ដំណឹងដ៏ក្រៀមក្រំជីតារបស់អតីតព្រះនាង Mako សោយទីវង្គត់ក្នុងព្រះជន្ម ៨១ ព្រះវស្សា

ព្រះអង្គ Tatsuhiko Kawashima ដែលជាបិតារបស់ព្រះអង្គម្ចាស់ក្សត្រី Kiko Akishino ហើយជាជីតារបស់អតីតព្រះនាង Mako បានសោយទីវង្គត់នៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ក្នុងព្រះជន្ម ៨១ ព្រះវស្សា។

លោក Tatsuhiko Kawashima ដែលជាសាស្រ្តាចារ្យកិត្តិយសនៅសាកលវិទ្យាល័យ Gakushuin ត្រូវបានបញ្ជូនទៅមន្ទីរ​ពេទ្យ​នៅថ្ងៃទី ១៩ ខែតុលា។ អតីតព្រះនាង Mako បានទៅមន្ទីរសួរសុខទុក្ខជីតាម្នាក់ឯង ដោយគ្មានស្វាមី Kei Komuro មកជាមួយទេ។ មុននោះព្រះអង្គម្ចាស់ក្សត្រី Kiko Akishino ជាមួយបុត្រីទាំងពីរ Mako និង Kako ក៏​បានទៅសួរសុខទុក្ខព្រះអង្គនៅមន្ទីរពេទ្យផងដែរ។ បច្ចុប្បន្ន​មិន​ទាន់​មាន​ព័ត៌មាននិយាយពីជំងឺដែល​បណ្ដាលអោយ​លោក Tatsuhiko Kawashima ចូលមន្ទីរពេទ្យនៅឡើយទេ។

រឿងដែលជីតាត្រូវបញ្ជូនចូលមន្ទីរមុនថ្ងៃរៀបទី ២៦ ខែតុលារបស់ព្រះនាង Mako ធ្វើអោយមានមតិសង្ស័យថាការចុះឈ្មោះអាពាហ៍ពិពាហ៍ត្រូវលុបចោល។ មនុស្ស​ជា​ច្រើន​ដែល​មិនពេញចិត្តនឹងមង្គលការនិយាយថាគួរពន្យារ​ពេល ​ហើយ​រង់ចាំ​សុខភាព​លោក Kawashima ប្រសើរ​ឡើង។

ត្រឹម​រយៈពេល ៩ ថ្ងៃបន្ទាប់ពីពិធីមង្គលការរបស់ចៅស្រី Mako ជាមួយ Kei Komuro គ្រួសាររាជវង្សជប៉ុនបានទទួល​ដំណឹង​ដ៏ក្រៀមក្រំនេះ។

លោក Tatsuhiko Kawashima បានបញ្ចប់ការសិក្សានៃមហាវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យតូក្យូ គាត់និយមការរស់នៅលក្ខណៈ​សាមញ្ញ។ ក្នុងនាមជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចគាត់នៅក្នុងអន្តេវាសិកដ្ឋាននៃសកលវិទ្យាល័យ Gakushuin ក្នុងទីក្រុងតូក្យូជាមួយគ្រួសារ។ នេះ​ក៏​ជា​កន្លែង​ដែល​ព្រះអង្គម្ចាស់ក្សត្រី Kiko Akishino ស្នាក់​នៅ​មុន​ពេល​រៀប​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់ Akishinomiya នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៩០ ដែរ។ នៅពេលនោះព្រះអង្គម្ចាស់ និងមហេសីជួបគ្នានៅសកលវិទ្យាល័យ Gakushuin កាលនៅជានិស្សិត។

បន្ទាប់ពីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យតូក្យូក្នុងឆ្នាំ ១៩៦៤ លោក Tatsuhiko Kawashima បានបន្តយកសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យនេះ។ គាត់បន្តសិក្សានៅបរទេស រហូតឆ្នាំ ១៩៧១ គាត់ទទួលសញ្ញាបត្របណ្ឌិតនៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក។ បន្ទាប់​មក​គាត់បង្រៀននៅសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania មុនពេលត្រឡប់ទៅទីក្រុងតូក្យូវិញ។ នៅឆ្នាំ ១៩៧៣ គាត់ក្លាយជាជំនួយការសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Gakushuin ហើយត្រូវបានតែង​តាំង​ជាសាស្រ្តាចារ្យនៅឆ្នាំ ១៩៧៦ ។ ក្នុងរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ ១៩៧៧ លោក Kawashima ក៏បានធ្វើការស្រាវ​ជ្រាវ​នៅវិទ្យាស្ថានអន្តរជាតិស្តីពីការវិភាគប្រព័ន្ធកម្មវិធីនៅប្រទេសអូទ្រីស។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បានសរសើរលោក Kawashima ចំពោះរងារមនុស្សធម៌របស់គាត់ក្នុងការដំឡើងប្រព័ន្ធទឹកស្អាត និងប្រព័ន្ធលូនៅតំបន់ភ្នំភាគខាងជើងប្រទេសថៃរួមជាមួយនឹងនិស្សិតរបស់ខ្លួន ព្រមទាំងការរួមចំណែកក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: