តើកងកម្លាំងស្វ័យការពារជប៉ុនជាកងទ័ពដែរទេ?
តើអ្នកដឹងថាអំណាចយោធារបស់ជប៉ុនជាប់ចំណាត់ថ្នាក់លេខប៉ុន្មានលើពិភពលោកដែរទេ?
ក្នុងទិន្នន័យស្ថិតិមានការប្រែប្រួលជាច្រើន ប៉ុន្តែក្នុងចំណោមនោះបង្ហាញថា ជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៨ ទៅលេខ ៥ ។
ទោះបីជាមានភាពខុសគ្នាបន្តិចបន្តួច ប៉ុន្តែចំណុចនេះបង្ហាញថា ជប៉ុនមានអំណាចយោធាច្បាស់លាស់។ អំណាចយោធារបស់ជប៉ុនជាប់ចំណាត់ថ្នាក់ខ្ពស់ជាងប្រទេសកូរ៉េ ដែលជាប្រទេសត្រូវគេចាត់ទុកកំពុងស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ។ តើចំណុចនេះធ្វើអោយអ្នកមានការភ្ញាក់ផ្អើលដែរទេ?
ជនជាតិជប៉ុនអាចផលិតរថក្រោះក្នុងស្រុក មានយន្តហោះចម្បាំង ថ្វីត្បិតតែប្រើយន្តហោះរបស់អាមេរិក ប៉ុន្តែជនជាតិជប៉ុនបានចាប់ផ្តើមបង្កើតប្រភេទយន្តហោះដោយឡែករបស់ខ្លួន។
ថ្វីត្បិតតែ ចំពោះវិស័យកប៉ាល់មានទំហំតូច ប៉ុន្តែកប៉ាល់ជប៉ុនមានលក្ខណៈពិសេស។ ដោយឡែកនាវាមុជទឹករបស់ជប៉ុនត្រូវបានគេសរសើរយ៉ាងខ្លាំង។
ថ្មីៗនេះប្រទេសជប៉ុនបានផលិតគ្រឿងយន្តដូចនេះ។
រូបភាព https://news.yahoo.co.jp/byline/takahashikosuke/20210831-00255826
នៅពេលដែលក្រឡេកមើលទៅអ្នកប្រហែលជាគិតថា នេះជាព្រលានយន្តហោះ ប៉ុន្តែមិនមែនទេ នេះគឺជានាវាមុជទឹក។
ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនគឺ ៥ ពាន់ពាន់លានយ៉េនជារៀងរាល់ឆ្នាំក្នុងគោលបំណងកសាងអំណាចយោធា។ ប៉ុន្តែតើអ្នកដឹងទេថា រដ្ឋធម្មនុញ្ញជប៉ុនមានចំណុចហាមឃាត់ការកាន់កាប់យោធា?
ដោយសារតែបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញសរសេរពិបាកយល់ ដូច្នេះខ្ញុំនឹងបកស្រាយអោយងាយយល់។ ជាក់ស្តែងបម្រាមនេះត្រូវបានចែងក្នុងមាត្រា ៩ នៃរដ្ឋធម្មនុញ្ញដូចតទៅ៖
ប្រជាជនជប៉ុនស្វែងរកសន្តិភាពអន្តរជាតិដោយផ្អែកលើយុត្តិធម៌ និងសណ្តាប់ធ្នាប់ នឹងមិនគំរាមកំហែងប្រើប្រាស់សង្រ្គាម ឬអំពើហឹង្សាជាមធ្យោបាយដោះស្រាយជម្លោះអន្តរជាតិ។
ពោលដើម្បីសម្រេចបានគោលដៅនេះ ជប៉ុននឹងមិនមានកងទ័ពជើងទឹក កងទ័ពជើងអាកាស និងកម្លាំងយោធាផ្សេងទៀតឡើយ។
បើដូច្នេះមែន តើមហាអំណាចយោធាចំណាត់ថ្នាក់លេខ ៥ លើពិភពលោកដូចដែលបានរៀបរាប់នៅដើមអត្ថបទមកពីណា?
