អត្ថន័យថ្ងៃល្អ ថ្ងៃអាក្រក់ទាំង ៦ នៃ Rokuyo តាមប្រតិទិនជប៉ុន

ដូចបណ្តាប្រទេសភាគច្រើននៅលើពិភពលោក ជប៉ុនប្រើប្រតិទិនសុរិយគតិ។ ប៉ុន្តែពេលក្រឡេកមើលប្រតិទិនជប៉ុន ប្រហែលមនុស្សជាច្រើនឆ្ងល់ពាក្យ Kanji កត់សម្គាល់ខាងក្រោមរាល់ថ្ងៃមានអត្តន័យអ្វី។

រូបភាព ពាក្យក្នុងរូបភាព “Showa no Hi. Taian”

Showa no Hi គឺជាថ្ងៃ Shōwa ដែលជាថ្ងៃបុណ្យប្រចាំឆ្នាំរបស់ជប៉ុន បន្ទាប់មកអ្នកនឹងមើលឃើញអក្សរ 大安 (Taian) ។ “ពាក្យ Taian” មានន័យថាល្អ ផ្ទុយនឹង Taian គឺពាក្យ 赤口 (Shakkou) មានន័យមិនល្អ។

ទាំងនេះជាលទ្ធផលពីរក្នុងចំណោមលទ្ធផលទាំង ៦ នៃការទស្សន៍ទាយ Rokuyo ។ លទ្ធផលទាំង ៦ នេះនឹងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ និងសប្តាហ៍ មានន័យថា ក្នុងមួយសប្តាហ៍លទ្ធផលនៃ Rokuyo នឹងមិនជ្រាំដែរ ហើយមិនមានសប្តាហ៍​​ណា​​ដែល Rokuyo ដូចគ្នានោះទេ។

Rokuyo មានដើមកំណើតមកពីប្រទេសចិន ប៉ុន្តែចូរស្វែងយល់អំពី Rokuyo ដែលគេប្រើនៅជប៉ុនសព្វថ្ងៃជាមួយ JAPO ទាំងអស់គ្នា។ ប្រសិនបើអ្នកចង់ដឹងថ្ងៃខែល្អដើម្បីបំពេញការងារឲ្យ​រលូន ចូរអានអត្ថបទនេះ។

១. Senshou / Sakigachi (先勝)

ពាក្យនេះមានន័យថា ប្រសិនបើអ្នកធ្វើសកម្មភាពមុន/លឿន/មុននោះនឹងឈ្នះ ដូច្នេះនេះជាថ្ងៃដែលអ្នកគួរតែពន្លឿនការងារ។ នៅព្រឹកថ្ងៃនេះជាពេលវេលាសំណាង ចន្លោះពីម៉ោង ១៤ៈ០០ – ១៨ៈ០០ រសៀលមិនអំណោយផលប៉ុន្មានទេ ដូច្នេះប្រសិនបើអ្នកកំពុងរៀបចំកិច្ចប្រជុំសំខាន់ៗ សូមកំណត់នៅពេលព្រឹក។

២. Tomobiki (友引) 

Tomo មានន័យថាមិត្ត រីឯ biki មានន័យថាអូសទាញ នេះជាថ្ងៃដែលមិនសាកសមសម្រាប់ពិធីបុណ្យសពឡើយ។ រៀបចំពិធីបុណ្យសពនៅថ្ងៃនេះនឹងអូសទាញអ្នកចូលរួមទៅកាន់ពិភពមួយផ្សេងទៀតដោយចៃដន្យ ដូច្នេះកុំធ្វើពិធីបុណ្យសពនៅថ្ងៃនេះ។

ដោយសារមានការភ័ន្តច្រឡំមួយចំនួនពាក្យនេះក៏ត្រូវបានសរសេរថា 共引き។ នៅពេលនោះអត្ថន័យនៃពាក្យនេះបង្ហាញ​ថាការប្រកួតដែលប្រព្រឹត្តទៅនៅថ្ងៃនោះនឹងស្មើគ្នា។

សព្វថ្ងៃអ្នកនឹងមានសំណាងពេលព្រឹក ប៉ុន្តែពេលថ្ងៃមិនសំណាងនោះទេ ចំណែកពេលល្ងាចគឺសំណាងណាស់ ដូច្នេះប្រសិនបើអ្នកមានបំណងណាត់ជួបមិត្តភក្តិគួរតែណាត់ពេលល្ងាច។

ចំពោះពិធីមង្គលការដែលប្រារព្ធឡើងនៅថ្ងៃនេះ អ្នកនឹងរាប់បញ្ចូលមិត្តភក្តិក្នុងសុភមង្គលរបស់ខ្លួន និយាយឲ្យ​​ខ្លីមានន័យថាសុភមង្គលរបស់អ្នកនឹងត្រូវចែករំលែក។ ប្រសិនបើមុនថ្ងៃ Tomobiki ជាថ្ងៃ Taian នោះអាពាហ៍ពិពាហ៍របស់អ្នកនឹងល្អឥតខ្ចោះ។

៣. Senpu / sakimake (先負)

ពាក្យនេះផ្ទុយនឹង Senshou/Sakigachi ។ នៅពេលព្រឹកមិនមានសំណាងទេ ប៉ុន្តែផ្ទុយទៅវិញល្ងាចថ្ងៃនេះនឹងជួយឲ្យ​អ្នកមានសំណាង។ ប្រសិន​បើ​អ្នកចង់យកឈ្នះចាញ់ ឬប្រកួត អ្នកគួរតែធ្វើនៅពេលល្ងាច។

៤. Butsumetsu (仏滅)

Butsumetsu គ្រាន់តែអានក៏ដឹងដែរថានេះជាថ្ងៃដ៏អាក្រក់បំផុត។ តាមពិតទៅអត្ថន័យថ្ងៃនេះគ្មានអ្វីទាក់ទងនឹង​ព្រះពុទ្ធសាសនានោះទេ ប៉ុន្តែពាក្យនេះជួយឲ្យ​អ្នករាល់គ្នាដឹងភ្លាមថានេះជាផ្នូលអាក្រក់។ ដូច្នេះនៅថ្ងៃនេះប្រជា​ជន​ជប៉ុននឹងជៀសវាងរៀបចំពិធីផ្សេងៗដូចជាពិធីមង្គលការជាដើម។

៥. Taian (大安)

Taian មានន័យថាសុខសាន្ត អាចនិយាយបានថាជាថ្ងៃដែលមានសំណាង និងល្អ។ នេះមិនត្រឹមតែជាថ្ងៃដ៏ល្អសម្រាប់​​រៀបចំពិធីមង្គលការប៉ុណ្ណោះទេ រួមទាំងពិធីផ្សេងៗជាច្រើនទៀត។ ដើម្បីកក់បានថ្ងៃ Taian នៅភោជនីយ​ដ្ឋាន​រៀបចំអាពាហ៍ពិពាហ៍ពិតជាពិបាកណាស់។

៦. Shakkou/sekiguchi (赤口)

មានប្រជាជនជប៉ុនជាច្រើនក៏មិនអាចអានត្រូវពាក្យនេះដែរ។ ពាក្យ shakkou/sekiguchi សំដៅលើវត្ថុដែលមាន​ពណ៌​ក្រហមដូចជាភ្លើង និងឈាម ដូច្នេះនៅថ្ងៃនេះចូរប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងរបួស ជាពិសេសវត្ថុមុតស្រួច​។ នៅ​ពេល​ព្រឹក និងល្ងាចជាពេលវេលាដែលគ្មានសំណាង មាន​តែពេលថ្ងៃប៉ុណ្ណោះដែលជាពេលវេលាល្អ។ ដូច្នេះប្រសិន​​​បើអ្នកទៅណា សូមព្យាយាមធ្វើយ៉ាងណាឲ្យ​ហើយពេលថ្ងៃ។

រូបភាព @Wargod_Kenshin

ទាំងនេះជាសេចក្តីសង្ខេបអត្ថន័យទាំង ៦ នៃថ្ងៃ Rokuyo នៅជប៉ុន បើប្រៀបទៅនឹង Rokuyo របស់ចិន តើមានភាពខុសគ្នាច្រើនដែរទេ?

ទោះបីជាការដែលជឿលើ Rokuyo ច្រើនពេកមិនមែនជារឿងល្អ ប៉ុន្តែក្នុងឳកាសសំខាន់មួយចំនួន ពិចារណាចំពោះ Rokuyo អាចជាគំនិតល្អ ជួយឲ្យ​អ្នកមានអារម្មណ៍ជឿជាក់នៅពេលធ្វើការសម្រេចចិត្ត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: