គោលការណ៍អនុវត្តចំពោះលោកបងធំ Yakuza ពេលជាប់ពន្ធនាគារ
នៅប្រទេសជប៉ុនមានកន្លែងមួយដែលអ្នកមិនងាយទៅដល់ ហើយប្រហែលជាមិនចង់ទៅលេងសូម្បីតែម្តងនោះគឺពន្ធនាគារ។ JAPO ក៏ធ្លាប់លើកយកអត្តបទនិយាយពីជីវិតនៅក្នុងគុក ជាទូទៅអ្នកទោស៖
- ត្រូវបង្ខំអោយរស់នៅជាមួយមនុស្សជាច្រើន
- មិនមានរបស់ផ្ទាល់ខ្លួន
- ត្រូវបង្ខំអោយធ្វើពលកម្មសហគមន៍
នៅមានការកំណត់ជាច្រើនទៀតបើប្រៀបនឹងជីវិតខាងក្រៅ ដែលក្នុងនោះអ្នកទោសម្នាក់ៗមានស្ថានភាពខុសៗគ្នា កម្រិតបទល្មើសពីស្រាលទៅធ្ងន់ ថែមទាំងមានបទល្មើសឃាតកម្មដែរ។ ជាការពិតក្រៅពីនេះក៏មាន Yakuza (ម៉ាហ្វីយ៉ាជប៉ុន) និងយុវជនដែលមើលទៅកាចសាហាវផងដែរ។
ខ្ញុំស្រាប់តែមានអារម្មណ៍ភ័យខ្លាចពេលដែលស្រមៃគិតខ្លួនជាប់ក្នុងកន្លែងវឹកវរបែបនេះ។
ក្នុងពន្ធនាគារអ្នកទាំងអស់មានភាពស្មើគ្នា ប៉ុន្តែបើមានវត្តមានរបស់លោកបងធំ Yakuza របបពិសេសនឹងត្រូវប៉ូលីសអនុវត្ត។ និយាយបែបនេះមិនមែនប៉ូលីសខ្លាចរអាឬគោរពជននោះទេ អ្វីដែលពួកគេចង់បានគឺរក្សាសណ្តាប់ធ្នាប់ក្នុងពន្ធនាគារ។ ដូច្នេះបើទុកអោយអ្នកមិនចូលចិត្ត Yakuza និង Yakuza នៅក្នុងបន្ទប់តែមួយនឹងធ្វើអោយរឿងកាន់តែអាក្រក់ទៅៗ។ ខណៈតួនាទីរបស់ពួកគេគឺការពារអំពើហិង្សាឬបញ្ហាណាមួយកើតឡើងក្នុងពន្ធនាគារ។ ដូច្នេះពួកគេបង្ខំចិត្តធ្វើដាក់លោកបងធំ Yakuza ពិសេសបន្តិច។
បន្ទប់ឃុំឃាំងដោយឡែក
រូបភាព https://www.ohk.co.jp/data/8196/pages/
ជាទូទៅបន្ទប់ឃុំឃាំងមានអ្នកទោស ៦ នាក់ ប៉ុន្តែអ្នកទោសនាំគ្នាបែងចែកឋានៈ។ ក្នុងនាមជា Yakuza លោកបងធំបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន ហើយត្រូវមនុស្សជាច្រើនស្អប់។ ប៉ូលីសមិនអាចដឹងពីគំនិតរបស់អ្នកទោសទាំងអស់នោះទេ ដូច្នេះដើម្បីជៀសវាងអ្នកទោសមានគំនុំ និងបង្កគ្រោះថ្នាក់ដល់ Yakuza ប៉ូលីសត្រូវបង្ខំដាក់គាត់ក្នុងបន្ទប់ដោយឡែក។
ធ្វើការជាមួយអ្នកទោសចាស់
ក្នុងអំឡុងពេលជាប់គុក អ្នកទោសត្រូវបំពេញការងារដែលគេកំណត់។ ការងារនោះអាចជាការផលិតទូឈើ សំបកទូរស័ព្ទ iPhone ឬប្តូរវេនបោកគក់សម្លៀកបំពាក់អ្នកទោស។ សកម្មភាពនេះស្រដៀងនឹងរៀនជំនាញដែលផ្តល់អោយអ្នកទោសមានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីត្រលប់ទៅជីវិតធម្មតាវិញបន្ទាប់ពីត្រូវបានដោះលែងចេញពន្ធនាគារ។
ជាទូទៅការងារធ្វើតាមទម្រង់ហាត់ប្រាណ Yakuza ក៏ត្រូវចូលរួមការងារដែរ ប៉ុន្តែលោកនឹងធ្វើការជាមួយអ្នកទោសមានវ័យចំណាស់ ហើយមិនមានប្រវត្តិទាក់ទងនឹង Yakuza ។ ពេលធ្វើការអ្នកទោសត្រូវកាន់ឧបករណ៍ផ្សេងៗជាច្រើន។ មនុស្សជាច្រើនអាចប្រើឧបករណ៍របស់ខ្លួនវាយ Yakuza អោយរបួស។ ដូច្នេះហើយរៀបចំអោយ Yakuza ធ្វើការជាមួយក្រុមអ្នកទោសវ័យចំណាស់ខាងលើជាជម្រើសដែលសុវត្ថិភាពបំផុត។
មិនអាចក្រឡេកមើលឆ្វេងស្តាំ
គ្រាន់តែអ្នកទោសម្នាក់មើលឃើញ ហើយផ្សព្វផ្សាយព័ត៌មានលោកបងធំ Yakuza កំពុងនៅទីនេះ ភ្លាមៗនោះបញ្ហានឹងកើតឡើង។ ដូច្នេះនៅពេលដែល Yakuza ធ្វើដំណើរចុះក្រោម អ្នកទោសផ្សេងទៀតនឹងត្រូវបញ្ជាឱ្យមើលក្រោមជើងរបស់ពួកគេ។ ធ្លាប់ផ្ទុះការប្រយុទ្ធជាច្រើនដងដោយសារតែភាគីទាំងពីរជួបគ្នា ដូច្នេះវិន័យនេះពិតជាចាំបាច់។
សរុបទៅប៉ូលីសធ្វើដាក់លោកបងធំ Yakuza តាមរបៀបពិសេសមិនមែនខ្លាចរអាទេ ប៉ុន្តែដើម្បីការពារបញ្ហា។ ក្រៅពីចំណុចខាងលើ Yakuza អនុវត្តតាមច្បាប់ដូចមនុស្សគ្រប់គ្នាដូចជាមិនត្រូវផឹកស្រា ជក់បារី និងគ្មានសេរីភាពជាដាច់ខាត។
ប្រាកដណាស់គ្មាននរណាម្នាក់ចង់ចូលកន្លែងបែបនេះទេ។
Kengo Abe