តាំងពីដើមរដ្ឋធម្មនុញ្ញជប៉ុនត្រូវបានបង្កើតឡើងតាមកិច្ចព្រមព្រៀងរបស់ជប៉ុនជាមួយនឹងសម្ព័ន្ធមិត្តក្នុងនាមជាប្រទេសដែលចាញ់។ ចាប់ពីពេលនោះភាពស្មុគស្មាញទាំងអស់ចាប់ផ្តើម។
មូលហេតុដែលរដ្ឋធម្មនុញ្ញនេះត្រូវបានបង្កើតឡើងដើម្បីរកឱ្យឃើញថា ភាគីណានឹងទទួលខុសត្រូវចំពោះសង្គ្រាម ពាក់ព័ន្ធនឹងបញ្ហាដោះស្រាយក្រោយសង្គ្រាម។
សម្ព័ន្ធមិត្តគិតថា ជាមូលដ្ឋានអ្នកដែលទទួលខុសត្រូវចំពោះសង្គ្រាមគួរតែជាប្រមុខរដ្ឋពោលគឺអធិរាជ។ ប៉ុន្តែបន្ទាប់ពីអគ្គរាជទូតនៃកងទ័ពអាមេរិកឧត្តមសេនីយ Mac Arthur មកដល់ជប៉ុនផ្លាស់ប្តូរទាំងស្រុង ដោយសម្រេចចិត្តរក្សារបបរបស់អធិរាជ។ មិនដឹងហេតុអ្វីបានជាមនុស្សម្នាក់ដែលតែងតែតាំងចិត្តប្រហារជីវិតអធិរាជដូចជាឧត្តមសេនីយ៍ Mac Arthur បែរជាប្តូរចិត្តយ៉ាងលឿន។ មានពាក្យចចាមអារ៉ាមជាច្រើននិយាយពីរឿងនេះ ប៉ុន្តែយើងនឹងបកស្រាយក្នុងអត្តបទផ្សេង។
ការផ្លាស់ប្តូរចិត្តរបស់ឧត្តមសេនីយ៍តែម្នាក់ឯងមិនមានន័យថាមនុស្សគ្រប់គ្នាក្នុងសម្ព័ន្ធមិត្តសុទ្ធតែយល់ស្របនោះទេ។
ដូច្នេះហើយ មាត្រា ៩ នៃរដ្ឋធម្មនុញ្ញជប៉ុនត្រូវបានបង្កើតឡើងជាការរៀបចំដើម្បីបង្វែរការកាត់ទោសការទទួលខុសត្រូវសង្រ្គាម។
មិនមានកងទ័ពមានន័យថា មិនអាចចូលរួមសង្គ្រាម និយាយដូច្នេះអាចធ្វើអោយមនុស្សជាច្រើនមានអារម្មណ៍ស្ងប់ចិត្ត។
ដូច្នេះតើអំណាចយោធារបស់ជប៉ុនបានមកពីណា បញ្ហានេះក៏មានប្រភពមកពីសម្ព័ន្ធមិត្ត ហើយមជ្ឈមណ្ឌលគឺសហរដ្ឋអាមេរិក។
ជប៉ុនមិនមានកងទ័ពទេ ដូច្នេះសម្ព័ន្ធមិត្តនឹងទទួលខុសត្រូវការពារប្រទេសជប៉ុន។ ប៉ុន្តែនៅពេលដែលសង្រ្គាមកូរ៉េផ្ទុះឡើងនៅឆ្នាំ ១៩៥០ សម្ព័ន្ធមិត្តមិនមានសមត្ថភាពការពារគ្រប់គ្រាន់ ដូច្នេះស្នើអោយជប៉ុនបង្កើតក្រុមដែលហៅថា ក្រុមប៉ូលីសបម្រុង។ ក្រុមនេះត្រូវបានអនុញ្ញាតឱ្យបំពាក់អាវុធខ្លាំង ដើម្បីបំពេញបន្ថែមអង្គភាពប៉ូលីស។ ក្រោយមក ក្រុមវិវត្តទៅជាកងទ័ពធានាសុវត្ថិភាព ហើយនៅឆ្នាំ ១៩៥៤ ត្រូវគេហៅថាកងកម្លាំងស្វ័យការពារ។
កងកម្លាំងស្វ័យការពារត្រូវបានបង្កើតឡើង មានកម្លាំងយោធា យកលេសក្នុងគោលបំណងការពារ ប៉ុន្តែមិនមែនកងទ័ពហើយក៏មិនមែនកម្លាំងប៉ូលីសឡើយ។
ហេតុអ្វីកម្លាំងបែបនេះមិនមែនកងទ័ព? នោះដោយសារតែជនជាតិជប៉ុនប្រើការនិយាយមិនច្បាស់ថា “ជាការបំពាក់តិចតួចបំផុតក្នុងគោលបំណងការពារខ្លួន” ។ ដោយហេតុនេះជប៉ុនពង្រីកអំណាចយោធារបស់ប្រទេសជាតិ ប៉ុន្តែនៅតែអាចគេចចេញពីបទប្បញ្ញត្តិក្រោយសង្គ្រាម។
