ធ្វើគ្រប់យ៉ាងគ្រាន់តែចង់ចូលគុក “ចម្លើយដ៏គួរឱ្យរន្ធត់របស់ឃាតករ​ឈាម​ត្រជាក់​ជនជាតិជប៉ុន”

រថភ្លើងល្បឿនលឿន Shinkansen គឺជាមធ្យោបាយដឹកជញ្ជូនលឿន និងទំនើបបំផុតរបស់ជប៉ុន។ រថភ្លើង Shinkansen គោរពពេលវេលាណាស់ ហើយស្ទើរតែមិនដែលយឺតពេលទេ។ អង្គុយនៅលើរថភ្លើងអ្នកអាច​ជៀស​វាង​ហានិភ័យគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិផងដែរ។ ដូច្នេះ Shinkansen ត្រូវគេចាត់ទុកជាផ្លូវរថ​ភ្លើង​ល្បឿនលឿនដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។

ទោះជាយ៉ាងណាកាលពីឆ្នាំ ២០១៨ ករណីសោកនាដកម្មមួយបានកើតឡើងនៅលើរថភ្លើង Shinkansen ។ ស្រាប់តែមានបុរសម្នាក់យកកាំបិតផ្ទះបាយឡើងរថភ្លើង ហើយចាក់មនុស្ស ៣ នាក់បណ្តាលអោយរងរបួសធ្ងន់ ក្នុងនោះធ្វើអោយមនុស្សម្នាក់បាត់បង់ជីវិត។ ឧក្រិដ្ឋជននេះមានឈ្មោះ Ichiro Kojima អាយុ ២២ ឆ្នាំ។

មូលហេតុ​ដែលជម្រុញអោយធ្វើបែបនេះគ្រាន់តែចង់ចូលគុកបន្ទាប់ពីត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ សូមក្រឡេកមកមើលសក្ខីភាពដ៏ព្រឺសាច់ និងអាកប្បកិរិយាចម្លែកនៅក្នុងតុលាការ។

ថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

នៅថ្ងៃជំនុំជម្រះដំបូង Kojima ដើរចូលតុលាការដោយភាពរីករាយ ហើយស្រែកថា “ខ្ញុំសូមអនុញ្ញាត” បង្ហាញខ្លួនដោយមានរូបរាងចម្លែក កោរ​សក់​ក្បាល​ធ្វើអោយអ្នកចូលរួមមានអារម្មណ៍កាន់តែរន្ធត់ចំពោះឃាតករ។

ព្រោះតែឧក្រិដ្ឋកម្មរបស់ Kojima ត្រូវបានអ្នកដំណើរនៅលើរថភ្លើងមើលឃើញ ដូច្នេះគាត់ជាជនសង្ស័យតែម្នាក់​គត់​ហើយត្រូវបានផ្តន្ទាទោស ១០០% ។ ដូច្នេះហើយការជំនុំជម្រះផ្តោតសំខាន់ទៅលើមូលហេតុដែលបុគ្គលនេះចង់ជាប់​គុក។ Kojima និយាយថាតាំងពីដំបូងមកគាត់មានបំណងចង់ជាប់គុកអស់មួយជីវិត ហើយប្រុងប្រយ័ត្នមិនប្រព្រឹត្តឧក្រិដ្ឋកម្មរហូតដល់ទទួលទោសប្រហារជីវិតឡើយ។

មនុស្សអកុសលដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មរបស់ Kojima ពិតជាគួរអោយអាណិត តើពួកគេបានធ្វើអ្វីទើបត្រូវលះបង់ដើម្បីបំណងចង់ជាប់គុករបស់​ជននេះ? 

ខ្លឹមសារសន្ទនានៅក្នុងតុលាការដូចខាងក្រោមនេះ។

មេធាវី៖ តើចាប់តាំងពីពេលណាអ្នកមានបំណងចង់ចូលគុក?

Kojima៖ នេះជាក្តីស្រមៃរបស់ខ្ញុំតាំងពីក្មេង។ នៅពេលខ្ញុំចាប់ផ្តើមធ្វើសកម្មភាពកាលរៀនវិទ្យាល័យ។ ព្រោះតែចង់ចូលក្នុងមណ្ឌល​កែ​ប្រែ​អនីតិជន (កន្លែងស្តារនីតិសម្បទាដែលជំនួសពន្ធនាគារសម្រាប់អនីតិជន) ខ្ញុំព្យាយាមសម្លាប់មនុស្ស។ ខ្ញុំគប់ញញួរ ហើយចង្អុលគំរាមកាំបិតទៅកាន់ឪពុករបស់ខ្លួន។

មេធាវី៖ នៅក្នុងសក្ខីកម្មរបស់ឪពុកគាត់ លោកឪពុកនិយាយថាអ្នកខឹងព្រោះមិនចូលចិត្តទឹកក្នុងដបឬ?

Kojima៖ បញ្ហាមិនស្ថិតលើដបទឹកទេ។ ខ្ញុំធ្លាប់និយាយប្រាប់ប៉ូលីសថាខ្ញុំចង់ចូលមណ្ឌលកែប្រែអនីតិជន ប៉ុន្តែបុគ្គល​នេះមិនស្តាប់ខ្ញុំ។

មេធាវី៖ តើអ្នកបានធ្វើអ្វីផ្សេងទៀតដើម្បីចូលមណ្ឌលកែប្រែអនីតិជន?

Kojima៖ ខ្ញុំលួចបាយពូតនៅក្នុងហាងមួយ។ បន្ទាប់មកខ្ញុំត្រឡប់ទៅវិញ ហើយប្រាប់ពួកគេថា “សូមហៅប៉ូលីសអោយ​មកចាប់ខ្លួនខ្ញុំ ខ្ញុំចង់ចូលមណ្ឌលកែប្រែអនីតិជន” ។ អ្នកលក់ទាល់គំនិតហើយរកមនុស្សម្នាក់ទៀតពិភាក្សា បន្ទាប់មកពួកគេនិយាយថានឹងអោយខ្ញុំបាយពូត ហើយអោយខ្ញុំត្រឡប់ទៅផ្ទះវិញ។ ដូច្នេះខ្ញុំឆ្លើយថា “កុំមើលងាយខ្ញុំ ខ្ញុំគ្រាន់តែចង់ចូលមណ្ឌលកែប្រែប៉ុណ្ណោះ ខ្ញុំមានប្រាក់” ។ បន្ទាប់មកខ្ញុំសងប្រាក់បាយពូតទៅអោយគេ។

មេធាវី៖ តើអ្នកបានធ្វើអ្វីខ្លះចំពោះឪពុកម្តាយរបស់ខ្លួន?

Kojima៖ បន្ទាប់ពីខ្ញុំគប់កាំបិតទៅកាន់ឪពុក ម្តាយខ្ញុំអោយ ១០ ម៉ឺនយ៉េនក្នុងមួយខែ។ ប៉ុន្តែដល់ខែមួយគាត់មិនអោយខ្ញុំទៀត ដូច្នេះខ្ញុំប្រើកាំបិតដើម្បីគំរាម។ ខ្ញុំនិយាយថា “ខ្ញុំនឹងសម្លាប់គាត់រួចចូលមណ្ឌលកែប្រែអនីតិជន” ។ ដោយហេតុ​នេះទើបខ្ញុំទទួលបានប្រាក់ទៀងទាត់រាល់ខែ។

មេធាវី៖ តើមានអ្វីទៀតទេ?

Kojima៖ នៅមានច្រើនទៀត ប៉ុន្តែពេលនេះខ្ញុំកំពុងព្រួយបារម្ភដូច្នេះមិនអាចនិយាយអស់។

ព្រះរាជអាជ្ញា៖ ប្រសិនបើអ្នកចូលគុក អ្នកនឹងមិនអាចទទួលទានអាហារដែលខ្លួនចូលចិត្តទៀតទេ។

Kojima៖ ទោះបីជាអញ្ចឹងក៏ចូលគុកនៅតែល្អជាង។

ព្រះរាជអាជ្ញា៖ សូម្បីតែអ្នកមិនអាចមើលទូរទស្សន៍ឬលេងទូរស័ព្ទ ហើយបាត់បង់សេរីភាពទាំងអស់ឬ?

Kojima៖ ត្រូវហើយ។ ខ្ញុំគិតថាទោះដូច្នេះជីវិតក្នុងគុកនៅតែល្អជាង។

ព្រះរាជអាជ្ញា៖ ប្រសិនបើអ្នកមិនចូលចិត្តក៏មិនអាចរត់ចេញដែរ តើអ្នកយល់ទេ?

Kojima៖ គ្មានបញ្ហាទេ។

រូបភាព Japantime

ព្រះរាជអាជ្ញា៖ ហេតុអ្វីបានជាអ្នកគិតថារស់នៅក្នុងពន្ធនាគារល្អជាង?

Kojima៖ ខ្ញុំមិនអាចពន្យល់ឥឡូវនេះបានទេ ព្រោះខ្ញុំខ្លាចទោសរបស់ខ្លួនកាន់តែធ្ងន់។

ព្រះរាជអាជ្ញា៖ តើអ្នកចង់ចូលគុកដើម្បីរស់នៅម្នាក់ឯងឬ?

Kojima៖ ខ្ញុំដឹងថាទោះចង់ក៏មិនអាចនៅម្នាក់ឯងក្នុងពន្ធនាគារដែរ។

ព្រះរាជអាជ្ញា៖ តើដោយសារតែអ្នកចង់គេចចេញពីគ្រួសារមែនទេ?

Kojima៖ មិនពាក់ព័ន្ធអ្វីទេ ខ្ញុំគ្រាន់តែចង់ចូលគុក។

ព្រះរាជអាជ្ញា៖ តើអ្នកចង់ចូលគុកយូរប៉ុណ្ណា?

Kojima៖ ខ្ញុំចង់ជាប់គុកដោយគ្មានកំណត់។

ព្រះរាជអាជ្ញា៖ សូម្បីតែមានការដោះលែងក៏អ្នកមិនត្រូវការដែរឬ?

Kojima៖ ត្រូវហើយ។

តាំងពីដើមដល់ចប់បុរសម្នាក់នេះឆ្លើយសំណួរដោយក្លាហាន និងទំនុកចិត្ត។ មនុស្សដែលអង្គុយនៅទីនោះមាន​ការភិតភ័យយ៉ាងខ្លាំងចំពោះកម្រិតវិកលចរិករបស់ជននេះ រហូតដល់នៅស្ងៀម។

បន្ទាប់ពីត្រូវបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត Kojima បានស្រែកថា “Banzai!” (យឺនយូរ!)

ជនរងគ្រោះសរុបក្នុងករណីនេះមានចំនួន ៣ នាក់ ស្រ្តី ២ នាក់រងរបួសធ្ងន់ និងបុរសម្នាក់ស្លាប់។

នៅពេលទទួលបានសំណួរនិយាយពីស្រ្តីពីរនាក់នោះ Kojima ឆ្លើយយ៉ាងសាហាវថា “គួរអោយស្តាយដែលខ្ញុំមិនអាចសម្លាប់ពួកគេ” ។

ពិតជាគួរអោយអាណិតជនរងគ្រោះទាំង ៣ នាក់ដែលគ្មានកំហុស។

តាមរយៈរឿងរ៉ាវខាងលើយើងអាចសន្និដ្ឋានបានថាសង្គមជប៉ុនមិនមានសន្តិភាពដូចដែលអ្នកគិតទេ កុំគិតថាមានសុវត្ថិភាព​ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ច។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: