បន្ទាប់ពីជីតាត្រូវបញ្ជូនចូលមន្ទីរពេទ្យ និងប្រផ្នូលអាក្រក់កើតឡើងជាបន្តបន្ទាប់ធ្វើឱ្យព្រះនាងជប៉ុនត្រូវអ្នកប្រើបណ្តាញសង្គមស្នើឱ្យលុបចោលពិធីមង្គលការ
ពិធីរៀបអភិសេករបស់ព្រះនាង Mako ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារទី ២៦ ខែតុលាជួបបញ្ហាដោយសារជីតារបស់ព្រះនាងត្រូវបញ្ជូនចូលពេទ្យសង្គ្រោះបន្ទាន់នៅទីក្រុងតូក្យូ។
ប្រជាជនជប៉ុនដែលមិនព្រមទទួលយកព្រះនាងរៀបអភិសេកជាមួយប្រជាជនសាមញ្ញ Kei Komuro ឥឡូវនេះកាន់តែជ្រួលជ្រើមចំពោះរឿងលោកតា Tatsuhiko Kawashima អាយុ ៨១ ឆ្នាំជាឪពុករបស់ព្រះនាង Kiko Akishino ហើយក៏ជាជីតារបស់កូនក្រមុំត្រូវបញ្ជូនចូលមន្ទីរពេទ្យ។
អ្នកប្រើបណ្តាញអុីនធឺណេតជប៉ុនស្នើសុំរាជវង្សានុវង្សពន្យារពេលពិធីមង្គលការដែលគ្រោងនឹងធ្វើនៅថ្ងៃអង្គារទី ២៦ ខែតុលា។ មនុស្សជាច្រើនចាត់ទុកព្រឹត្តិការណ៍នេះជាប្រផ្នូលអាក្រក់ ទន្ទឹមនឹងនេះភ្នំភ្លើង Aso នៅភាគខាងត្បូងប្រទេសជប៉ុនស្រាប់តែមានសកម្មភាព និងរញ្ជួយដីជាបន្តបន្ទាប់បានកើតឡើងកាលពីខែមុន។
រូបភាព https://www.scmp.com/
លោកតា Tatsuhiko Kawashima ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យកាលពីថ្ងៃអង្គារទី ១៩ ខែតុលា ហើយកំពុងព្យាបាលក្នុងបន្ទប់ថែទាំពិសេស។ បច្ចុប្បន្នមិនទាន់មានព័ត៌មាននិយាយពីស្ថានភាពសុខភាពរបស់ជីតាព្រះនាងក៏ដូចជាមូលហេតុចូលមន្ទីរពេទ្យនោះទេ។
កូនស្រីរបស់លោក Kawashima ដែលជាម្តាយរបស់ព្រះនាងទាំងពីរ Mako និង Kako បានទៅដល់មន្ទីរពេទ្យសួរសុខទុក្ខលោកកាលពីរសៀលថ្ងៃទី ១៩ ខែតុលា។ នៅថ្ងៃដដែលនោះព្រះនាងទៅកាន់ផ្នូររាជវង្ស ជាផ្នែកមួយនៃទំនៀមទម្លាប់ប្រពៃណីជូនដំណឹងពិធីរៀបអភិសេក ចាកចេញពីរាជវង្សានុវង្សទៅរៀបការជាមួយប្រជាជនសាមញ្ញ។
តាំងពីដំបូងអាពាហ៍ពិពាហ៍រវាងព្រះនាង Mako និង Komuro ធ្លាប់ត្រូវពន្យារពេលដោយសារមូលផ្សេងៗជាច្រើន រហូតមកដល់ពេលថ្មីៗនេះទើបកំណត់ថ្ងៃរៀបអភិសេក។ ចំពោះគ្រួសាររាជវង្សជប៉ុន និងសាធារណជនដែលជំទាស់ពិធីមង្គលការនេះព្រោះវាផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី។
ព្រះនាង Mako និងគូដណ្តឹងជួបគ្នាលើកដំបូងនៅសកលវិទ្យាល័យ ប្រកាសភ្ជាប់ពាក្យនៅខែកញ្ញា ២០១៧ ដើមឡើយគ្រោងនឹងរៀបការនៅឆ្នាំបន្ទាប់។ ប៉ុន្តែអាពាហ៍ពិពាហ៍ត្រូវពន្យារពេលដោយសារតែម្តាយរបស់ Komuro ជំពាក់អតីតប្តីចំនួន ៤ លានយ៉េន ហើយគ្មានលទ្ធភាពសង។ ចំនួនទឹកប្រាក់នេះប្រើចំណាយលើការសិក្សារបស់ Komuro នៅសកលវិទ្យាល័យ។
បន្ទាប់មក Komuro ទៅសិក្សាច្បាប់នៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថាដំណឹងអាក្រក់នឹងកាត់បន្ថយ។ ក្រោយរយៈពេល ៣ ឆ្នាំ Komuro បានត្រលប់ទៅប្រទេសជប៉ុនវិញកាលពីខែមុនដើម្បីត្រៀមរៀបចំពិធីមង្គលការ។ យ៉ាងណាមិញបណ្តាញផ្សព្វផ្សាយជប៉ុន និងអ្នកនិយមលេងអុីនធឺណេតជប៉ុនបន្តរិះគន់គូស្នេហ៍មួយគូនេះ។
ទូរទស្សន៍ជប៉ុន Asahi បានអោយដឹងកាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលាថារាជវង្សានុវង្សមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពរបស់លោក Kawashima ដែលអាចនឹងប៉ះពាល់ដល់គម្រោងរៀបអភិសេករបស់ព្រះនាង Mako ។
ក្រៅពីសង្ឃឹមថាលោកតា Kawashima ឆាប់ជាសះស្បើយ អ្នកនិយមលេងអុីនធឺណេតមួយផ្នែកបានរិះគន់ព្រះនាង ហើយបញ្ចេញមតិថាគួរតែពន្យារពិធីមង្គលការ។
“ប្រហែលលោកត្រូវបញ្ជូនចូលមន្ទីរពេទ្យព្រោះតែបារម្ភពីអនាគតចៅស្រី” មនុស្សម្នាក់ទៀតនិយាយថា “ខ្ញុំមិនគិតថាគ្រួសាររាជវង្សជប៉ុនគាំទ្រអាពាហ៍ពិពាហ៍នេះទេ” ។
ទន្ទឹមនឹងនេះក៏មានមតិលើកឡើងប្រផ្នូលអាក្រក់កើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ ជាសញ្ញាបញ្ជាក់ថាពិធីមង្គលការគួរត្រូវពន្យារពេល។
“គ្រួសាររាជវង្សានុវង្សមានប្រវត្តិយូរណាស់មកហើយ ខ្ញុំយល់ថាបុព្វបុរសរបស់ពួកគេកំពុងព្យាយាមទប់ស្កាត់ពិធីមង្គលការនេះ” ។
ប្រឈមនឹងមតិជាច្រើនអតីតព្រះមហាក្សត្រីយានីជប៉ុន Michiko បាននិយាយថាគាត់ប្រាកដជានឹកចៅស្រីដំបូងបន្ទាប់ពីសម្រេចចិត្តរៀបការទៅឆ្ងាយ។
Japo Cambodia