នៅទីសក្ការបូជា Gohozan Kumano ចិញ្ចឹមសេះសក្តិសិទ្ធិ
តាំងពីបុរាណកាលនៅតាមទីសក្ការបូជារបស់ជប៉ុនមានទំនៀមទម្លាប់ចិញ្ចឹមសេះ Shinme (សេះសក្តិសិទ្ធិ) ដែលជាសត្វធ្វើដំណើររបស់អាទិទេព។
ទោះជាយ៉ាងណាការចិញ្ចឹមសេះនៅក្នុងប្រាសាទពិបាកណាស់ ដូច្នេះទំនៀមទម្លាប់ចិញ្ចឹមសេះត្រូវបានជំនួសដោយរូបតំណាងផ្ទាំងឈើ Ema ។ ដើមឡើយផ្ទាំងឈើមានរូបសេះ បន្ទាប់មកបន្ថែមដោយរូបជាច្រើនផ្សេងទៀត។
រហូតមកដល់ពេលនេះទីសក្ការបូជា Shinto មិនច្រើនទេដែលនៅរក្សាទំនៀមទម្លាប់ចិញ្ចឹមសេះសក្តិសិទ្ធិ។ ប្រាសាទទីសក្ការៈបូជា Gohozan Kumano ស្រុក Katsushika-ku ទីក្រុងតូក្យូជាកន្លែងមួយក្នុងចំណោមនោះ។
កាលពីជាង ១០០០ ឆ្នាំមុនទីសក្ការៈបូជា Gohozan Kumano ទីក្រុងតូក្យូដែលសាងសង់នៅលើ Sanjikken-gokaku មានរូបបញ្ចកោណពេញលេញ ដោយផ្អែកលើទ្រឹស្តី Yin និង Yang ជាមួយធាតុទាំងប្រាំនៃ Onmyodo ដែលបង្កើតឡើងដោយគ្រូសិល្ប៍ល្បីនៅពាក់កណ្តាលសម័យ Heian លោក Abe no Seimei ពេលគាត់ទៅដល់ទីនោះ។
បច្ចុប្បន្ននេះទីសក្ការៈបូជា Gohozan Kumano កំពុងចិញ្ចឹមសេះសក្តិសិទ្ធិចំនួន ៣ ក្បាលដែលក្នុងនោះសេះ Kirara កាន់តំណែងនាំមុខ ហើយក៏ជាតួអង្គសំខាន់បំផុតក្នុងទីសក្ការបូជាផងដែរ។ ចំណែកឯសេះសក្តិសិទ្ធិពីរក្បាលផ្សេងទៀតមាន Choco ជាប្រភេទពូជសេះតូចដែលគេយកចូលប្រាសាទក្នុងឆ្នាំ ២០១១ និង Vanilla ជាប្រភេទពូជសេះជប៉ុនចូលរួមសមាជិកសេះសក្តិសិទ្ធិនៅឆ្នាំ ២០១៩ ។
ចៅអធិការទីសក្ការៈបូជា Gohozan Kumano លោក Chishima Shunji បានអោយដឹងថា Kirara ជាសេះញីស្ថិតក្នុងប្រភេទពូជ Shetland Pony ដែលជាសេះឆ្លាតវៃបំផុតសព្វថ្ងៃ។ សេះ Shetland Pony ថែមទាំងត្រូវបានប្រជាជនចាត់ទុកដូចជាសត្វតំណាងប្រទេស ទោះបីវាមានអាយុ ២៧ ឆ្នាំ ប៉ុន្តែ Kirara នៅតែមានសុខភាពល្អខ្លាំងណាស់។
“Shinme” Kirara មានភាពជិតស្និទ្ធនឹងព្រះចៅអធិការ Chishima Shunji ។ សេះត្រូវគេបញ្ជូនចូលទីសក្ការៈបូជាតាំងពីអាយុ ៦ ឆ្នាំ។ ដោយភាពវៃឆ្លាត Kirara ចំណាយពេលខ្លីដើម្បីស៊ាំនឹងបរិយាកាសរស់នៅថ្មី។
“ខ្ញុំគិតថាគួរតែមានសេះសក្តិសិទ្ធិរស់នៅក្នុងទីសក្ការៈបូជា។ សំណាងល្អខ្ញុំធ្លាប់ធ្វើជាគ្រូបង្វឹកនៅទីលានប្រណាំងសេះ ខ្ញុំធ្លាប់ទៅដល់កសិដ្ឋាននៅឯស្រុកកំណើតហុកកៃដូកាលខែធ្នូឆ្នាំ ២០០០ ដើម្បីនាំ Kirara មកទីនេះ” ។
ព្រះចៅអធិការ Chishima Shunji បានចែករំលែកបន្ថែម។
ជីតារបស់លោក Chishima Shunji ជាគ្រូបង្ហាត់សេះ ហើយចំណែកឪពុករបស់គាត់ក៏ជាអ្នកជិះសេះផងដែរ។ លោក Chishima Shunji ក៏ធ្លាប់ចូលរួមប្រកួតជិះសេះ ហើយក៏ធ្លាប់ជាគ្រូបង្វឹកនៅទីលានប្រណាំងនៃសមាគមកីឡាប្រណាំងសេះជប៉ុន (JRA) មុនពេលចូលបម្រើការងារក្នុងប្រាសាទ។
នៅខាងក្នុងបរិវេណទីសក្ការៈបូជា Gohozan Kumano មានកន្លែងដោយឡែកសម្រាប់ប្អូនៗប្រឡែងលេងជាមួយសេះសក្តិសិទ្ធិ។ នៅពេលនោះប្រាសាទប្រៀបដូចជាសាលាមត្តេយ្យអ៊ូអរ។
លោក Chishima Shunji ញញឹម ហើយនិយាយថា “ដើមឡើយសេះមិនទម្លាប់នឹងក្មេងៗ ប៉ុន្តែក្រោយមកសេះក៏កាន់តែរីករាយនៅពេលដែលក្មេងៗមកលេងក្នុងថ្ងៃបុណ្យ” ។
ដើម្បីអោយកុមារអាចមើលថែសេះសក្តិសិទ្ធិ និងអង្គុយលើពួកវា អាចជួយអោយប្អូនៗដឹងពីរបៀបបង្កើតមិត្តភាពជាមួយសត្វ។
“សេះមិនស្ទាក់ស្ទើរក្នុងការបង្ហាញពីអារម្មណ៍របស់វាទេ ប្រសិនបើសេះមិនចូលចិត្តអ្វីមួយវានឹងទទួលបានអារម្មណ៍ភ្លាមៗ។ ដូច្នេះការដែលអនុញ្ញាតអោយប្អូនៗលេងជាមួយសេះជួយពួកគេអភិវឌ្ឍអារម្មណ៍រៀងៗខ្លួន” ។
ជាពិសេសក្នុងខែតុលារាល់ឆ្នាំទីសក្ការៈបូជា Gohozan Kumano មានប្រារព្ធពិធីបរិសុទ្ធ ដើម្បីបួងសួងដល់សុខភាព និងអាយុវែងអោយសត្វចិញ្ចឹម។ តាំងពីសេះសក្តិសិទ្ធិ Kirara មកដល់ប្រាសាទ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅថ្ងៃមមីជារៀងរាល់ខែ។
លោក Chishima Shunji បានបន្តទៀតថាកាលពីខែមេសាឆ្នាំនេះនៅកសិដ្ឋាន Chiba សេះញីដែលគាត់ចិញ្ចឹមកើតបានសេះកូនពណ៌សមួយក្បាល។
“ខ្ញុំមិនដឹងថាត្រូវចំណាយពេលប៉ុន្មានឆ្នាំនោះទេ ប៉ុន្តែប្រហែលនាពេលអនាគតនឹងមានពូជសេះសត្រូវបញ្ជូនទៅកាន់ទីសក្ការបូជា Kumano” ។
Hana