ដើម្បីពន្យល់បន្ថែមក្នុងឆ្នាំ ១៩៩០ ប្រទេសជប៉ុនបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PKO – Peacekeeping Operations) ។
ទោះបីជាមិនចូលរួមប្រយុទ្ធដោយផ្ទាល់ ប៉ុន្តែកងកម្លាំងស្វ័យការពារប្រើការបំពាក់បន្តិចនេះដើម្បីឈានចូលប្រទេសដទៃទៀត។ តើទង្វើនេះនៅតែស្ថិតក្នុងដែនកំណត់ការពារខ្លួនដែរទេ ការជជែកដេញដោលយ៉ាងខ្លាំងមួយបានកើតឡើងជុំវិញបញ្ហានេះ។
ថ្វីត្បិតតែការជជែកវែកញែកស្តីពីការបកស្រាយមាត្រា ៩ នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែជាក់ស្តែងការប្រណាំងសព្វាវុធកំពុងកើតឡើង។ ដោយចាប់ផ្តើមជាមួយនឹងរថក្រោះ និងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ជប៉ុនបានបន្តនាំចូលយានជំនិះថ្មី ហើយឈានទៅរកការផលិតក្នុងស្រុក។
ថ្វីបើគេនិយាយថាជប៉ុនមិនមាននាវាផ្ទុកយន្តហោះសម្រាប់ប្រើជាជើងទម្រឈ្លានពានទឹកដី ប៉ុន្តែទោះជាយ៉ាងណាជប៉ុននៅតែបង្កើតនាវាផ្ទុកយន្តហោះដូចដែលបានលើកឡើងនៅដើមអត្ថបទ ក្នុងនាមនាវាអមដំណើរ។
ដោយផ្អែកលើការមើលឃើញច្បាស់ណាស់ជានាវាផ្ទុកយន្តហោះ ប៉ុន្តែរដ្ឋាភិបាលជប៉ុននៅតែទទូចដាក់ពង្រាយយានជំនិះក្នុងទម្រង់ជានាវាអមដំណើរឧទ្ធម្ភាគចក្រ។ បន្ទាប់មករួមជាមួយនឹងការទិញយន្តហោះ F-35B របស់អាមេរិក កប៉ាល់នេះត្រូវបានកែឱ្យក្លាយជានាវាផ្ទុកយន្តហោះខ្នាតតូច។
រូបភាព Ảnh https://trafficnews.jp/post/111408
មិនដឹងថាការបង្កើនគ្រឿងសព្វាវុធនេះល្អឬអាក្រក់នោះទេ ប៉ុន្តែច្បាស់ណាស់រដ្ឋាភិបាលជប៉ុនកំពុងជម្រុញការពង្រីកអំណាចយោធាដែលមិនធ្លាប់ប្រកាសផ្លូវការចំពោះប្រជាជន។
ជប៉ុនជាប្រទេសដែលមានកោះច្រើននៅឆ្ងាយពីដីគោក ដូច្នេះហើយត្រូវការនាវាផ្ទុកយន្តហោះដើម្បីការពារខ្លួន ចំណុចនេះសមស្រប។ ទោះជាយ៉ាងណានោះមិនមែនជាបញ្ហាទេ ចំណុចសំខាន់គឺរដ្ឋាភិបាលបានបំភាន់ប្រជាពលរដ្ឋដើម្បីបន្តការអនុវត្ត។
នេះជាផលវិបាកនៃការពង្រីកការបកស្រាយមាត្រា ៩ ក្នុងទិសដៅបិទបាំង ជាជាងការកែប្រែ។
ពង្រីកការបកស្រាយពីមួយទៅមួយទៀត ភាពផ្ទុយគ្នាក្នុងរដ្ឋធម្មនុញ្ញមានច្រើនណាស់រហូតគ្មានអ្វីអាចបិទបាំងបានទៀតទេ។
ទស្សនៈរបស់ជនជាតិជប៉ុនក៏មានភាពចម្រុះផងដែរ អ្នកខ្លះគិតថាជប៉ុនមិនគួរមានកងទ័ពតាមមាត្រា ៩ នៃរដ្ឋធម្មនុញ្ញទេ រីឯខ្លះទៀតគិតថាជប៉ុនមិនត្រូវការយោធាអាមេរិកការពារឡើយ។ សំណួរលើកឡើងថា តើជប៉ុននឹងការពារខ្លួនដោយរបៀបណា? ប៉ុន្តែសម្រាប់ខ្ញុំមិនស្ថិតលើចំណុចនេះទេ។
បញ្ហាគឺថាជប៉ុននៅតែប្រើរដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយអ្នកកាន់កាប់ ទោះបីខ្លួនបានក្លាយជាប្រទេសឯករាជ្យពេញលេញ ហើយមិនដែលពិចារណាថាតើរដ្ឋធម្មនុញ្ញនេះសាកសមនឹងស្ថានភាពជប៉ុនសព្វថ្ងៃដែរទេ។
មិនមែនគួរឬមិនគួរធ្វើវិសោធនកម្មមាត្រា ៩ ទេ ប៉ុន្តែតើល្អទេបើមិនដោះស្រាយនឹងរដ្ឋធម្មនុញ្ញដែលដាក់កំហិតបែបនេះ។ ខ្ញុំគិតថាស្រដៀងនឹងរបៀបរបស់ជនជាតិជប៉ុន នៅពេលដែលពួកគេមិនធ្លាប់ពិភាក្សាចំពោះរឿងនេះ។
ជាជាងការអនុវត្តកំណែទម្រង់ធំ ដំបូងគួរអនុវត្តដោយស្ងៀមស្ងាត់ នោះហើយជាអ្វីដែលជនជាតិជប៉ុនតែងតែបង្ហាញមកក្រៅ។
អ្នកអាន JAPO ម្នាក់សួរខ្ញុំថា “ខ្ញុំឮថាជប៉ុននឹងមិនមានកងទ័ពរយៈពេលពីរបីឆ្នាំខាងមុខ តើពិតទេ? បន្ទាប់ពីពន្យល់ក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការសន្និដ្ឋាន” ។
“រហូតមកជប៉ុននៅតែកាន់អំណាចយោធា ដូច្នេះគួរហៅថាកងទ័ពដែរអត់?”
ខ្ញុំគិតថានោះជាបញ្ហាតែមួយគត់។
ចំពោះបញ្ហានេះអ្នកនយោបាយតែងតែព្យាយាមមិននិយាយ ព្រោះគ្មានអ្នកណាចង់ទទួលខុសត្រូវចំពោះការផ្លាស់ប្តូរធំនោះទេ។
បច្ចុប្បន្នស្ថានភាពខុសកាលពីសម័យសង្គ្រាមលោកលើកទី ២ ប៉ុន្តែប្រសិនបើប្រទេសជប៉ុនមានកងទ័ព ដូច្នេះអាចនឹងចូលរួមក្នុងដំណើរការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះពេលឈានជើងចូលទឹកដីប្រទេសដទៃតាមរយៈប្រតិបត្តិការរក្សាសន្តិភាព កងកម្លាំងស្វ័យការពារមានតួនាទីជំនួយដល់យោធារបស់ប្រទេសផ្សេងទៀត។ ប៉ុន្តែប្រសិនបើត្រូវបានគេហៅថាយោធាជាផ្លូវការ ជប៉ុនអាចប្រើប្រភពកម្លាំងការពារខ្លួនពេញលេញ។
ទោះជាយ៉ាងណាជប៉ុននៅតែបង្កើនកម្លាំងយោធារបស់ខ្លួន ចាប់ផ្តើមដោយការលក់សម្ភារៈយោធាចេញក្រៅប្រទេស។
ដោយផ្ទាល់ខ្ញុំគិតថាមិនអាចបន្តយកលេសថានេះមិនមែនជាកងទ័ព ប៉ុន្តែជាកងកម្លាំងស្វ័យការពារនោះទេ។
សង្គ្រាមបានបញ្ចប់រយៈពេល ៧៦ ឆ្នាំមកហើយ ក្នុងនាមខ្ញុំជាជនជាតិជប៉ុន ខ្ញុំគិតថាដល់ពេលដែលជប៉ុនគួរពិចារណាតើត្រូវបន្តប្រើរដ្ឋធម្មនុញ្ញដែលសម្ព័ន្ធមិត្តបានដាក់អោយអនុវត្តកន្លងមក ជាជាងសួរថាគួរកែប្រែឬអត់។
ដោយហេតុនេះយើងនឹងអាចបិទដានសង្គ្រាមដើម្បីបើកទំព័រថ្មីទាំងស្រុង។
Kengo Abe