ពិធីករដ៏ល្បីឈ្មោះ Tamori នាំកម្មវិធី Music Station បង្កើតកំណត់ត្រាពិភពលោកចំនួនពីរ

ពិធីករដ៏ល្បីឈ្មោះ Tamori នាំកម្មវិធី “Music Station” ជប៉ុននៃទូរទស្សន៍ Asahi ត្រូវបានកំណត់ត្រាពិភពលោកហ្គី​ណេស​ទទួលស្គាល់ជាអ្នកនាំកម្មវិធីតន្ត្រីបន្តផ្ទាល់យូរបំផុត នេះបើយោងតាមការប្រកាសពីអ្នកផ្សាយ។

កម្មវិធីតន្ត្រីដ៏ពេញនិយមនេះចាប់ផ្តើមកាលពីខែតុលាឆ្នាំ ១៩៨៦ ជាមួយនឹងវត្តមានរបស់សិល្បករក្នុងស្រុក និងអន្តរ​ជាតិ​រំលឹកខួបទី ៣៥ ឆ្នាំបង្កើត។ លោក Tamori ដែលមានឈ្មោះពិតថា Kazuyoshi Morita ចាប់ផ្តើមនាំកម្ម​វិធីនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៨៧ គិតត្រឹមវគ្គដែលចាក់ផ្សាយនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ លោកទទួលតួនាទី​ជាពិធីករ​រយៈពេល ៣៤ ឆ្នាំ និង ១៦៨ ថ្ងៃ​​ ដែលសរុបចំនួន ១.៣៦៥ វគ្គ។ កំណត់​ត្រានេះ​បានបង្ហាញក្នុង “កំណត់​ត្រាពិភពលោក ២០២២” របស់​ជប៉ុន។

លោក Tamori មុននោះបានបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ពិធីករដែលចំនួនកម្មវិធីផ្សាយផ្ទាល់ច្រើនជាង​គេ ជាមួយនឹងវគ្គទី ៥០០០ នៃ “Waratte Iitomo!” ចាក់ផ្សាយនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០០២ ។ កម្មវិធីនេះបន្តរហូតដល់ឆ្នាំ ២០១៤ ។

ចំពោះកំណត់ត្រាហ្គីណេសទីពីររបស់ខ្លួន លោក Tamori បានអោយដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “ទទួលបានកំណត់ត្រាហ្គីណេសមួយល្អណាស់ទៅហើយ ។ ខ្ញុំមិនចង់សរសើរខ្លួនឯងនោះទេ (សើច) ប៉ុន្តែ​ខ្ញុំ​មិន​ដែល​គិត​ថាខ្លួននឹងទទួលបានកំណត់ត្រាពីរឡើយ ដូច្នេះ​នេះជា​កិត្តិយស​ដ៏​អស្ចារ្យ” ។

និយាយពីគោលដៅនាពេលអនាគតលោក Tamori បានអោយដឹងថា “ខ្ញុំមិនមានគម្រោងអ្វីទេ (សើច) ។ ប៉ុន្តែនឹងកាន់តែពិសេសប្រសិនបើខ្ញុំអាចបន្ត (ជាពិធីករ) ពេលខ្ញុំមានអាយុ ១០០ ឆ្នាំ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: