ហេតុអ្វីបានជាករណីលួចគ្រឿងបន្លាស់រថយន្តនៅជប៉ុនកើនឡើងច្រើន?
នៅក្នុងទីក្រុងស្រុកកំណើតរបស់ក្រុមហ៊ុនរថយន្តដ៏ល្បី Toyota ថ្មីៗនេះកម្លាំងប៉ូលិសបានប្រទះនឹងករណីចោរកម្មដ៏កម្រមួយ។
កាលពីខែមុនរថយន្ត Toyota Prius មួយគ្រឿងត្រូវជនអាក្រក់លួចនៅទីក្រុង Nagakute ខេត្ត Aichi ។ ក្រោយមករថយន្តនេះត្រូវបានរកឃើញ ប៉ុន្តែឧបករណ៍បំលែងឧស្ម័ន (Catalytic converter) ត្រូវយកចេញ។
មន្ត្រីប៉ូលិសក្នុងតំបន់បានបង្ហើបប្រាប់កាសែត Nikkei Asia ថា៖ “ពីមុនមកខ្ញុំមិនធ្លាប់ជួបករណីណាដូចនេះកើតឡើងក្នុងស្រុកឡើយ” ។
ទោះជាយ៉ាងណានេះមិនមែនជាករណីកម្រនៅបណ្តាប្រទេសដូចជាអង់គ្លេសឬសហរដ្ឋអាមេរិកនោះទេ។ ឧបករណ៍បំលែងឧស្ម័នបានក្លាយជាគោលដៅចម្បងរបស់ចោរនៅបណ្តាប្រទេសទាំងនេះ ព្រោះវាផ្ទុកលោហធាតុឧស្សាហកម្មដែលកម្រជាងមាសទៅទៀត។
ឧបករណ៍បំលែងឧស្ម័នមានផ្ទុក rhodium និង palladium ដែលជាលោហៈស្ថិតក្នុងប្រភេទផ្លាទីន។ ទោះបីជាគ្រឿងបន្លាស់នីមួយៗមានផ្ទុកលោហៈកម្រប៉ុន្មានក្រាមក៏បានទាក់ទាញចោរទៅហើយ។ Rhodium និង palladium ត្រូវបានផលិតក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដែលថ្មីៗនេះតម្លៃកំពុងកើនឡើងយ៉ាងខ្លាំង។
ជាក់ស្តែងតម្លៃរបស់ rhodium កើនឡើងយ៉ាងខ្លាំងនៅពាក់កណ្តាលឆ្នាំ ២០២០ ដល់កម្រិតកំណត់ត្រាជិត ៣ ម៉ឺនដុល្លារ/ounce កាលពីខែមីនាឆ្នាំនេះជាង ៥ ដងនៃកម្រិតកាលពីឆ្នាំមុន។
ទាំង rhodium និង palladium សុទ្ធតែមានតម្លៃជាងមាស លោហៈនេះមានតម្លៃប្រហែល ១៨០០ ដុល្លារ/ounce ។ ការរំខានផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ ១៩ និងបញ្ហាការជីកយករ៉ែបានរឹតបន្តឹងការផ្គត់ផ្គង់ ប៉ុន្តែតម្រូវការរថយន្តបានស្ទុះងើបឡើងវិញ នៅពេលដែលសេដ្ឋកិច្ចត្រូវបានស្តារមកវិញក្រោយជំងឺរាតត្បាត។
បច្ចុប្បន្នចោរនៅជប៉ុនក៏មានបំណងតាមប្រមាញ់លោហៈមានតម្លៃក្នុងគ្រឿងបន្លាស់រថយន្ត។ យោងតាមភ្នាក់ងារប៉ូលិសជាតិកាលពីខែសីហាមាន ៧៤៣ ករណីលួចនៅទូទាំងប្រទេស កើនឡើងប្រហែល ៨០% ធៀបនឹងឆ្នាំមុន។
អាជ្ញាធរ និងអាជីវកម្មជប៉ុនកំពុងស្វែងរកដំណោះស្រាយចំពោះករណីលួចគ្រឿងបន្លាស់។ ប៉ូលិសខេត្ត Aichi បានបើកការស៊ើបអង្កេតទៅលើរបៀបលក់ឧបករណ៍បំលែងឧស្ម័នដែលត្រូវលួច។ ជាមួយគ្នានេះអគ្គស្នងការនគរបាលជាតិបានជម្រុញអោយឱ្យអ្នកកែច្នៃផ្ទៀងផ្ទាត់អត្តសញ្ញាណ និងរក្សាទុកកំណត់ត្រាប្រតិបត្តិការ។
ព័ត៌មានករណីលួចគ្រឿងបន្លាស់រថយន្តកាលពីពេលថ្មីៗនេះនៅប្រទេសជប៉ុន
ម្ចាស់ហាងអេតចាយក្នុងតំបន់តូក្យូបាននិយាយថា “ប្រសិនបើនរណាម្នាក់មកលក់អ្វីមួយ យើងអាចស្នើសុំឱ្យពួកគេបង្ហាញអត្តសញ្ញាណ” ។
Japo Cambodia