បច្ចេកវិទ្យាប្រព័ន្ធ AI ជួយរកឃើញករណីស្លាប់ម្នាក់ឯងគ្មានអ្នកដឹង

Kodokushi (孤独死) គឺជាឃ្លាភាសាជប៉ុនសំដៅលើការស្លាប់ក្នុងភាពឯកោនៅជប៉ុន។ ចំនួនប្រជាជនជប៉ុនវ័យចំណាស់​កាន់តែច្រើន ម្យ៉ាងទៀតមនុស្សកាន់តែច្រើនទៅៗជ្រើសយកការរស់នៅម្នាក់ឯង ដូច្នេះបានជាស្ថានភាព Kodokushi កើនឡើងយ៉ាងឆាប់រហ័ស។

ដោយឡែកនៅទីក្រុងតូក្យូករណី Kodokushi មានចំនួន ៥.៥១៣ ក្នុងឆ្នាំ ២០១៨ ជិត ៦ ដងនៃចំនួនករណីសម្លាប់មនុស្សដែលត្រូវបានបញ្ជាក់ទូទាំងប្រទេស។

ដោយសារអ្នកទាំងនេះនៅម្នាក់ឯង ដូច្នេះនៅពេលស្លាប់ក៏គ្មាននរណាដឹងដែរ។ រហូតដល់សាកសពចាប់ផ្តើមរលួយមាន​ក្លិន​ប៉ះ​ពាល់​តំបន់​នៅជុំវិញ ពេលនោះទើបមានអ្នករាយការណ៍ទៅប៉ូលីស។

បច្ចុប្បន្ននេះបច្ចេកវិទ្យា AI អាចជួយរកឃើញសពរបស់អ្នកដែលស្លាប់ម្នាក់ឯងមុនពេលរលួយ។

រូបភាព https://diamond.jp/articles/-/224013

នៅប្រទេសជប៉ុនមានក្រុមសម្អាតកន្លែងកើតហេតុ​ដែលជំនាញចាត់ចែងសាកសពទាំងនោះ។ មានបញ្ហាចំនួនបីដែលពួកគេត្រូវដោះស្រាយនោះគឺសារធាតុរាវក្នុងរាងកាយរបស់អ្នកស្លាប់ វត្ថុមានតម្លៃដែលអ្នកស្លាប់បន្សល់ទុក និងក្លិនជាប់ក្នុងបរិយាកាស។

បន្ទាប់ពីសម្អាតរួចអចលន​ទ្រព្យដែលអ្នកស្លាប់ធ្លាប់នៅនឹងត្រូវបិទអក្សរ Jiko bukken (事故物件) ។ ប្រសិនបើផ្ទះជួល ម្ចាស់ផ្ទះត្រូវជូនដំណឹងស្ថានភាពអចលន​ទ្រព្យ។ ដូច្នេះបានជាអចលន​ទ្រព្យបែបនេះច្រើនតែមិនទទួល​បានផលចំណេញក៏ដូចជាត្រូវគេរើសអើង ហើយបោះបង់ចោល។ រហូតដល់ក្រុមហ៊ុនអចលនទ្រព្យច្រើនមិនព្រមជួលឱ្យមនុស្សចាស់ដែលនៅម្នាក់ឯង មួយផ្នែកទៀតបារម្ភលើការចំណាយថ្លៃសម្អាត ជាពិសេសដើម្បី​ជៀសវាងស្ថានភាព Kodokushi ។

រូបភាព https://bunshun.jp/articles/-/46368

យោងទៅតាមក្រុមហ៊ុន Suumo ដែលជាក្រុមហ៊ុនអចលនទ្រព្យជប៉ុនល្បី តម្លៃអចលនទ្រព្យដែលធ្លាប់ជាកន្លែងកើតហេតុធ្លាក់ចុះពី ១០%, ២០% ទៅ ៣០% ចំពោះករណីធ្វើអត្តឃាតប្រហែល ៥០% ករណីឃាតកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ។

ថ្មីៗនេះក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បានចេញសេចក្តីណែនាំថ្មីដោយកំណត់ថាពេល​ណា​ឈ្មួញកណ្តាលគួរជូនដំណឹងស្ថានភាពអចលនទ្រព្យដល់អ្នកជួល។ ជាក់ស្តែងភ្នាក់ងារអចលនៈទ្រព្យមិនចាំបាច់​ជូន​ដំណឹង​ស្ថានភាព Kodokushi ដល់អ្នកជួលថ្មីទេ ប្រសិនបើករណីនេះកើតឡើងជាងបីឆ្នាំមុន។

ទោះជាយ៉ាងណានៅពេល Kodokushi កើតឡើង អ្នកគ្រប់គ្រងចង់រកឃើញភ្លាមដើម្បីការពារស្ថានភាពសាកសពរលួយ ជួយកាត់បន្ថយការចំណាយ និងការលំបាកក្នុងការសម្អាត។

ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនជាច្រើនតំឡើងសេវាកម្មត្រួតពិនិត្យ AI និងចាប់សញ្ញាសកម្មភាពក្នុងផ្ទះដែលមានមនុស្សរស់នៅ។ ប្រព័ន្ធនេះជួយសង្កេតមើលពេលណាអ្នករស់នៅក្នុងផ្ទះលែងមានចលនា។

R65 inc គឺជាភ្នាក់ងារអចលនៈទ្រព្យជប៉ុនដែលមានជំនាញជួយអ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងរកផ្ទះ ហើយ​​ក៏ជាអ្នកផ្តល់សេវាកម្ម AI ខាងលើផងដែរ។

ក្រុមហ៊ុនក៏បានតំឡើង AI ដើម្បីកត់សម្គាល់ការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋ ដោយតាមដានភាពមិនប្រ​ក្រតីដែលបង្ហាញថាមាននរណាម្នាក់ស្លាប់។ ប្រសិនបើរកឃើញភាពមិនប្រក្រតីក្នុងអំឡុងពេលជាង ២០ ម៉ោង ម្នាក់​នោះនឹងទទួលការហៅដោយស្វ័យប្រវត្តិ។ ប្រសិនបើពួកគេមិនឆ្លើយតប អុីមែលនឹងត្រូវបានផ្ញើទៅម្ចាស់ផ្ទះឬភ្នាក់ងារអចលនៈទ្រព្យដែលទទួលខុសត្រូវតំបន់ផ្ទះ។

រូបភាព The New York Times

យោងតាមស្ថាបនិកក្រុមហ៊ុនលោក Ryo Yamamoto ប្រើ AI ដើម្បីតាមដានប្រវត្តិនៃការប្រើប្រាស់អគ្គិសនីមិនបំពាន​សិទ្ធឯកជនរបស់អ្នកស្រុកទេ នេះក៏បញ្ហាសម្រាប់អតិថិជនរបស់គាត់ផងដែរ។

Tokyo Gas ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនីដ៏សំខាន់នៃរាជធានី និងទីក្រុងជុំវិញនៅប្រទេសជប៉ុនក៏ដូចជាតំឡើងបច្ចេកវិទ្យាស្រដៀងគ្នានេះដែរ។​ ដោយមានគម្រោងតំឡើងឧបករណ៍ចាប់សញ្ញាក្នុងគេហដ្ឋានជាង ៧ ម៉ឺនផ្ទះចាប់ពីខែធ្នូឆ្នាំនេះ។

បច្ចេកវិទ្យានេះមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ និងឈ្មួញកណ្តាលប៉ុណ្ណោះទេ។ លោក Ryo Yamamoto បានអោយដឹងថាអតិថិជនវ័យចំណាស់របស់គាត់មិនចង់ក្លាយជាបន្ទុកដល់អ្នកដទៃបន្ទាប់ពីពួក​គេទទួលមរណភាពឡើយ។ លោកបន្ថែមទៀតថាអតិថិជនរបស់គាត់ចង់ទទួលមរណភាពពេលកំពុងដេក ហើយ​ត្រូវបានរកឃើញក្នុងស្ថានភាពនោះ។

“ជាជាងខ្លាចស្លាប់ម្នាក់ឯងឯកោ អតិថិជនរបស់យើងយកចិត្តទុកដាក់ចំពោះបញ្ហារកឃើញសពក្នុងរយៈពេល​លឿន និង​នៅក្នុងស្ថានភាពល្អ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: