តើអ្នកស្គាល់ Marie Kondo ទេ? អ្នកជំនាញផ្នែកសម្អាតដែលល្បីឈ្មោះ

“ទេពធីតាសម្អាត” Marie Kondo ជប៉ុនបានបង្កើតបដិវត្តន៍ជុំវិញពិភពលោកជាមួយនឹងរបៀបរស់នៅពិសេសរបស់​នាង។

Marie Kondo អាយុ ៣៧ ឆ្នាំបានក្លាយជាអ្នកជំនាញផ្នែកសម្អាត ដោយផ្តល់ប្រឹក្សាពីរបៀបផ្លាស់ប្តូរកន្លែងស្នាក់នៅ​ទៅ​ជា​ផ្ទះ​ដ៏កក់ក្តៅពិតប្រាកដ ដែលពោរពេញទៅដោយសន្តិភាព និងការបំផុសគំនិត។

ម្យ៉ាងវិញទៀត Marie Kondo ធ្លាប់ចូលរួមកម្មវិធីទូរទស្សន៍ធំៗជាង ៥០ នៅជប៉ុន និងកម្មវិធីផ្សាយតាមវិទ្យុផ្ទាល់របស់នាង។ មិនត្រឹម​តែនៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះទេ នាងថែមទាំងបង្ហាញខ្លួននៅលើ​ទស្សនាវដ្ដី​ជុំវិញ​ពិភពលោក ព្រមទាំងផ្សាយតាមបណ្តាញអុីនធឺណេត​ទូទាំង​ពិភពលោកផងដែរ។ នាងត្រូវបានគេរាប់ក្នុង​បញ្ជី​មនុស្ស ១០០ នាក់​ដែល​​មាន​​ឥទ្ធិពល​​បំផុតលើ​ពិភពលោក​នៃទស្សនាវដ្ដី Time នៅឆ្នាំ ២០១៥ ។

“រាជនីសម្អាតជប៉ុន” បានបង្កើតកេរ្តិ៍ឈ្មោះដែលមានតម្លៃរាប់លានដុល្លារដោយពឹងលើការងារអាជីវកម្មរបស់ខ្លួន។ ជាម្ចាស់សៀវភៅដែលលក់ដាច់បំផុត និងបង្ហាញខ្លួននៅលើកម្មវិធី Netflix ។ គិតត្រឹមឆ្នាំ ២០២១ នាងមានទ្រព្យសម្បត្តិ​សរុប​ចំនួន ៨ លានដុល្លារមកហើយ។

កញ្ញា Marie Kondo កើតឆ្នាំ ១៩៨៤ កាលអាយុ ៥ ឆ្នាំនាងចេះរៀបចំតុក្កតាយ៉ាងមានរបៀបរៀបរយ ខុសពីក្មេងដទៃទៀតលេងហើយទុករបស់របររញ៉េរញ៉ៃ។ រហូតដល់អាយុ ១៩ ឆ្នាំកាលជានិស្សិតឆ្នាំទី ២ នៅទីក្រុងតូក្យូ នាងចាប់ផ្តើមអាជីវកម្ម “សម្អាតផ្ទះ” តាំងពីព្រឹកព្រលឹមឬចុងសប្តាហ៍ចាត់ទុកដូចជាការងារក្រៅម៉ោង។

Marie Kondo បាននិយាយថា “បន្ទាប់ពីសាកល្បងធ្វើអាជីវកម្មបានប៉ុន្មានខែ កាលវិភាគការងារស្ទើរតែពេញ។ នៅពេលនោះខ្ញុំឃើញថាតម្រូវការសម្អាតផ្ទះពិតជាច្រើន” ។

នៅជប៉ុនគេហៅ Marie Kondo ថាមេធ្មប់សម្អាតផ្ទះសម្បែង។ នាងបានលើកកម្ពស់ការងារសាមញ្ញៗដូចជា​បត់​ភួយ បោសសម្អាតតុឡើងកម្រិតមួយថ្មី បង្កើតជាទស្សនវិជ្ជាពិសេសពីអ្វីដែលមនុស្សគ្រប់គ្នាគិតថាខ្លួនដឹង។ 

ជាមួយនឹងបទពិសោធន៍ជិត ២០ ឆ្នាំស្ត្រីរូបនេះបានបង្កើតវិធីសាស្ត្រសម្អាតមួយហៅថា “វិធីសាស្រ្ត KonMari” ដោយលើកទឹកចិត្តអ្នករាល់គ្នាទុកតែរបស់ដែលនាំមកនូវភាពរីករាយសម្រាប់ខ្លួន។ រហូតមកវិធីសាស្រ្តនេះមានប្រជា​ប្រិយភាពយ៉ាងខ្លាំង ហើយត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកអនុវត្ត។

ដោយសារមនុស្សជាច្រើនចង់ទទួលបានបទពិសោធន៍សេវាកម្មសម្អាតរបស់ Marie Kondo ដូច្នេះបញ្ជីអតិថិជន​រង់​ចាំ​ធ្លាប់ឡើងរហូតដល់ទៅ ៦ ទំព័រ។ អតិថិជនក៏ចង់ចែករំលែកគន្លឹះសម្អាតជាមួយនឹងឯកសារ ដើម្បីបើកមើលនៅ​ពេលណាក៏បាន។

ព្រោះតែសំណើនេះ Marie Kondo បានបោះពុម្ពសៀវភៅដំបូងស្តីពីការសម្អាតផ្ទះក្នុងឆ្នាំ ២០១១ ។ សៀវភៅនេះមានឈ្មោះថា “វេទមន្តសម្អាតផ្ទះផ្លាស់ប្តូរជីវិត” ដែលលក់បាន ១៣ លានច្បាប់ទូទាំងពិភពលោក ហើយត្រូវបានបកប្រែជា ៤៤ ភាសាផ្សេងៗគ្នា។ បន្ទាប់ពីជោគជ័យដំបូង នាងបានសរសេរសៀវភៅជាច្រើនក្បាលទៀត។ សៀវភៅទាំងអស់របស់ Marie Kondo បានក្លាយជាសៀវភៅលក់ដាច់បំផុតនៅពេលទើបចេញផ្សាយ។

នៅពេលដែលកេរ្តិ៍ឈ្មោះរបស់ Marie Kondo ត្រូវបានគេស្គាល់នៅជុំវិញពិភពលោក នាងបានបន្តបើកវគ្គបណ្តុះបណ្តាល “វិធីសាស្រ្ត KonMari” គោលបំណងណែនាំវិធីសាស្រ្តសម្អាតរបស់ខ្លួនទៅកាន់អ្នករាល់គ្នា វគ្គសិក្សានីមួយៗមានតម្លៃ ២,២៥០ ដុល្លារ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា អ្នកចូលរួមត្រូវអនុវត្តយ៉ាងហោចណាស់ ១០ លើកជាមួយនឹងអតិថិជនផ្សេងៗគ្នា បន្ទាប់មកប្រគល់របាយការណ៍។

វគ្គបណ្តុះបណ្តាលរបស់ Marie Kondo ផ្តល់ជាវិញ្ញាបនបត្រ “អ្នកជំនាញផ្នែកសម្អាត” ដល់សិស្សចំនួន ៧០០ នាក់នៅក្នុង ៥៤ ប្រទេសជុំវិញពិភពលោក។

នៅឆ្នាំ ២០១៨ Marie Kondo ចាប់ផ្តើមអាជីវកម្មលក់ទំនិញ នាងសហការជាមួយម៉ាកសំលៀកបំពាក់ Cuyana បង្កើតជាប្រអប់ដាក់ដែលបំផុសគំនិតដោយប្រអប់ Bento របស់ជប៉ុន។ ក្រៅពីនេះនាងក៏ធ្វើអាជីវកម្មលក់ដូច​ជា​គ្រឿង​តុប​តែង ឧបករណ៍​ផ្ទះបាយ និង​គ្រឿង​ក្រអូប។

ដើមឡើយអាជីវកម្មនេះប្រឈមនឹងការរិះគន់ជាច្រើន ដោយសារមនុស្សជាច្រើនគិតថាផលិតផលទាំងនេះធ្វើឱ្យផ្ទះកាន់តែរញ៉េរញ៉ៃ។ ទោះជាយ៉ាងណា Marie Kondo បានពន្យល់ថាទស្សនៈរបស់នាងរហូតមកដល់ពេលនេះមិន​មែន​ដើម្បី “បោះចោលអ្វីៗទាំងអស់” នោះទេ ប៉ុន្តែដើម្បីរក្សាអ្វីដែលនាំមកនូវភាពរីករាយ។

បន្ទាប់ពីល្បីឈ្មោះ Marie Kondo បង្ហាញខ្លួនក្នុងរឿង Netflix ដែលមានឈ្មោះថា Tidying Up with Marie Kondo នៅឆ្នាំ ២០១៩ ហើយទទួលបានជោគជ័យតាំងពីចេញផ្សាយដំបូង។ កម្មវិធីនេះទទួលបានការតែងតាំងជាច្រើននៃពានរង្វាន់ធំៗដូចជា Emmy, Critics Choice Awards និង Realscreen Award ។

នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ Marie Kondo បង្ហាញខ្លួនលើ Netflix ក្នុងកម្មវិធីមួយផ្សេងទៀតដែលមានឈ្មោះ​ថា Sparking Joy with Marie Kondo ។

Marie Kondo ក៏ជាម្ចាស់គេហទំព័រ Youtube ផ្ទាល់របស់នាងផងដែរ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: