ការប្រៀបធៀបជើងហោះហើរថ្នាក់ដំបូងនៅលើយន្តហោះសម័យមុន និងសព្វថ្ងៃ?

ខ្ញុំធ្វើដំណើរតាមជើងហោះហើរញឹកញាប់ ខ្ញុំប្រាថ្នាចង់ទទួលបានបទពិសោធន៍ថ្នាក់ដំបូង (first class) យ៉ាងហោចណាស់ម្តងក្នុងជីវិត។ ខ្ញុំធ្លាប់ជិះយន្ត​ហោះ​ថ្នាក់ជំនួញឥតគិតថ្លៃ ភាពខុសគ្នារវាងកៅអីថ្នាក់ជំនួញ និងថ្នាក់សេដ្ឋកិច្ច​ពិតជាច្រើន។ កៅអីថ្នាក់ដំបូងមានកម្រិតខ្ពស់ជាងថ្នាក់ជំនួញ តើអ្នកធ្លាប់ឆ្ងល់ទេថាកៅអីថ្នាក់ដំបូងប្រណីត​យ៉ាងណា?

ក្នុងអត្តបទនេះចូរយើងប្រៀបធៀបជាមួយនឹង JAPO ពីភាពខុសគ្នារវាងសេវាកម្មលំដាប់ទីមួយសម័យសព្វថ្ងៃ និងសេវាកម្មលំដាប់ទីមួយកាលពី ៦០ ឆ្នាំមុន។

រូបភាព https://trafficnews.jp/post/111644

រូបភាពខាងលើជាយន្តហោះ B777-300ER ដែលបច្ចុប្បន្នកំពុងដំណើរការ។

ចំណែកឯរូបភាពខាងក្រោមគឺយន្តហោះ DC-8-32 ដែលដាក់អោយប្រើនៅឆ្នាំ ១៩៦០ ។ កាលពី ៦០ ឆ្នាំមុនទិដ្ឋភាព​​នៅខាងក្នុងកាប៊ីនថ្នាក់ដំបូងបង្ហាញពីអត្តសញ្ញាណវប្បធម៌ជប៉ុន។

កៅអីត្រូវបានគេរុំដោយក្រណាត់ Nishijin-ori គុណភាពខ្ពស់។ ទោះជាយ៉ាងណាកៅអី​នេះ​មិន​សូវ​មាន​ផាសុកភាព​ដូច​កៅអី​យន្តហោះ​សព្វ​ថ្ងៃ​ទេ ប្រហែលជាមិនស្មើកៅអីថ្នាក់ជំនួញផង។ ក្រៅពីនេះនៅសម័យមុនមិនមានអេក្រង់បញ្ចាំងលើយន្តហោះទេ ដូច្នេះមិនអាចមើលរឿងបានឡើយ។

ផ្ទុយ​ទៅ​វិញនេះជាបរិយាកាស​ក្នុង​កាប៊ីន​ថ្នាក់​ដំបូងនៅ​លើ​យន្តហោះសម័យសព្វថ្ងៃ។

ការរចនាក្នុងបន្ទប់នេះលែងមានលក្ខណៈបែបជប៉ុនដូចពីមុនទៀតហើយ កៅអីធំទូលាយ និងទន់ជាងមុន។ ផ្នែក​ម្ខាងកៅអីមានរបាំងដើម្បីផ្តល់ភាពឯកជនដល់អ្នកដំណើរ។ ដោយគ្រាន់តែមានចំណុចទាំងនេះ អ្នកប្រហែលជាគិតថាកាប៊ីនថ្នាក់ដំបូងសម័យនេះល្អជាងសម័យមុនមែនទេ? លើសពីនេះនៅតែមានចំណុចមួយចំនួនទៀតដែលនឹងធ្វើអោយអ្នកប្រាថ្នាចង់ជិះយន្តហោះថ្នាក់ដំបូង។

ដំបូងបង្អស់ត្រូវនិយាយពីអាហារ មុខម្ហូបដែលបម្រើក្នុងថ្នាក់ដំបូងទាំងសម័យមុន និងឥឡូវសុទ្ធតែម្ហូបលំដាប់ខ្ពស់ ប៉ុន្តែមុខម្ហូបកាលពីមុនពិសេសជាងនេះដោយសារមាន “បង្កងយក្ស” ។ តើគេទទួលទានបង្កងយក្សក្នុងបរិយាកាស​​កៅអីតូចង្អៀតបែបនេះ? ពិតជាធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើលបន្តិច។

លើសពីនេះទៅទៀតភាពខុសគ្នាសំខាន់គឺបារី នៅលើកៅអីថ្នាក់ដំបូងសម័យមុនមានចានគោះបារីសម្រាប់អ្នកដំណើរប្រើក្នុង​ពេល​ហោះហើរ។ ខណៈដែលសព្វថ្ងៃនេះជក់បារីនៅលើយន្តហោះថ្នាក់ណាក៏ហាមឃាត់ដែរ។

ម្យ៉ាងវិញទៀតនៅពេលអ្នកជ្រើសយកសំបុត្រយន្តហោះថ្នាក់ដំបូង អ្នកនឹងទទួលបានសេវាកម្មមួយចំនួនទៀតមុន​ពេល​ឡើងយន្តហោះ។ ដំបូងរួមទាំងសេវាកម្មដឹកជញ្ជូនដោយរថយន្តឯកជន អ្នកបើកបររថយន្ត Limousine នឹងទៅដល់ផ្ទះទទួលអ្នកដំណើរ។ នៅអាកាសយានដ្ឋានក្រុមការងារនឹងរង់ចាំបម្រើអ្នកដំណើរ ហើយអ្នកដំណើរថ្នាក់ដំបូងក៏អាចបំពេញឯកសារដោយមិនចាំបាច់ឈរតម្រង់ជួរផងដែរ។

នៅក្នុងបន្ទប់រង់ចាំថ្នាក់ដំបូងអ្នកនឹងមានអារម្មណ៍ភ្ញាក់ផ្អើល។

រូបភាព https://www.jal.co.jp/jp/ja/inter/service/first/airport/index.html

ខុសពីបន្ទប់ទទួលភ្ញៀវថ្នាក់ជំនួញ អ្នកដំណើរថ្នាក់ដំបូងអាចទទួលទានអាហារដោយសេរីនៅភោជនីយដ្ឋានលំ​ដាប់​ខ្ពស់ ថែមទាំងអាចពិសាស្រាសាំប៉ាញលំដាប់ថ្នាក់របស់រាជវង្សអង់គ្លេសផងដែរ។ នៅទីនេះមានបញ្ជរ Sushi និងមេចុងភៅប្រចាំការ ចម្អិនម្ហូបនៅចំពោះមុខភ្ញៀវ ដែលទម្រង់នេះមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់​ជន​បរទេស។ លើសពីនេះក៏មានស្ប៉ាលំដាប់ខ្ពស់ដែលរួមបញ្ចូលសេវាកម្មម៉ាស្សាជើង និងរាងកាយផងដែរ។

ប្រសិនបើអ្នកជិះយន្តហោះថ្នាក់សេដ្ឋកិច្ច អ្នកនឹងអង្គុយនៅលើកៅអីដែលរឹងរាប់ម៉ោង ហើយរង់ចាំជើង​ហោះ​ហើរ​របស់​ខ្លួន។ តំឡើងកម្រិតថ្នាក់ជំនួញ អ្នកអាចចំណាយពេលនៅក្នុងបន្ទប់រង់ចាំ ទទួលទានអាហារសម្រន់ និងប្រើប្រាស់សេវាកម្មដែលរួមបញ្ចូល។ ហើយប្រសិនបើអាចតំឡើងកម្រិតថ្នាក់ដំបូង អ្នកនឹងទទួលបានការស្វាគមន៍ទៅកាន់ “ឋានសួគ៌” ជាមួយនឹងកម្រិតខុសគ្នាទាំងស្រុង។ បុគ្គលិកកៅអីថ្នាក់ដំបូងដឹងពីកាលវិភាគរបស់អតិថិជន​ម្នាក់ៗ​យ៉ាង​ច្បាស់។ ប្រសិនបើអតិថិជនគេងជ្រុលពួកគេនឹងដាស់ភ្ញៀវឱ្យទាន់ពេលជើងហោះហើរ។ បន្ទាប់​ពី​ឡើងយន្តហោះបុគ្គលិកនឹងជួយអតិថិជនទុក​ដាក់​អាវ​ក្រៅ នៅទីនេះក៏មានសម្លៀកបំបាក់ស្រាប់ អតិថិជន​អាចប្តូរខោអាវ ហើយសម្រាកដូចជាកំពុងនៅក្នុងសណ្ឋាគារ។

បរិយាកាសមធ្យម​ក្នុង​ថ្នាក់ដំបូងធំ​ជាង​ទំហំ​ថ្នាក់​សេដ្ឋកិច្ច ៦ ដង។ តម្លៃសំបុត្រសម្រាប់ជើងហោះហើរទៅមកថ្នាក់ដំបូងពីតូក្យូទៅញូវយ៉កគឺ ២ លានយ៉េន។ ពីតូក្យូទៅប៉ារីសគឺ ២,៦ លានយ៉េន។

ជាមធ្យមការហោះហើរត្រូវចំណាយពេលប្រហែល ១០ ម៉ោង។ ចំពោះមនុស្សធម្មតាម្នាក់តម្លៃ​សំបុត្រ​ទៅ​មក​សម្រាប់​ជើង​ហោះ​ហើរ​មួយ​យប់​បែប​នេះ​ពិត​ជា​ថ្លៃ​ពេកហើយ។ ទោះជាយ៉ាងណាចំពោះ​អ្នក​ជំនួញ​ជាច្រើនដែល​រវល់ ហើយទៅ​ដល់​ត្រូវចូលធ្វើការភ្លាម ការពន្យារពេលជើងហោះហើរឬគេងមិនគ្រប់​ប៉ះ​ពាល់​យ៉ាងខ្លាំងដល់ការងាររបស់ពួក​គេ។ ដូច្នេះ​កាប៊ីន​ថ្នាក់ដំបូងជាជម្រើសចាំបាច់ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ។

មនុស្សភាគច្រើនជ្រើសជិះកៅអីថ្នាក់ដំបូងដើម្បីគេងលក់ស្រួល ប៉ុន្តែបើខ្ញុំមានឳកាសជិះថ្នាក់ដំបូងម្តង ខ្ញុំប្រាកដជា​រំភើប​ពេញ​មួយ​យប់ជាមិនខាន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: