ជីវិត​ទាហាន​ជប៉ុន​ម្នាក់​តស៊ូ​ប្រយុទ្ធ​ម្នាក់​ឯង​ ព្រោះ​តែ​មិន​ដឹង​ថា​សង្រ្គាម​បាន​បញ្ចប់

បន្ទាប់ពីចាញ់សង្រាមលោកលើកទី ២ ទាហានជប៉ុនដែលឈរជើងនៅទូទាំងពិភពលោកបានវិលត្រឡប់ទៅជប៉ុន​វិញ។ ក្នុងចំណោមនោះមានមនុស្សជាច្រើនសម្រេចមិនចាកចេញ ហើយប្រយុទ្ធដើម្បីប្រទេសដែលពួកគេឈរ​ជើង។

ក្នុងអំឡុងពេលនោះពួកគេបានបន្ថែមមិត្តភក្តិដែលជាអ្នកស្រុក ទោះជាយ៉ាងណា អ្នកខ្លះបន្តប្រយុទ្ធតែម្នាក់​ឯង។ តួអង្គសំខាន់ដែលយើងលើកឡើងក្នុងអត្តបទនេះគឺ Yokoi Shouichi និង Hiroo Onoda ។ Shouichi បាន​វិល​ត្រឡប់​​មក​ពី Guam បន្ទាប់ពីសង្គ្រាមរយៈពេល ២៨ ឆ្នាំ។ ទន្ទឹមនឹងនេះ Onoda នៅតែបន្តប្រយុទ្ធ​តែម្នាក់​ឯង ៣០ ឆ្នាំបន្ទាប់​ពី​សង្គ្រាម​បាន​បញ្ចប់។

សង្រ្គាមបញ្ចប់នៅឆ្នាំ ១៩៤៤ ពេលនោះ Onoda ត្រូវបានបណ្តុះបណ្តាលពិសេសសម្រាប់ការធ្វើសង្គ្រាមសម្ងាត់ ហើយត្រូវបញ្ជូនទៅប្រទេសហ្វីលីពីន។ មុនពេលចូលបម្រើកងទ័ពម្តាយរបស់ Onoda អោយកាំបិតស្នៀតមួយហើយនិយាយ​ថា “ប្រសិនបើកូនត្រូវគេចាប់ដាក់គុក ចូរធ្វើអត្តឃាតដោយវត្ថុនេះ” ។

បន្ទាប់ពីរួចផុតពីការហ៊ុំព័ទ្ធរបស់សត្រូវ Onoda លាក់ខ្លួនក្នុងព្រៃ។ រហូតដល់ខែសីហាឆ្នាំ ១៩៤៥ ជប៉ុនចុះចាញ់ដោយ​គ្មានលក្ខខណ្ឌ សង្គ្រាមលោកលើកទី ២ បានបញ្ចប់។ ប៉ុន្តែព័ត៌មាននេះមិនបានទៅដល់ Onoda និងអ្នកផ្សេង​ទៀតទេ។

Onoda រួមដំណើរជាមួយ Akatsu Yuichi, Shimada Shoichi, Goduka kinshichi នៅតែរួមគ្នាលើកកម្ពស់សកម្មភាព​​ស៊ើប​​ការណ៍​ខណៈដែលរដ្ឋាភិបាលមិនដឹង។ នៅខែកញ្ញាឆ្នាំ ១៩៤៥ ពួកគាត់ត្រូវគេចាត់ទុកថាស្លាប់នៅក្នុងសង្គ្រាម។

នៅខែមិថុនាឆ្នាំ ១៩៥០ Akatsu សម្រេចចិត្តចុះចាញ់ព្រោះបានដល់ដែនកំណត់ នាក់ទាំងបីផ្សេងទៀតរួមទាំង Onoda ក៏ត្រូវគេរកឃើញថានៅមានជីវិតនៅឡើយ។

ថ្វីត្បិតតែពេលនោះហ្វីលីពីនទទួលបានឯករាជ្យពីអាមេរិក ប៉ុន្តែនៅទូទាំងប្រទេសនៅតែមានទាហានអាមេរិកច្រើន ដូច្នេះបានជាលោក Onoda បន្តប្រយុទ្ធ។ គាត់បានវាយប្រហារជាច្រើនដង ដោយការលបបាញ់ និងរំខានទីតាំង​រ៉ាដាយោធាអាមេរិករាប់សិបដង។ សរុបទាហានអាមេរិក និងហ្វីលីពីនជាង ៣០ នាក់ត្រូវស្លាប់ ឬ​រង​របួសដោយ​សារ​ការ​វាយប្រហារ​របស់ Onoda ខណៈដែលសង្គ្រាមបានបញ្ចប់ហើយក៏ដោយ។

តាមពិតទៅលោក Onoda នៅតែចាប់បានព័ត៌មានពិភពលោកដោយពឹងលើវិទ្យុដែលគាត់លួចពីផ្ទះប្រជាជន ប៉ុន្តែគាត់មិនជឿអ្វីដែលគាត់ស្តាប់ឮ។ លោកគិតថាជប៉ុនត្រូវអាមេរិកបង្ខំទើបចុះចាញ់ ទីស្នាក់ការកណ្តាលរបស់ជប៉ុនត្រូវបានផ្លាស់ទៅកន្លែងផ្សេងដោយសម្ងាត់ សង្គ្រាមដើម្បីប្រទេសជប៉ុននៅតែបន្ត លោក Onoda សុខចិត្តលះបង់ដល់ទីបញ្ចប់ដើម្បីប្រទេសរបស់ខ្លួន។

តាមទស្សនៈរបស់ប្រជាជនហ្វីលីពីនទាហានជប៉ុនដែលលាក់ខ្លួនក្នុងព្រៃគឺជាគ្រោះថ្នាក់។ ដូច្នេះរដ្ឋាភិបាលជប៉ុនបានអនុវត្តការស៊ើបអង្កេតជាច្រើនដង។ នៅទីបំផុតឆ្នាំ ១៩៧៤ លោក Suzuki ភាគីខាងរដ្ឋាភិបាលក៏បានជួបលោក Onoda ។ Suzuki និយាយប្រាប់លោក Onoda ថា៖

“ខ្ញុំមានរឿងដែលត្រូវប្រាប់អ្នក សង្គ្រាមដ៏យូរអង្វែង និងសាហាវបានកន្លងផុតទៅ សង្រ្គាមបានបញ្ចប់នៅឆ្នាំ ១៩៤៥ ។ Onoda តើអ្នកចង់ធ្វើអ្វីទៀត? តើអ្នកចង់ស្លាប់នៅទីនេះឬ? សូមត្រឡប់ទៅជប៉ុនជាមួយនឹងខ្ញុំវិញ” ។

ដោយហេតុគាត់និយាយថា គាត់នឹងបញ្ចប់បេសកកម្មនេះប្រសិនបើថ្នាក់លើចេញបញ្ជា ថ្នាក់លើរបស់គាត់លោក Taniguchi បានទៅដល់កន្លែងនោះ ហើយបញ្ជាឱ្យ Onoda ត្រឡប់ទៅវិញ។ ការប្រយុទ្ធតែម្នាក់ឯងរបស់ Onoda បាន​បញ្ចប់។

ក្រោយពេលត្រលប់ទៅប្រទេសជប៉ុនវិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់ចំនួន ១០ លានយ៉េនដល់លោក Onoda ប៉ុន្តែគាត់បានបដិសេធ។ លោក Onoda និយាយថា គាត់គ្រាន់តែបំពេញភារកិច្ច​របស់​ខ្លួន។ ប្រាក់នេះរួមទាំងការបរិច្ចាគពីប្រជាជនត្រូវបានប្រគល់ទៅអោយទីសក្ការបូជា Yasukuni ជាកន្លែងគោរពបូជាដល់អ្នកដែលតស៊ូដើម្បីប្រទេសជប៉ុន។

លោក Onoda ក៏បានបដិសេធមិនជួបនឹងអធិរាជ Showa ដែរ។ ចំពោះលោក Onoda អធិរាជជាតំណាងនៃអាទិទេព។ លោក Onoda មិនអាចទុកអោយអធិរាជនិយាយសុំទោសគាត់ឡើយ ដូច្នេះគាត់សម្រេចចិត្តមិនជួប។

តើលោក Onoda មានអារម្មណ៍យ៉ាងពេលត្រឡប់ទៅប្រទេសជប៉ុនវិញ? ស្រាប់តែដឹងថាប្រទេសជាតិខុសពីអ្វីដែលគាត់ធ្លាប់ស្គាល់។ ជាច្រើនឆ្នាំក្រោយ​មក​ជីវិតរបស់លោក Onoda ត្រូវបានផលិតជាភាពយន្ត។

សង្គ្រាមបានសម្លាប់ប្រជាជនជាច្រើន ហើយធ្វើអោយទាហានម្នាក់ត្រូវប្រយុទ្ធក្នុងភាពឯកោ។

ខ្ញុំសង្ឃឹមថាសន្តិភាពនឹងបន្តជារៀងរហូត ហើយសង្គ្រាមនឹងមិនកើតឡើងទៀតឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: