ទម្រង់នៃការបំពានទាំង ៤ ដែលច្រើនតែកើតនៅកន្លែងធ្វើការ និងដំណោះស្រាយ
កំណត់អោយច្បាស់បញ្ហាដែលខ្លួនជួបជាវិធីការពារខ្លួនពេលបញ្ហានោះកើតឡើង។ អត្តបទថ្ងៃនេះនិយាយពីប្រភេទនៃការបំពានដែលតែងតែជួបក្នុងការងារក៏ដូចជាជីវិតប្រចាំថ្ងៃ។
ការបំពានអាចត្រូវបានកំណត់ជាសកម្មភាព ពាក្យសម្តីសំដៅលើបុគ្គលណាម្នាក់ធ្វើអោយភាគីមានអារម្មណ៍មិនពេញចិត្ត ត្រូវវាយប្រហារគំរាមកំហែង ឬធ្វើឲ្យអាម៉ាស់មុខទោះបីនោះមិនមែនជាចេតនាដើមរបស់ពួកគេក៏ដោយ។
រូបភាព https://www.tsunagulocal.com/
បញ្ហាបំពានអាចកើតឡើងនៅគ្រប់ទីកន្លែង តាំងពីកន្លែងធ្វើការរហូតដល់សាលារៀន ហើយសូម្បីតែនៅក្នុងផ្ទះ។ មិនថាគោលបំណងរបស់អ្នកបៀតបៀនជាអ្វីនោះទេ ប្រសិនបើសកម្មភាព ឬពាក្យសំដីធ្វើអោយភាគីមានអារម្មណ៍មិនល្អ ទាំងនោះអាចចាត់ទុកជាការបំពាន។
សំខាន់ត្រូវយល់អោយបានច្បាស់អំពីសកម្មភាពបំពាន បើមិនដូច្នោះអ្នកនឹងក្លាយជាជនរងគ្រោះ ឬក្លាយជាអ្នកបំពានដោយអចេតនា។
សកម្មភាពបំពានមានច្រើនប្រភេទ ប៉ុន្តែក្នុងអត្តបទនេះ JAPO នឹងបកស្រាយសកម្មភាពបំពាន ៤ ប្រភេទដែលអ្នកអាចនឹងជួបនៅកន្លែងធ្វើការ។
ប៉ុន្មានឆ្នាំថ្មីៗនេះ អង្គការរដ្ឋាភិបាលដូចជាមន្ទីរការងារខេត្ត ជាកន្លែងផ្តល់ប្រឹក្សាដល់អ្នកដែលជួបបញ្ហាបំពាននៅកន្លែងធ្វើការបានអោយដឹងមនុស្សកាន់តែច្រើនមករកជំនួយ។
នៅឆ្នាំ ២០០៧ ពួកគេបានដោះស្រាយបណ្តឹងចំនួន ២៨.០០០ ករណី ដោយចំនួននេះកើនឡើង ៨៧.៥០០ ករណីក្នុងឆ្នាំ ២០១៩ ។ ចំណុចនេះបង្ហាញថាស្ថានភាពបំពាននៅតែបន្តកើតមានក្នុងសង្គមជប៉ុន។ ខាតបង់ដែលបណ្តាលមកពីសកម្មភាពបំពាននៅកន្លែងធ្វើការអាចបណ្តាលឲ្យមានវិបត្តិផ្លូវចិត្ត មិនថាជនរងគ្រោះទទួលបានសំណងឬអត់នោះទេ ការប៉ះទង្គិចផ្លូវចិត្តនឹងនៅតែបន្តតាមពីក្រោយ។
ដើម្បីការពារសកម្មភាពបំពាននៅកន្លែងធ្វើការកាលពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុនបានអនុម័តច្បាប់លើកកម្ពស់វិធានការការងារ (ច្បាប់ការពារការបំពានអំណាច) ដែលចែងពីវិធានការការពារការបំពានអំណាចនៃសាជីវកម្មធំ។ ចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ច្បាប់នេះក៏នឹងអនុវត្តចំពោះក្រុមហ៊ុនខ្នាតតូច និងមធ្យមផងដែរ។
ការបំពានអំណាច
ការបំពានអំណាចគឺនៅពេលដែលនរណាម្នាក់មានឋានៈក្នុងក្រុមហ៊ុនប្រើអំណាចរបស់ខ្លួនសម្លុតអ្នកក្រោមបង្គាប់ ដែលធ្វើឲ្យពួកគេឈឺចាប់ខាងផ្លូវចិត្ត ឬផ្លូវកាយ។
នេះជាការបំពានទូទៅបំផុតដែលអ្នកឃើញនៅក្នុងក្រុមហ៊ុនជប៉ុន។ ឧទាហរណ៍សកម្មភាពបំពានអំណាចដូចជាស្តីបន្ទោសបុគ្គល គប់របស់អោយត្រូវពួកគេ ប្រគល់ការងារច្រើនដែលមិនសមហេតុផល បំពានភាពឯកជនរបស់បុគ្គលិកជាដើម។
ការបំពានផ្លូវភេទ
ទម្រង់នៃការបំពាននេះមានច្រើន ហើយក៏អាចនឹងប្រទះឃើញនៅគ្រប់ទីកន្លែងផងដែរ។ ការបំពានផ្លូវភេទមិនត្រឹមតែសំដៅលើការប៉ះពាល់លើរាងកាយប៉ុណ្ណោះទេ ហើយក៏រួមទាំងថតរូបនរណាម្នាក់ដោយគ្មានការអនុញ្ញាត ប្រើសំដីអាសអាភាស ឬមើលងាយរាងកាយរបស់ពួកគេ។
ការបំពានផ្លូវភេទភាគច្រើនកើតឡើងនៅលើរថភ្លើង រហូតដល់ថ្នាក់ជប៉ុនត្រូវរចនាកន្លែងដាច់ដោយឡែកសម្រាប់ស្ត្រី។ ទោះជាយ៉ាងណា ការបំពានផ្លូវក៏អាចសំដៅទៅលើស្ត្រីបំពានបុរស ឬអ្នកមានភេទដូចគ្នា។
ការបំពានមាតុភាព
ការបំពានមាតុភាពជាទង្វើដែលបង្កអោយមានការឈឺចាប់ផ្លូវចិត្តក៏ដូចជារាងកាយស្ត្រីមានផ្ទៃពោះ ឬសម្រាលកូនរួច។ ឧទាហរណ៍សម្លុតគំរាមកំហែងអ្នកដែលកំពុងឈប់សម្រាកមាតុភាពដោយនិយាយថា “ពួកយើងពិតជារវល់ អ្នកមិនអាចឈប់ទេ” ។ “កុំធ្វើជាបន្ទុករបស់ក្រុមហ៊ុន” ឬបណ្តេញពួកគេចេញ។
នៅប្រទេសដែលមានអត្រាកំណើតទាបដូចជាជប៉ុន ស្រ្តីតែងតែត្រូវបានលើកទឹកចិត្តឲ្យធ្វើការ ឬនៅផ្ទះសម្រាលកូន។ នោះជាមូលហេតុដែលក្រុមហ៊ុនភាគច្រើនមិនជួលស្រ្តីក្នុងអាយុសម្រាលកូន។
ការបំពានសីលធម៌
ការបំពានផ្លូវចិត្ត ឬការប្រមាថរួមមានទង្វើដូចជានិយាយបរិហារកេរ្តិ៍នរណាម្នាក់ ឬមិនអើពើពួកគេ។ ស្រដៀងនឹងការបំពានអំណាច ប៉ុន្តែការបំពាននេះកើតឡើងចំពោះអ្នកដែលមានឋានៈស្មើគ្នា។ ការបំពានសីលធម៌ច្រើនកើតឡើងដោយស្ងាត់ៗដូចជាមិនរាប់បញ្ចូលពួកគេក្នុងពិធីជប់លៀង ឬជេរប្រមាថពួកគេរយៈពេលយូរ។ ដោយសារការបំពានខាងសីលធម៌ច្រើនកើតឡើងនៅក្រុម ដូច្នេះខាតបង់ចំពោះបុគ្គលធ្ងន់ធ្ងរណាស់។
ដំណោះស្រាយចំពោះការបំពាន
ប្រសិនបើអ្នកជាជនរងគ្រោះដែលរងការបំពាន ត្រូវចាំថាអ្នកមិនឯកោនោះទេ តែងតែមានមនុស្សដែលអ្នកអាចទៅរកប្រឹក្សា។ ជាដំបូងត្រូវកំណត់ប្រភេទនៃការបំពាន កំណត់បញ្ហាជាមធ្យោបាយក្នុងការការពាររឿងមិនល្អកើតឡើងម្តងទៀត។
អាចពិគ្រោះយោបល់ជាមួយមិត្តរួមការងារ ឬថ្នាក់លើ មនុស្សដែលអ្នកទុកចិត្ត ព្យាយាមចាំរាល់បញ្ហាលម្អិតឬសរសេរចេញ។ ដោយប្រើវិធីនេះអ្នកអាចពន្យល់ពីស្ថានភាពខណៈកំពុងពិគ្រោះជាមួយនរណាម្នាក់។
ប្រសិនបើអ្នកមិនអាចរៀបរាប់បញ្ហារបស់ខ្លួនជាមួយអ្នកនៅក្នុងក្រុមហ៊ុន សូមពិគ្រោះជាមួយអ្នកជំនាញផ្នែកបំពាននៅនាយកដ្ឋានការងារក្នុងស្រុករបស់អ្នក ឬការិយាល័យត្រួតពិនិត្យស្តង់ដារការងារជាកន្លែងផ្តល់សេវាកម្មពិគ្រោះយោបល់ដោយឥតគិតថ្លៃ។
ប្រសិនបើអ្នកមិនសូវជឿជាក់ទៅលើភាសាជប៉ុនរបស់ខ្លួន សូមប្រឹក្សាជាមួយសេវាកម្មប្រឹក្សាការងារបរទេសរបស់ការិយាល័យការងារ សេវាកម្មនេះផ្តល់ជូនតាមរយៈទូរស័ព្ទសម្រាប់អ្នកដែលមិនអាចទៅការិយាល័យដោយផ្ទាល់។ សេវាកម្មនេះមានជាភាសាបរទេសអាស្រ័យលើទីតាំង។
https://www.check-roudou.mhlw.go.jp/soudan/foreigner.html
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។
Yuki