ការនិយមរស់នៅលើរថយន្តបោះជំរុំអាចធ្វើដំណើរគ្រប់ទីកន្លែង
ថ្មីៗនេះអាជីវកម្មរថយន្តបោះជំរុំដំណើរការយ៉ាងរលូននៅក្នុងប្រទេសជប៉ុន។ រថយន្តបោះជំរុំគឺជាយានជំនិះដែលផ្នែកខាងក្នុងត្រូវបានបែងចែកទៅជាកន្លែងផ្សេងៗ (ដូចជាបន្ទប់) សម្រាប់គោលបំណងបោះជំរុំ។ មូលហេតុដែលធ្វើអោយអាជីវកម្មអំណោយផលប្រហែលមកពីមនុស្សជាច្រើនមានការព្រួយបារម្ភប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងរដូវការរីករាលដាលនៃជំងឺកូវីដ ១៩ ។
នៅសហរដ្ឋអាមេរិករថយន្តបោះជំរុំមានទំហំធំប៉ុនឡានក្រុង។
រូបភាព https://www.asahi.com/and/article/20200311/10416320/
ជាមួយនឹងទំហំធំបែបនេះយើងអាចរៀបចំផ្នែកខាងក្នុងដូចជាផ្ទះចល័ត ប៉ុន្តែជាការពិតណាស់ទំហំស្របទៅនឹងតម្លៃ មិនត្រឹមតែប៉ុណ្ណឹងរថយន្តធំមិនសាកសមនឹងស្ថានភាពផ្លូវនៅប្រទេសជប៉ុននោះទេ។
នៅជប៉ុនរថយន្តបោះជំរុំភាគច្រើនមានទំហំតូចដូចបានបង្ហាញខាងក្រោម។
រូបភាព https://rental-camper.jp/shops/kanto/tokyo/9503/
ទំហំំនេះសាកសមសម្រាប់ការធ្វើដំណើរលើគ្រប់សណ្ឋានដីនៅប្រទេសជប៉ុន។ អ្នកអាចធ្វើដំណើរជាមួយក្រុមគ្រួសារ មិត្តភក្តិ និងគូស្នេហ៍ទៅគ្រប់កន្លែង។ ក្រៅពីរថយន្តបោះជំរុំនេះនៅមានមួយប្រភេទទៀត ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពិសេស ដូច្នេះគេមិនសូវពេញនិយមឡើយ។
ថ្វីត្បិតតែ មានទំហំតូចជាង ប៉ុន្តែគ្រឿងសង្ហារិមនៅតែប្រកបដោយគុណភាពល្អ។ អាស្រ័យលើម្ចាស់ ពួកគេនឹងបំពាក់រថយន្តធ្វើយ៉ាងណាអាចបំពេញតម្រូវការចាំបាច់ដូចជាកន្លែងសម្រាក គ្រែធំ កន្លែងធ្វើការ កន្លែងចម្អិនអាហារជាដើម។
តោះមកក្រឡេកមើលរថយន្តបោះជំរុំនៅប្រទេសជប៉ុនទាំងអស់គ្នាណា!!!
រថយន្តមានគ្រែពីរជាន់ថេរ។
រូបភាព https://news.drimo.jp/campingcar-description/camping-car-bed-dainet/
ដោយសារវាមិនមែនជាប្រភេទបត់ ដូច្នេះមិនពិបាកប្រើពេកទេ។ លើសពីនេះថែមទាំងមានតុ អ្នកអាចប្រើសម្រាប់ទទួលទានអាហារ ឬធ្វើការ។
ចំណែកនេះជាការរចនាគ្រឿងសង្ហារិមមួយផ្សេងទៀត គ្រែនៅខាងលើកៅអីអ្នកបើកបរ។
ក្នុងរូបភាពខាងក្រោម តើអ្នកឃើញថាដំបូលរថយន្តមានលក្ខណៈចម្លែកបន្តិចបើប្រៀបទៅនឹងរថយន្តផ្សេងទៀតទេ? ផ្នែកដែលគូសរង្វង់ពណ៌ក្រហមក្នុងរូបភាពជាកន្លែងសម្រាប់ដាក់គ្រែ។ ដោយសារទំហំនៅទីនេះទាបបន្តិច ដូច្នេះគ្រែសម្រាប់តែគេងប៉ុណ្ណោះ ផ្ទុយទៅវិញកន្លែងផ្សេងទៀតធំទូលាយ។
ក្រៅពីនេះក៏មានប្រភេទរថយន្តក្រាលពូកធ្វើជាគ្រែផងដែរ។
ការដំឡើងប្រភេទនេះមានភាពស្មុគស្មាញបន្តិច ប៉ុន្តែអ្នកនឹងទទួលបានកន្លែងដេកធំទូលាយ។ ពេលមិនចាំបាច់គ្រាន់តែក្រាលពូកពីរបីធ្វើជាកន្លែងអង្គុយគេង។
នៅជ្រុងខាងស្តាំមានផ្ទះបាយខ្នាតតូចដែលអនុញ្ញាតអោយអ្នករៀបចំអាហារងាយៗ។
ប្រសិនបើអ្នកមិនចូលចិត្តបរិយាកាសតូចចង្អៀត អ្នកប្រហែលជាចូលចិត្តប្រភេទរថយន្តបោះជំរុំដំបូលខ្ពស់នេះ។
ដោយសារតែដំបូលអាចលើកឡើងដាក់ចុះ ដូច្នេះបរិយាកាសខាងក្នុងក៏ធំជាងដែរ។ គួរអោយស្តាយប្រភេទនេះសព្វថ្ងៃឈប់លក់ហើយ។
ផ្នែកខាងក្រោមជារថយន្តបោះជំរុំពិសេសសម្រាប់បើកពិធីជប់លៀង។
ក្នុងរថយន្តមានអេក្រង់ ដូច្នេះអ្នកអាចបើកពិធីជប់លៀងច្រៀងខារ៉ាអូខេ។ អ្នកអាចច្រៀងខារ៉ាអូខេនៅក្នុងព្រៃភ្នំឬសមុទ្រដ៏ធំទូលាយ ដោយមិនខ្លាចរំខានអ្នកជិតខាង តើមានអ្វីល្អជាងនេះទៀត?
ក្រៅពីប្រើរថយន្តទាំងនេះសម្រាប់បោះជំរុំ មនុស្សមួយចំនួនថែមទាំងរស់នៅលើរថយន្តផងដែរ។
ក្នុងរូបភាពពួកគាត់ទាំងពីររស់នៅលើរថយន្តរយៈពេល ៣ ឆ្នាំមកហើយ។
រូបភាព https://news.drimo.jp/knowledge/ym-cabcom210604
ថ្វីត្បិតតែទំហំតូច ប៉ុន្តែមានបំពាក់ទៅដោយគ្រែ ផ្ទះបាយ បង្គន់ និងផ្កាឈូកងូត។
បញ្ហាមានតែមួយគត់គឺដោះស្រាយទឹកសំណល់ចេញពីបង្គន់។ ដោយមូលហេតុនេះរថយន្តបោះជំរុំភាគច្រើនដែលផលិតនៅជប៉ុនមិនមានបង្គន់ទេ។ ទោះជាយ៉ាងណា អ្នកអាចប្រើបង្គន់នៅតាមហាងលក់ទំនិញនានាទូទាំងប្រទេស នៅពេលត្រូវការងូតទឹកគ្រាន់តែចូល Sento ឬ Onsen រីឯបោកគក់គ្រាន់តែដាក់ចូលម៉ាសុីនបោកគក់ប្រើកាក់។ ជប៉ុនជាប្រទេសដែលសាកសមសម្រាប់ដំណើរកំសាន្តលើរថយន្តណាស់មែនទេ?
នៅប្រទេសជប៉ុនកំពុងនិយមធ្វើការពីចម្ងាយ (Remote Work) ដោយសារបញ្ហាជំងឺកូវីដ ១៩ ។ ការដំឡើងអុីនធឺណេតលើរថយន្តក៏មិនពិបាកដែរ ដូច្នេះជីវិតធ្វើដំណើរគ្រប់ទីកន្លែងមិនមែនមានតែនៅក្នុងភាពយន្តប៉ុណ្ណោះទេ។
ទោះជាយ៉ាងណា មនុស្សមួយចំនួនដែលមិនអាចសម្របខ្លួនភ្លាមៗ ក្នុងករណីនេះខ្ញុំសូមណែនាំជួលរថយន្តធ្វើដំណើរសាកល្បងមួយសប្តាហ៍សិន។
តើអ្នកចង់ផ្លាស់ប្តូរការរស់ជាមួយនឹងរថយន្តបោះជំរុំដែរទេ?
Kengo Abe