បុរសជនជាតិជប៉ុនទើបតែអាយុ ៣០ ឆ្នាំ និងជីវិតជួប​ការ​លំបាក​ក្នុង​សង្គម

វិបិត្តិសេដ្ឋកិច្ចអូសបន្លាយរយៈពេលយូរបានពង្រីកគម្លាតរវាងអ្នកមាន និងអ្នកក្រនៅជប៉ុន។ ក្រោមឥទ្ធិពលនៃជំងឺ​កូវីដ ១៩ គម្លាតនេះកាន់តែធំ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនគិតត្រឹមខែតុលាឆ្នាំ ២០២១ មានបុគ្គលិកប្រមាណ ១១៨,៣១៧ នាក់ត្រូវបញ្ឈប់ពីការងារដោយ​សារ​ផល​ប៉ះ​ពាល់នៃជំងឺកូវីដ ១៩ ។ ទន្ទឹម​នឹងនេះក្រុមហ៊ុនជាច្រើននៅជប៉ុនជួល​និស្សិត​​ដែល​ទើប​បញ្ចប់​ការ​សិក្សា។ ប្រសិនបើ​ក្រឡេក​​តែ​ចំនួន​និស្សិតបញ្ចប់ការសិក្សា​ដែល​មិន​អាច​រក​ការ​ងារ​​ធ្វើ ជាក់ស្តែងចំនួនអ្នកកំពុងគ្មានការងារធ្វើនៅជប៉ុន​ខ្ពស់ជាងតួលេខដែលបានប្រកាសទៅទៀត។

និយោជិតអចិន្ត្រៃយ៍ប្រឈមនឹងហានិភ័យបាត់បង់ការងារទាបជាង ប៉ុន្តែហានិភ័យនេះខ្ពស់ចំពោះបុគ្គលិកក្រៅម៉ោងឬបុគ្គលិកក្រៅផ្លូវការ។

នេះជារឿងរ៉ាវរបស់បុគ្គលម្នាក់ធ្លាក់ដល់បាតសង្គម​ដោយសារ​តែ​បាត់បង់​ការងារ​ក្នុង​ស្ថានភាពលំបាកសព្វថ្ងៃ។

រូបភាព https://nikkan-spa.jp/1788962/2

យើងនឹងហៅឈ្មោះបុរសម្នាក់នេះបណ្តោះអាសន្នថា Kitamura ។

កាលពីមុនគាត់ធ្លាប់ដេកនៅក្នុងឃ្លាំងក្រុមហ៊ុនថ្នាំលាបមួយ ប៉ុន្តែតាំងពីមួយឆ្នាំមុនគាត់អាចស្នាក់នៅក្នុងផ្ទះល្វែង​តាម​កិច្ចសន្សា។

បន្ទាប់ពីបញ្ចប់ការសិក្សាគាត់មិនអាចរកការងារដែលមានស្ថេរភាពបានទេ ដូច្នេះគាត់ត្រូវធ្វើការងារតាមរដូវដូចជាការងារក្រៅម៉ោងសម្រាប់រោងចក្រអាហារជាដើម។

នៅពេលនោះទោះរកមិនបានច្រើនតែគិតទៅក៏គ្រប់ល្មមអាចរស់បាន ប៉ុន្តែជីវិតប្រែប្រួលទាំងស្រុងតាំងពីពេលគាត់ទទួលធ្វើជាអ្នកធានាអោយមិត្តភក្តិកម្ចីប្រាក់។ ដោយ​សារ​មិត្ត​ម្នាក់​នេះគ្មានលទ្ធភាព​សង​បំណុល ដូច្នេះលោក Kitamura ទទួលបំណុលរបស់មិត្តភក្តិ។ ស្រាប់តែលោក Kitamura ធ្លាក់ក្នុងស្ថានភាពជំពាក់បំណុល បន្ទាប់មកទៀតជំងឺកូវីដ ១៩ ក៏ផ្ទុះឡើង។

យូរៗទៅគាត់បាត់បង់ការងារក្រៅម៉ោង ហើយនៅទីបំផុតក្លាយជាអ្នកគ្មានការងារធ្វើ។ មានន័យថា Kitamura កំពុង​ធ្លាក់ក្នុងស្ថានភាពជំពាក់បំណុល ប៉ុន្តែគ្មានប្រាក់ចំណូល។ គាត់​ក៏​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​ជួលសព្វថ្ងៃដោយ​សារ​ជំពាក់​ថ្លៃ​ជួល។

ចាប់តាំងពីពេលនោះមកគាត់ដេកនៅហាងអុីនធឺណេត ២៤ ម៉ោង ប៉ុន្តែបន្ទាប់ពីសេចក្តីប្រកាសត្រូវបិទនៅម៉ោង ២៣ៈ០០ ។

គ្មានការងារធ្វើ ជំពាក់បំណុល គ្មានផ្ទះសម្បែង Kitamura ក្លាយជាជនអនាថា។

Kitamura ស្វែងរកជំនួយនៅលើវេទិកាអុីនធឺណេត នៅលើវេទិកាមួយដែលប្រមូលផ្តុំអ្នកមានស្ថានភាពដូចគ្នា ពេល​នោះ Kitamura រកឃើញផ្ទះជួលដែលមានតម្លៃថោក។ ផ្ទះមួយនេះមិនចាំបាច់បង់ថ្លៃចូលដំបូង ហើយឥតគិត​ថ្លៃសម្រាប់ការស្នាក់នៅ ២ ខែដំបូងផងដែរ។

ម្ចាស់ផ្ទះតែងតែជួយអ្នកគ្មានផ្ទះសម្បែងដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែបុគ្គលនេះដាក់លក្ខខណ្ឌ​មួយពោលត្រូវទទួលបានការ​ឧបត្ថម្ភចិញ្ចឹម​ជីវិត​ពី​រដ្ឋាភិបាល។ ជំនួយ​ចិញ្ចឹម​ជីវិតជា​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជន​ក្រីក្រ​តាម​រយៈ​ប្រាក់ប្រចាំខែ។ ដូច្នេះឃើញថាចេតនារបស់ម្ចាស់ផ្ទះចង់បានថ្លៃជួលខ្ពស់ជាងតម្លៃទីផ្សារ។ Kitamura យល់ថាបុគ្គលម្នាក់នេះ​កំពុង​ធ្វើ​ជំនួញ​លើ​ជន​ក្រីក្រជាជាង​មាន​ចេតនា​ល្អ ដូច្នេះហើយសម្រេចចិត្តមិន​រស់​នៅ​ទី​នោះ។

គាត់បន្តពិភាក្សាជាមួយបុគ្គលម្នាក់មកពីក្រុមហ៊ុនថ្នាំលាបឯកជនលើវេទិកា ដោយបង្ហាញពីបំណងចង់ខ្ចីកន្លែង​តូចមួយក្នុងរោងចក្រធ្វើជាជម្រកបណ្តោះអាសន្ន។ ដោយ​សារ​តែ​រោង​ចក្រ​មិន​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ស្នាក់​នៅដូច្នេះគ្មានគ្រឿង​បរិក្ខារ​ដូច​ជា​ផ្កាឈូកងូតនោះទេ។ ពេលងូតទឹក Kitamura កក់សក់ផ្ទាល់លើទុយោទឹក បន្ទាប់​មក​ជ្រលក់​កន្សែង​សើម​ជូត​ខ្លួន។

ក្រៅពីនេះដោយសារបរិយាកាសជួលជាឃ្លាំង ដូច្នេះ Kitamura ត្រូវរស់នៅជាមួយឧបករណ៍លាបពណ៌ និងសំរាម។ គាត់បង្ហាញប្រាប់ម្ចាស់ផ្ទះពីបំណងចង់រកការងារធ្វើ ប៉ុន្តែ​បុគ្គល​រូប​នេះ​បដិសេធព្រោះពិបាកក្នុងអំឡុងជំងឺរាត​ត្បាត​កូវីដ ដូច្នេះគ្មានបំណងជួល​កម្មករ​បន្ថែម​ទៀត​ទេ ។

ថ្វីត្បិតគាត់ពិតជាចង់រកការងារបានឆាប់ៗតែដោយសារកន្លែងស្នាក់នៅបច្ចុប្បន្ន​មិនអាចដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍ ។ ទោះបីជាមានបទពិសោធន៍ការងារបណ្ដោះ​អាសន្ន​ជាច្រើន ប៉ុន្តែ Kitamura មិនមានជំនាញលេចធ្លោ ហើយក៏គ្មានជំនាញការិយាល័យដែរ។

ស្ថានភាពនេះមិនអាចបន្តរហូតនោះទេ ទោះជាម្ចាស់ផ្ទះចិត្តល្អក៏ដោយ ប៉ុន្តែប្រសិនបើគ្មានការងារធ្វើ Kitamura ត្រូវចាកចេញពីកន្លែងនេះ។

ក្នុងយុគសម័យឌីជីថលគ្រាន់តែមានកុំព្យូទ័រ និងអុីនធឺណេត អ្នកអាចរកប្រាក់តាមវិធីជាច្រើន ប៉ុន្តែចុះអ្នកដែលមិនចេះបច្ចេកវិទ្យាត្រូវធ្វើយ៉ាងណា? 

ទើបតែអាយុ ៣០ ឆ្នាំ ប៉ុន្តែ Kitamura ស្ទើរតែធ្លាក់ខ្លួនទាំងស្រុង។ តើដល់ពេលទើបគាត់អាចគ្រោកឈរ និងត្រឡប់​ទៅជីវិតពីមុនវិញ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: