បុរសជនជាតិរុស្ស៊ីហែលទឹកភៀសខ្លួនទៅដល់ប្រទេសជប៉ុនរួចនិយាយ​ថា​នៅ​ជប៉ុនមិនសូវតានតឹងដូចរុស្ស៊ីទេ

កាលពីខែសីហាបុរសជនជាតិរុស្ស៊ីម្នាក់ដែលហែលទឹកចម្ងាយប្រហែល ២០ គីឡូម៉ែត្ររត់ភៀសខ្លួនទៅប្រទេសជប៉ុន បច្ចុប្បន្នកំពុងត្រូវឃុំខ្លួនក្នុងជំរុំជនអន្តោប្រវេសន៍មួយនៅ Ushiku, Ibaraki ។ គាត់និយាយថាមានអារម្មណ៍ធូរ​ចិត្ត​ពេល​រួចផុតពីជីវិតតានតឹងនៅប្រទេសរុស្ស៊ី។

បច្ចុប្បន្នលោក Vaas Feniks Nokard កំពុងសុំសិទ្ធិជ្រកកោននៅប្រទេសជប៉ុន គាត់និយាយទាំងញញឹមថានៅជប៉ុន​​ល្អជាងនៅរុស្ស៊ី (យោងតាមបទសម្ភាសន៍ជាមួយ Asahi Shimbun) ។

លោក Nokard អាយុ ៣៨ ឆ្នាំបានអោយដឹងកាលពីថ្ងៃទី ៦ ខែតុលាក្នុងបទសម្ភាសន៍រយៈពេល ៣០ នាទីថា “ថ្វីត្បិត​តែខ្ញុំមានភាពតានតឹងខ្លាំងពេលនៅ​រុស្ស៊ី ប៉ុន្តែឥឡូវនេះខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិចហើយ” ។

Kimiko Tanaka អ្នកនាំមុខក្រុមពលរដ្ឋជួយជនបរទេសដែលត្រូវឃុំខ្លួននៅមជ្ឈមណ្ឌល Ushiku ទៅជាមួយអ្នក​យក​ព័ត៌មាន Asahi ម្នាក់ចូលរួមបទសម្ភាសន៍។ លោក Nokard ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រហែល ២០ នាក់ដែលសព្វថ្ងៃត្រូវឃុំខ្លួននៅក្នុងមណ្ឌលនេះ។

រូបភាព Asahi

Tanaka និយាយថាមិនមែនជារឿងចម្លែកទេដែលជនបរទេសត្រូវឃុំខ្លួនច្រើនឆ្នាំ។ “ខ្ញុំជឿថាចំណុចដំបូងដែលលោក Nokard ត្រូវការគឺជំនួយពីមេធាវី” ។

នៅពេលដែល Tanaka សួរថាតើក្រុមរបស់នាងអាចជួយអ្វីបាន? លោក Nokard និយាយថាគាត់ចង់បានច្បាប់​ថត​ចម្លងសៀវភៅ “Minna no Nihongo” ជាសៀវភៅបង្រៀនភាសាជប៉ុនដែលលោក Nokard ធ្លាប់រឿនកាលនៅប្រទេសរុស្ស៊ី។

មន្ត្រីក្នុងមណ្ឌលអន្តោប្រវេសន៍ប្រើឧបករណ៍បកប្រែដោយស្វ័យប្រវត្តិដើម្បីទាក់ទងជាមួយលោក Nokard បានអោយដឹងថាគាត់ចង់រៀនភាសាជប៉ុនឡើងវិញ។

លោក Nokard ត្រូវឃុំខ្លួនម្នាក់ឯងក្នុងបន្ទប់ធំមួយដែលមានទំហំ ៣២,៤ ម៉ែត្រការ៉េ។

“ខ្ញុំមានទូរទស្សន៍ ប៉ុន្តែកម្មវិធីទាំងអស់សុទ្ធតែជាភាសាជប៉ុន” ។

ប្រាក់ទាំងអស់ដែលគាត់យកតាមខ្លួនមានចំនួន ១២,០០០ យ៉េន របស់ថ្លៃបំផុតដែលលោក Nokard អាចទិញក្នុងមណ្ឌលឃុំគឺកាតទូរស័ព្ទសម្រាប់ហៅទូរស័ព្ទក្រៅប្រទេស។

គាត់បាននិយាយថា “កាតនីមួយៗមានតម្លៃ ១.០០០ យ៉េន ដូច្នេះខ្ញុំទិញចំនួនពីរសន្លឹក” ។

លោក Nokard បានអោយដឹងថាគាត់ទូរស័ព្ទទៅអ្នកម្តាយនៅស្រុកកំណើតចំនួន ៤ ដង តាំងពីពេលត្រូវឃុំខ្លួននៅមណ្ឌលនេះ។

“ខ្ញុំបានទូរស័ព្ទទៅអោយម្តាយចំនួន ៤ ដង ព្រោះខ្ញុំអាចនិយាយបានតែ ១៨ នាទីសម្រាប់កាតនីមួយៗប៉ុណ្ណោះ។ ថ្ងៃខួបកំណើតរបស់ខ្ញុំនៅថ្ងៃទី ២៤ ខែតុលា ប៉ុន្តែម្តាយខ្ញុំមិនអាចទូរស័ព្ទមកខ្ញុំបាន ដូច្នេះខ្ញុំនឹងហៅទូរស័ព្ទទៅវិញ ខ្ញុំនឹងទិញកាតពីរបន្ថែមទៀត” ។

គាត់ទូរស័ព្ទទៅម្តាយព្រោះគាត់ចាំលេខទូរស័ព្ទ ក្រៅពីនេះលោក Nokard មិនមានលេខរបស់សាច់ញាតិឬមិត្តភក្តិផ្សេងទៀតទេ ព្រោះលេខទូរស័ព្ទរបស់ពួកគេរក្សាទុកក្នុងស្មាតហ្វូនដែលត្រូវមន្រ្តីរឹបអូស។

នៅពាក់កណ្តាលខែសីហាលោក Nokard ហែលទៅដល់ Kunashiri ដែលជាកោះមួយក្នុងចំណោមកោះមានជម្លោះទាំង ៤ ដែលគ្រប់គ្រងដោយ​រុស្ស៊ី ប៉ុន្តែក៏ត្រូវបានជប៉ុនប្រកាសកម្មសិទ្ធិផងដែរ។ ដើមឡើយគាត់ត្រូវប៉ូលីស​ហុកកៃដូ​ឃាត់​ខ្លួននៅទីក្រុង Shibetsu ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅការិយាល័យសេវាកម្មអន្តោប្រវេសន៍ប្រចាំតំបន់ Sapporo ដែលស្ថិតក្រោមទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍របស់រដ្ឋាភិបាលជប៉ុន។ ក្នុងបទសម្ភាសន៍មួយនៅទីក្រុង Sapporo, Hokkaido កាលពីដើមខែកញ្ញាលោកនិយាយថាការសម្រេចចិត្តរត់គេចខ្លួនដោយ​សារ​តែ​មានការអាក់អន់ចិត្តចំពោះរបបដឹកនាំរបស់ប្រធានាធិបតី Vladimir Putin ។ នៅពាក់កណ្តាលខែកញ្ញាគាត់ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលត្រួតពិនិត្យអន្តោប្រវេសន៍ជប៉ុនខាងកើតនៅ Ushiku ។

លោក Nokard មានដើមកំណើតនៅ Izhevsk សាធារណរដ្ឋ Udmurt ក្នុងតំបន់ Urals ភាគខាងលិចនៃប្រទេស​រុស្ស៊ី។ មុននោះគាត់ធ្វើជាអ្នកផលិតកាំភ្លើង AK-47 ។ បន្ទាប់មកលោក Nokard បានផ្លាស់ទៅ Kunashiri ហើយធ្វើការក្រៅម៉ោងនៅក្បែរ Golovnino ភាគខាងត្បូងនៃ​កោះ។

ជប៉ុនបានផ្តល់សិទ្ធិជ្រកកោនដល់បុគ្គលចំនួន ៤៧ នាក់នៅឆ្នាំ ២០២០ បើយោងតាមទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍។ លើសពីនេះបុគ្គល ៤៤ នាក់ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសជប៉ុនដោយសារហេតុផលមនុស្សធម៌ថ្វីត្បិតតែពួកគេត្រូវបដិសេធសិទ្ធិជ្រកកោនក្រោមស្ថានភាពជនភៀសខ្លួនក៏ដោយ។ ប្រសិនបើអាជ្ញាធរជប៉ុនបដិសេធសំណើសុំសិទ្ធិជ្រកកោនរបស់លោក Nokard គាត់សង្ឃឹមថានឹងអាចទៅប្រទេសទីបីដូចជាប៉ូឡូញ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: