ធិ​មនុស្សដូចជា Amnesty International បានថ្កោលទោសយ៉ាងធ្ងន់ និង​ស្នើអោយផ្លាស់ប្តូរជាច្រើនទសវត្សរ៍មកហើយ ដោយសារវាបង្កភាពតានតឹងចំពោះអ្នកទោស។ ជារៀងរាល់ព្រឹកអ្នក​ទោសប្រហារជីវិតរស់នៅក្នុងភាពភ័យខ្លាច ព្រោះវាអាចជាថ្ងៃចុងក្រោយរបស់ពួកគេ ដែលជាទង្វើអមនុស្សធម៌​បំផុត។ ចំពោះរឿងនេះជប៉ុននៅពីក្រោយសហគមន៍អន្តរជាតិ។ គ្មានច្បាប់ណាចែងអ្នកទោសអាចដឹងពីពេលវេលា​ប្រហារ​ជីវិតមុនត្រឹម​ប៉ុន្មានម៉ោងនោះទេ។ ព្រោះ​ការអនុវត្ត​នេះ​​ផ្ទុយ​នឹង​ក្រមព្រហ្មទណ្ឌ​របស់​ជប៉ុន” ។

លោកបានបន្ថែមទៀតថា៖ “រដ្ឋាភិបាល​​លើក​ឡើង​ថាចំណុចនេះធ្វើអោយអ្នកទោសទទួលខុសត្រូវចំពោះការ​ឈឺ​ចាប់​​ខាង​ផ្លូវ​ចិត្ត​មុន​ពេលត្រូវ​ប្រហារ​ជីវិត ប៉ុន្តែវាមិនមែនជាការពន្យល់ដែលត្រឹមត្រូវនោះទេ ហើយ​នេះ​ជា​បញ្ហា​ធំ។ យើង​ពិត​ជា​ត្រូវ​មើល​ថា​តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ប្ដឹង​នេះ។ នៅបរទេសអ្នកទោសមានពេលវេលាសញ្ចឹងនៅចុងបញ្ចប់នៃជីវិត និងត្រៀមខ្លួន ចំណែកឯជប៉ុនរបៀបដែលពួកគេធ្វើដូចជាកំពុងព្យាយាមកុំអោយនរណាម្នាក់ដឹង” ។

បច្ចុប្បន្នក្រសួងយុត្តិធម៌បានអោយដឹងមានមនុស្សចំនួន ១១២ នាក់ត្រូវកាត់ទោសប្រហារជីវិតនៅក្នុងប្រទេស​ជប៉ុន ប៉ុន្តែ​គ្មាន​ការ​កាត់​ទោស​ណា​ត្រូវ​ប្រហារជីវិតក្នុង​រយៈ​ពេល ​២ ​ឆ្នាំ​កន្លង​មក​នេះ​ទេ។ ការស្ទង់មតិមហាជនបង្ហាញ​ថាមនុស្សភាគច្រើនគាំទ្រការរក្សាទោសប្រហារជីវិតព្យួរក ការដាក់ទណ្ឌកម្មជាទូទៅត្រូវបានអនុវត្តពាក់ព័ន្ធ​នឹងករណីឃាតកម្ម។

មេធាវី Yutaka Ueda បានអោយដឹងលោកសង្ឃឹមថាបណ្តឹងនេះអាចបង្កឱ្យមានការជជែកវែកញែកនៅជប៉ុនចំពោះ​បញ្ហានេះ ទោះបីនេះមិនមែនជាគោលដៅសំខាន់ក៏ដោយ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: