បុរសម្នាក់បង្ករបួស ដុតរថភ្លើងនៅយប់ប្រារព្ធពិធីបុណ្យ Halloween
នៅវេលាម៉ោងប្រហែល ៨ យប់ថ្ងៃទី ៣១ ខែតុលាដែលជាយប់ Halloween ករណីរងរបួស និងអគ្គីភ័យមួយបានកើតឡើងលើខ្សែរថភ្លើង Keio ទីក្រុងតូក្យូ។
បុគ្គលិកការិយាល័យម្នាក់អាយុ ២២ ឆ្នាំនៅ Chuo ទីក្រុងតូក្យូដែលមានវត្តមាននៅកន្លែងកើតហេតុនិយាយថា៖ “ខណៈពេលដែលរថភ្លើងកំពុងធ្វើដំណើរខ្ញុំឃើញមានមនុស្សជាច្រើនរត់សម្រុងពីខាងក្រោយ។ ស្មានតែជាការសម្តែង Halloween ប៉ុន្តែបន្ទាប់មកបុរសម្នាក់បានចូលទៅជិតបន្តិចម្តងៗ លើដៃកាន់វត្ថុមុតស្រួច។ ខ្ញុំផ្ទាល់ក៏រត់បាត់ដែរ ប៉ុន្តែក្រោយមកសម្រេចអង្គុយរង់ចាំបុរសនោះដើរឆ្លងកាត់ ហើយរត់ពួននៅពីក្រោយរថភ្លើង។” គាត់និយាយទាំងទឹកមុខស្លេកស្លាំង។
តាមសម្តីរបស់បុរសដែលរៀបរាប់ជនដៃដល់ចាក់សារធាតុរាវរួចដុតទាំងកៅអី និងកម្រាលឥដ្ឋរថភ្លើង។
“វត្ថុមុតស្រួចដែលម្នាក់នោះកាន់មានប្រលាក់ឈាម ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ដែលខ្លួននៅមានជីវិត” ។
សាក្សីម្នាក់ទៀតដែលជាបុគ្គលិកការិយាល័យអាយុប្រហែល ៥០ ឆ្នាំនៅ Chofu ទីក្រុងតូក្យូមានវត្តមាននៅស្ថានីយ៍រថភ្លើង Kokuryo ខណៈពេលកើតហេតុបាននិយាយថា៖
“ពេលកំពុងរង់ចាំរថភ្លើង Shinjuku មកដល់ ក្រឡេកមើលតាមបង្អួចរថភ្លើង ខ្ញុំឃើញមនុស្សជាច្រើនកំពុងភ័យស្លន់ស្លោ។ ពេលខ្ញុំមិនទាន់ដឹងថាមានរឿងអ្វីកើតឡើងផងនោះស្រាប់តែឮសម្លេងស្រែកខ្លាំង បន្ទាប់មករថភ្លើងក៏ឆាបឆេះ” ។
បន្ទាប់មកប៉ូលីសបានចាប់ខ្លួនជនសង្ស័យឈ្មោះ Kyota Hattori អាយុ ២៤ ឆ្នាំពេលបង្កហេតុពាក់អាវពណ៌ស្វាយ។ នាយកដ្ឋានស៊ើបអង្កេតបានអោយដឹងជនសង្ស័យសារភាពថា “ខ្ញុំចង់សម្លាប់មនុស្សលើសពីពីរនាក់ដើម្បីទទួលទោសប្រហារជីវិត” ។ អាវុធត្រូវបានបញ្ជាក់ជាកាំបិតដែលមានទទឹងប្រហែល ៣០ សង់ទីម៉ែត្រ។
យោងតាមការស៊ើបអង្កេតទី ១ របស់នាយកដ្ឋានប៉ូលីសក្រុង និងនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ មនុស្សចំនួន ១៧ នាក់ទាំងបុរស និងស្ត្រីដែលមានអាយុចន្លោះពី ១០ ទៅ ៧០ ឆ្នាំរងរបួស និងត្រូវដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងនោះមានលោកតាម្នាក់អាយុប្រហែល ៧០ឆ្នាំត្រូវចាក់សន្លប់។
រូបភាព https://www.yomiuri.co.jp/
Sacchan