ម្តាយឈឺរុាំរ៉ៃអង្វរកូនប្រុសអោយសម្លាប់ខ្លួនដោយសារតែភាពក្រីក្រ
កាលពីថ្ងៃទី ១៥ ខែតុលា តុលាការស្រុក Nagoya បានប្រកាសដាក់ទោសជនជាប់ចោទ Kyosuke Ozaki (អាយុ ២៦ ឆ្នាំ គ្មានការងារធ្វើ) ដែលត្រូវចោទប្រកាន់ពីបទសម្លាប់ម្តាយបង្កើត ស្របតាមសំណើរបស់ម្តាយ ព្រោះតែគ្រួសារធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចរយៈពេលយូរ។ ចុងចោទត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ និងព្យួរទោស ៥ ឆ្នាំ។ ម្យ៉ាងវិញទៀតជនជាប់ចោទមិនដឹងពីរបបជំនួយជីវភាពបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ។
រូបភាព Yahoo News (រូបតំណាង)
យោងតាមសេចក្តីសម្រេចរបស់តុលាក្នុងមូលដ្ឋាន ស្របតាមសំណើររបស់ម្តាយបង្កើតដែលរស់នៅជាមួយគ្នា កាលពីថ្ងៃទី ៥ ខែសីហា ជនជាប់ចោទ Ozaki បានយកថង់ប្លាស្ទីកគ្របលើក្បាល បន្ទាប់មកយកដៃច្របាច់កជនរងគ្រោះស្លាប់។
តាំងពីពេលរៀនមធ្យមសិក្សា ឪពុកម្តាយចុងចោទបានលែងលះគ្នា។ អ្នកម្តាយគ្មានការងារធ្វើហើយតែងតែឈឺ ចុងចោទ Ozaki និងប្អូនប្រុសទទួលបន្ទុកចិញ្ចឹមគ្រួសារ។ ប៉ុន្តែកាលពីខែកុម្ភៈឆ្នាំមុន Ozaki ត្រូវបណ្តេញចេញដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩ ។
ថ្វីត្បិតតែខំប្រឹងចំណាយដោយផ្អែកលើប្រាក់របស់ជីតា និងចំណូលរបស់ប្អូនប្រុសក៏ពេលខ្លះគ្រួសារនៅតែត្រូវលិទ្ធស្ករគ្រាប់ដើម្បីជម្នះភាពអត់ឃ្លាន។ អ្នកម្តាយចាប់ផ្តើមមានគំនិតថា “ជីវិតបែបនេះរស់ក៏គ្មានន័យ” ។
ប៉ុន្មានថ្ងៃមុនកើតហេតុម្តាយរបស់ Ozaki ប៉ុនប៉ងធ្វើអត្តឃាតមិនសម្រេចច្រើនដង នៅទីបំផុតអង្វរកូនប្រុសច្បង Ozaki អោយសម្លាប់ខ្លួន។ នៅពេលដែលប្អូនប្រុសចេញទៅក្រៅ Ozaki បានសម្លាប់ម្តាយពេលគាត់និយាយថា “សុំទោសដែលអោយកូនចូលតួដ៏លំបាកនេះ” ឬ “សុំទោសដែលក្លាយជាម្តាយមិនបានការ” បន្ទាប់មកជនជាប់ចោទហៅទូរស័ព្ទទៅប៉ូលីសដោយផ្ទាល់។
ចុងចោទ Ozaki បាននិយាយថាខ្លួនមិនដឹងអ្វីពីប្រព័ន្ធធានារ៉ាប់រងភាពមិនមានការងារឬអត្ថប្រយោជន៍ដែលភ្ជាប់មកជាមួយទេ ហើយក៏មិនបានពិភាក្សាជាមួយនរណាម្នាក់អំពីបញ្ហារបស់ខ្លួនដែរ។ ចុងចោទសោកស្ដាយដែល “ខំប្រឹងខ្លួនឯងមិនពឹងលើនរណាម្នាក់” ។
យោងតាមលោក Shoichiro Yasuda ដែលជាមេធាវីនៃគណៈមេធាវីខេត្តស្តីពីបញ្ហាភាពក្រីក្រ និងដំណោះស្រាយចំពោះបញ្ហាបំណុល។ ចំនួនករណីពិគ្រោះយោបល់ទាក់ទងនឹងភាពមិនមានការងារធ្វើ និងភាពក្រីក្រកើនឡើងដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ។ លោក Shoichiro Yasuda បានអោយដឹងថា “ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាដឹងពីប្រព័ន្ធសុខុមាលភាព និងប្រើប្រាស់សេវាកម្មជំនួយ” ។
Sacchan