ប្រព័ន្ធ Sankinkoutai រួមចំណែកយ៉ាងច្រើនចំពោះការកសាងផ្លូវ និង​អភិវឌ្ឍអេដូដែលជាទីក្រុងតូក្យូសព្វថ្ងៃ

ក្នុងនាមជាអ្នកដែលទៅធ្វើការឆ្ងាយញឹកញាប់ ខ្ញុំ​តែងធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន។ ប៉ុន្តែខ្ញុំទទួលស្គាល់ថាប្រព័ន្ធ​​ផ្លូវនៅជប៉ុនគួរអោយចាប់អារម្មណ៍ជាងគេ។ ផ្លូវនៅទីនេះទទួលបានការថែរក្សាយ៉ាងល្អតាំងពីផ្លូវធំ ផ្លូវ​ហាយ​វេ រួមទាំងផ្លូវនៅតំបន់ជនបទ។ មូលហេតុ​ដែលផ្លូវត្រូវបានរក្សាក្នុងសភាពល្អបំផុតដោយសារបច្ចេក​​ទេស​កសាង​ផ្លូវទំនើបក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណា មូលហេតុដើមមកពីរបប Sankinkoutai ដែល​មាន​តាំងពីសម័យសាមូរ៉ៃ។

រូបភាព https://intojapanwaraku.com/culture/107225/

Sankinkoutai គឺជាបទដ្ឋានតាំងពីសម័យអេដូដែលជាយុគសម័យចុងក្រោយរបស់សាមូរ៉ៃ។ និយាយអោយខ្លីនេះជាច្បាប់ដែលធ្វើឱ្យ “សាមូរ៉ៃក្នុងស្រុកខ្ជះខ្ជាយប្រាក់” ។

មុនពេលឈានដល់សម័យអេដូ ប្រទេសជប៉ុនត្រូវបានបែងចែកជាតំបន់ដូចជាខេត្តនៃប្រទេសជប៉ុនសម័យនេះ តំបន់នីមួយៗដូចជាប្រទេសតូចមួយ។

ទោះជាយ៉ាងណា តំបន់នីមួយៗយល់ស្របថា ព្រះចៅអធិរាជជារាជបុត្រលើស្ថានសួគ៌ ហើយជាអ្នកនាំមុខប្រទេស។ តាមថ្នាក់ខេត្ត Daimyo (ស្តេចត្រាញ់) ជាអ្នកគ្រប់គ្រងតំបន់ដ៏ធំមួយ។ ដោយសារបង្ក្រាបពួកគេទើប Ieyasu Tokugawa បង្កើត Bakufu ដោយជោគជ័យ។

យោងតាមរចនាសម្ព័ន្ធសង្គមនៅពេលនោះ ប្រសិនបើត្រកូលមួយក្នុងស្រុកកាន់កាប់ទ្រព្យសម្បត្តិច្រើនពេក ហានិ​ភ័យ​កើត​មានការ​បះបោរនឹងកាន់តែខ្ពស់។ ដូច្នេះដើម្បីបញ្ចៀស​ហានិភ័យ​នេះ Bakufu បាន​អនុម័ត​ប្រព័ន្ធ Sankinkoutai ។

ប្រព័ន្ធ Sankikotai ត្រូវបានអនុវត្តចំពោះ Daimyo ទាំង ២៥០ ។ តាមច្បាប់ Daimyo នឹងឆ្លាស់គ្នាមួយឆ្នាំនៅ​អេដូ មួយឆ្នាំនៅស្រុកកំណើតដោយមិននាំក្រុមគ្រួសារតាម។ ប្រព័ន្ធនេះក្នុងគោលបំណងធ្វើឱ្យកម្លាំងរបស់ Daimyo ចុះ​ខ្សោយ ហើយក្នុងពេលតែមួយផ្តល់ឱកាសឱ្យពួកគេបង្ហាញពីសមត្ថភាពរបស់ខ្លួន។

ក្នុងនាមជា Daimyo ដែលមានអំណាចក្នុងតំបន់ទាំងមូល ជាការពិតណាស់ ការធ្វើដំណើរពីស្រុកកំណើតទៅកាន់​អេដូ ឬត្រលប់មកវិញមិនអាចប្រព្រឹត្តទៅដោយស្ងៀមស្ងាត់នោះទេ។ ប្រាកដជាអាម៉ាស់មុខបើស្តេចត្រាញ់ដ៏មានអំណាចទាំងមូលមានអ្នកអបដំណើរតិច។ ដូច្នេះការធ្វើដំណើរជា​ឱកាស​មួយ​សម្រាប់​ Daimyo បង្ហាញ​ទ្រព្យសម្បត្តិ​របស់ខ្លួន។ លទ្ធផលយើងមើលឃើញទិដ្ឋភាពខាងក្រោមនេះ។

នេះជាទិដ្ឋភាពធ្វើដំណើរទូទៅរបស់ Daimyo ដោយក្រឡេកមើលជួរអ្នកហែហមយើងអាចគិតស្មានប្រាក់ដែលស្តេចត្រាញ់ចំណាយមិនតិចឡើយ។ សូមក្រឡេកមើលការចំណាយសម្រាប់ការធ្វើដំណើររបស់ស្តេចត្រាញ់តំបន់ Kaga (ខេត្ត Ishikawa សព្វថ្ងៃ) ជាស្តេចត្រាញ់ដែលមានទ្រព្យសម្បត្តិ និងអំណាចបំផុតពេលនោះ។

ដើម្បីទៅដល់អេដូពួកគេត្រូវចំណាយពេល ១៣ ថ្ងៃ ១២ យប់ ដោយចំណាយអស់ប្រហែល ២៤០ លានយ៉េន។ ចំនួនមនុស្សតិចបំផុតចូលរួមការធ្វើដំណើររបស់ស្តេចត្រាញ់រូបនេះប្រហែល ២០០០ នាក់ ស្មើចំនួនប្រជាជនក្នុងក្រុងតូចមួយ។

ព្រោះតែប្រព័ន្ធ Sankikoutai ចំនួនមនុស្សចេញចូលអេដូសម័យនោះមានភាពអ៊ូអរណាស់។ ដោយហេតុ​នេះគេអាចនិយាយថាអេដូជាគំរូនៃ​ទីក្រុង​តូក្យូ​សព្វថ្ងៃ។

ដូច្នេះតើចំណុចនេះ​មាន​អ្វី​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​ដើម​អត្ថបទ?

កាលពីមុនមានតែឈ្មួញទើបធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែបន្ទាប់ពីប្រព័ន្ធ Sankikotai ដាក់ចេញ មនុស្សកាន់តែច្រើនធ្វើដំណើរ ដូច្នេះគេផ្តោតសំខាន់លើផ្លូវ។ ហេតុនេះផ្លូវត្រូវបានជួសជុល និងកែលម្អ ក្រៅពីនេះទីប្រជុំជន និងហាងទំនិញជាច្រើនក៏បើកផងដែរ។

ប្រព័ន្ធផ្លូវធំៗក្នុងប្រទេសជប៉ុនសម័យសព្វថ្ងៃផ្អែកលើប្រព័ន្ធផ្លូវនៅសម័យនោះ។

សរុបទៅយុទ្ធសាស្រ្តបង្អាក់ផ្នែកហិរញ្ញវត្ថុ និងទប់ស្កាត់ការបះបោរបានរួមចំណែកយ៉ាងធំធេងដល់ការកសាងផ្លូវ និង​ការ​អភិវឌ្ឍរបស់អេដូ។ ទោះជាយ៉ាងណា ចំពោះ Daimyo ដែលតែងតែរស់នៅឆ្ងាយពីផ្ទះ ហើយចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរផ្លូវឆ្ងាយ នេះប្រហែលមិនមែនជារឿងរីករាយនោះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: