ប៉ូលីសរកឃើញវីដេអូម្តាយ និងមិត្តប្រុសវាយក្មេងប្រុសអាយុ ៣ ឆ្នាំមុនពេលស្លាប់
កាលពីខែសីហាឆ្នាំ ២០២១ កុមារាឈ្មោះ Orito Niimura អាយុ ៣ ឆ្នាំស្លាប់ក្នុងផ្ទះល្វែងនៅទីក្រុង Settsu ខេត្ត Osaka បន្ទាប់ពីត្រូវមិត្តប្រុសរបស់ម្តាយឈ្មោះ Takumi Matsubara ធ្វើទារុណកម្មដោយប្រើទឹកក្តៅ។ កាលពីថ្ងៃទី ២២ ខែកញ្ញា លោក Takumi Matsubara ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត។ ក្រោយមកនៅថ្ងៃទី ២៧ ខែតុលាម្តាយរបស់ Orito ឈ្មោះ Juki Niimura ក៏ត្រូវចាប់ខ្លួនដោយសង្ស័យថាប្រើអំពើហិង្សាមកលើកូនប្រុស។
ក្រោយពេលត្រូវចាប់ខ្លួនលោក Matsubara បានសារភាពប្រាប់ប៉ូលីសថាខ្លួនគ្រាន់តែប្រឡែងផ្កាឈូកងូតជាមួយក្មេងប្រុស ហើយបន្ទាប់ពីចេញទៅក្រៅកំណត់សីតុណ្ហភាពខ្ពស់ជាងនេះ ទើបគាត់ប្រទះឃើញក្មេងប្រុសស្លាប់។
ប៉ូលីសបានរកឃើញវីដេអូប្រើហិង្សាចំពោះក្មេងប្រុសក្នុងទូរស័ព្ទរបស់ Matsubara ។ ប៉ូលីសសង្ស័យថាក្មេងប្រុសម្នាក់នេះត្រូវអ្នកទាំងពីរធ្វើបាបរាល់ថ្ងៃ។ នៅក្នុងវីដេអូដែលថតបានកាលពីថ្ងៃទី ២០ ខែមិថុនា Juki ប្រើខ្នើយវាយ Orito នាងលើកខ្នើយខ្ពស់ហើយប្រើកម្លាំងវាយចុះមក។ បន្ទាប់មកគូស្នេហ៍ទាំងពីរនេះសើចយ៉ាងស្រួលពេលស្តាប់សម្លេងយំរបស់ក្មេងប្រុស។ អ្នកទាំងពីរចាត់ទុកក្មេងប្រុសអាយុ ៣ ឆ្នាំដូចជារបស់លេង។
ក្នុងវីដេអូទាំង ៣ ដែលប៉ូលីសរកឃើញ Orito តែងតែត្រូវ Matsubara វាយចំមុខ និងក្បាលជាច្រើនដង។ ក្នុងវីដេអូមួយនៅពេលដែលក្មេងប្រុសដើរទៅរកម្តាយស្រាប់តែ Matsubara វាយ Orito ។ កន្លែងខ្លះទៀតក្មេងប្រុសត្រូវវាយដំយ៉ាងខ្លាំងរហូតធ្លាក់ពីកៅអី។ ជននោះប្រើខ្នើយវាយក្មេងប្រុសដើម្បីកុំអោយបន្សល់ស្លាកស្នាម។
ប្រហែលមួយខែមុននោះ Juki ធ្លាប់រាយការណ៍ទៅអាជ្ញាធរទីក្រុង Settsu ព្រោះបារម្ភទង្វើដ៏ឃោរឃៅរបស់ Matsubara ធ្វើចំពោះកូនប្រុស។ ប៉ុន្តែខ្លួននាងផ្ទាល់នៅតែថតវីដេអូទិដ្ឋភាពកូនយំផងស្រែកផង។ អាក្រក់ជាងនេះទៅទៀតភាគីអាជ្ញាធរក៏មិនបានចាត់វិធានការណាមួយដើម្បីការពារកុមារដែរ។
បន្ទាប់ពី Orito ស្លាប់ ស្រ្តីនោះនិយាយការពារ Matsubara ម្តងហើយម្តងទៀតនៅចំពោះមុខអ្នកស្គាល់គ្នា ដោយសារពួកគេសង្ស័យថាគាត់ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងប្រុសនេះ។ Juki បាននិយាយថា៖ “គាត់មើលថែកូនរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់ គាត់តែងតែប្រាប់ខ្ញុំថាទុកអោយគាត់ធ្វើ ដូច្នេះខ្ញុំគិតថាទម្លាក់កំហុសលើគាត់មិនត្រូវទេ” ។
RIN