តើអ្នកដឹងទេថា Soba ជាម្ហូបតែមួយគត់ដែលមានវត្តមានរបស់អាទិទេព?

តើអ្នកទាំងអស់គ្នាចូលចិត្តទទួលទាន Soba ដែរទេ?

អាស្រ័យលើតំបន់នីមួយៗ Soba ពេញនិយមតិចឬច្រើន ជាពិសេសនៅក្បែរទីក្រុងតូក្យូ Soba ជាម្ហូបដែលមានប្រជា​​ប្រិយ​​ភាព​ជាង Udon ។ មុខម្ហូបដែលខ្ញុំចូលចិត្តគឺ Soba ជាមួយទឹកជ្រលក់ បើទទួលទានជាមួយ Tempura កាន់តែល្អ។

មីជប៉ុនពេញនិយមនៅក្រៅប្រទេស ក្នុងចំណោមនោះ Ramen និយមជាងគេ បន្ទាប់មកគឺ Udon ។ ដោយមូលហេតុ​ណាមួយ Soba ហាក់ដូចជាប្រៀបមិនបានឡើយ​។

ប៉ុន្តែអ្នកប្រហែលជាចូលចិត្តបរិភោគ Soba បន្ទាប់ពីបានដឹងថា៖ នៅក្នុង Soba មានវត្តមានរបស់អាទិទេព Soba តែ​មិនមានអាទិទេព Ramen ឬ Udon នោះទេ។

អាទិទេព Soba មានសាវតាជាព្រះមហាក្សត្រីយានី Gensho នៃសម័យ Nara គ្រប់គ្រងអំណាចពីឆ្នាំ ៧១៥ ដល់ ៧២៤ ។ ក្នុងប្រវត្តិសាស្ត្រជប៉ុនព្រះមហាក្សត្រីយានីជាស្ត្រីទី ៥ ក្នុងចំណោមស្ត្រី ៨ នាក់ដែលទទួលតួនាទីជាអធិរាជ។ ព្រះមហាក្សត្រីយានី Gensho ធ្លាប់មានព្រះបន្ទូលថា៖

“មិនត្រូវទុកឲ្យ​ប្រជាជនគ្មានការងារធ្វើទេ

មិនត្រូវកើតមានអំពើពុករលួយឡើយ”

ទ្រង់ជាស្តេចស្រីដ៏អស្ចារ្យម្នាក់ដែលតែងតែឆ្ពោះទៅរកសង្គមយុត្តិធម៌។ ទោះជាយ៉ាងណា វិស័យកសិកម្មសម័យ​មុន​ពឹង​ផ្អែក​លើ​ធម្ម​ជាតិ ជៀស​មិនផុតការខាតបង់នោះទេ។ នេះជាមូលហេតុ​ពួកគេផ្តោតលើការដាំគ្រាប់ធញ្ញជាតិ buckwheat (គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​មី Soba) ។

មិនដូចស្រូវ ឬស្រូវសាលីទេ buckwheat ដាំងាយស្រួលជាង ដើមអាចដុះនៅកន្លែងដែលមិនសូវមានសារធាតុចិញ្ចឹម​ឬកម្រមានទឹក។ ព្រោះតែមូលហេតុ​នេះរដ្ឋធ្វើឲ្យ​ជីវិតរបស់ប្រជាជនមានស្ថិរភាពដោយបង្កើនការដាំ buckwheat ។ ដូច្នេះ​​ហើយបានជាវប្បធម៌ទទួលទាន Soba និយមទូទាំងប្រទេស​ជប៉ុន។ នៅកន្លែងជាច្រើនរឿងនេះបានផ្លាស់ប្តូរបង្កើត​​ជាទំនៀមទម្លាប់ថ្វាយ Soba ទៅឲ្យ​ទេវតាភ្នំ ហើយនៅតែបន្តរហូតមកដល់សព្វថ្ងៃ។

បន្ទាប់ពីអ្នកបានដឹងរឿងរ៉ាវដ៏មានអត្ថន័យនៃ Soba ប្រហែលជាអ្នកនឹងមានអារម្មណ៍ថាចូលចិត្តម្ហូបនេះ។ ហើយ​​បើ​​អ្នក​កំពុង​មាន​បំណងប្រាថ្នាមួយ ចូរបរិភោគ Soba ហើយបួងសួងសាកមើល។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: