វត្តមានរវាងសាមូរ៉ៃ និងជំងឺអាសន្នរោគ តើប្រវត្តិសាស្រ្តអាចនឹងកើតឡើងម្តងទៀតក្រោយសម័យកូវីដ ១៩ ដែរទេ?
ការផ្ទុះនៃជំងឺកូវីដ ១៩ បានរំខានដល់ជីវិតប្រចាំថ្ងៃរបស់យើងដូចជាមិនអាចចេញទៅក្រៅ ធ្វើការនៅផ្ទះ តែងតែពាក់ម៉ាស់ជាដើម។ ទាំងនេះជាទម្លាប់ថ្មីដែលកើតចេញដោយសារជំងឺរាតត្បាត។ រហូតមកដល់ពេលនេះជិត ២ ឆ្នាំមកហើយ ប្រហែលជាដោយសារការកើនឡើងនៃចំនួនមនុស្សទទួលវ៉ាក់សាំង ឬព្រោះតែការយល់ដឹងកើនឡើង ដូច្នេះចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកមានការថយចុះ។ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បញ្ចប់ទាំងស្រុង តើពិភពលោកនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច? តើអ្នកអាចស្រមៃគិតឃើញទេ?
នៅក្នុងប្រវត្តិសាស្ត្រជប៉ុនធ្លាប់ផ្ទុះជំងឺរាតត្បាតជាច្រើនដងមកហើយ។ រហូតដល់ថ្នាក់ជំងឺឆ្លងរីករាលដាលយ៉ាងខ្លាំងបានធ្វើឲ្យផ្លាស់ប្តូរប្រវត្តិសាស្ត្រប្រទេសជប៉ុន។ នេះជាមូលហេតុនៃកំណើត និងមរណភាពរបស់សាមូរ៉ៃផងដែរ។
រដ្ឋប្រហារកើតឡើងដោយសារផ្ទុះជំងឺឆ្លង
ដូចដែលអ្នកបានដឹងហើយថា ជប៉ុនជាប្រទេសមួយដែលគោរពបូជាអធិរាជតាំងពីសម័យបុរាណ។ យូរៗទៅអំណាចរបស់អធិរាជបានផ្លាស់ប្តូរបន្តិចម្តងៗ។ នៅឆ្នាំ ៦០០ អំណាចរបស់អធិរាជបានធ្លាក់ក្នុងកណ្តាប់ដៃត្រកូល Soga ដែលនៅតែបន្តក្នុងនាមព្រះចៅអធិរាជ។ នៅឆ្នាំ ៦៤៥ រដ្ឋប្រហារដែលគេហៅថាកំណែទម្រង់ Taika បានផ្ទុះឡើងធ្វើឲ្យត្រកូល Soga ដួលរលំ។
ជាក់ស្តែងពីរបីឆ្នាំមុនពេលរដ្ឋប្រហារនេះកើតឡើង ជំងឺអុតស្វាយបានវាយប្រហារប្រទេសជប៉ុន។ ទោះជាយ៉ាងណាក្រុមអភិជននៅតែព្រងើយកណ្តើយ តើនេះជាមូលហេតុបណ្តាលឲ្យកើតមានរដ្ឋប្រហារ?
តើជំងឺឆ្លងបង្កើតចេញជាសាមូរ៉ៃ?
ប្រហែល ១០០ ឆ្នាំក្រោយបន្ទាប់ពីរដ្ឋប្រហារនេះ ជំងឺអុតស្វាយបានវាយប្រហារប្រទេសជប៉ុនម្តងទៀត។ លើកនេះជំងឺឆ្លងឆក់យកជីវិតប្រជាជនជប៉ុនប្រមាណ ៣០% ។ ធនធានមនុស្សថយចុះបណ្តាលឲ្យវិស័យជាច្រើនជាប់គាំងដែលក្នុងនោះធ្ងន់ជាងគេគឺវិស័យកសិកម្ម។
ដូចពេលមុនដែរ ការមិនពេញចិត្តរបស់ប្រជាជនចំពោះអភិជនបានឈានដល់កម្រិតកំពូល។ ពួកគេបំពាក់អាវុធដើម្បីការពារខ្លួន ទាំងនេះជាការចាប់កំណើតនៃសាមូរ៉ៃ។ ដូច្នេះបើនិយាយថាវត្តមានរបស់សាមូរ៉ៃចេញមកពីជំងឺប្រហែលជាមិនខុសទេ។
សាមូរ៉ៃស្លាប់ដោយសារជំងឺឆ្លង
បន្ទាប់ពីចាប់កំណើតសាមូរ៉ៃផ្តើមគ្រប់គ្រងប្រទេសជប៉ុនបន្តិចម្តងៗតាមការផ្ទេរអំណាចពីអធិរាជ។ មុនពេលសម័យសាមូរ៉ៃបញ្ចប់ ជំងឺឆ្លងមួយផ្សេងទៀតបានកើតឡើង។
ជប៉ុនអនុវត្តគោលនយោបាយបិទទ្វារមិនទំនាក់ទំនងជាមួយបរទេស។
ឧត្តមនាវីឯកនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក Matthew Calbraith Perry បានបញ្ជាឲ្យកងនាវាចរឥណ្ឌាខាងកើតបង្ខំឲ្យជប៉ុនបើកទូលាយចំពោះពាណិជ្ជកម្មបរទេស បន្ទាប់ពីជាង ២០០ ឆ្នាំអនុវត្តគោលនយោបាយនេះ។
លទ្ធផលនាវិកម្នាក់របស់គាត់បានឆ្លងជំងឺអាសន្នរោគ ដែលបង្កឲ្យមានការរីករាលដាលជំងឺអាសន្នរោគនៅទូទាំងប្រទេសជប៉ុន។ ដោយឡែកនៅអេដូប្រជាជនប្រហែល ១០ ម៉ឺននាក់ស្លាប់ដោយសារជំងឺអាសន្នរោគ។
ប្រហែលជាអ្នកគិតថា ការបើកជំនួញជារឿងដែលត្រឹមត្រូវ ប៉ុន្តែប្រជាជនសម័យនោះមិនគិតដូច្នោះទេ។ ពួកគេប្រឆាំងយ៉ាងខ្លាំងចំពោះជនបរទេស ដោយនិយាយថា ជនបរទេសនាំមកនូវគ្រោះមហន្តរាយដល់ប្រទេសជប៉ុន។
ដូច្នេះកងកម្លាំងដែលចង់ផ្តួលរំលំ Bakufu ទាំងអស់បានរួបរួមគ្នាប្រឆាំងនឹងជនបរទេស ហើយបានបង្កើតបដិវត្តន៍មួយ។ លទ្ធផលសម័យសាមូរ៉ៃត្រូវបញ្ចប់ អំណាចធ្លាក់ក្នុងដៃរបស់អធិរាជជាថ្មី។ ជាងនេះទៅទៀត ដើម្បីការពារប្រទេសពីកម្លាំងឈ្លានពាន យុគសម័យអភិវឌ្ឍផ្តោតលើកម្លាំងប្រដាប់អាវុធបានចាប់កំណើត។
បន្ទាប់ពីឆ្លងផុតជំងឺអាសន្នរោគម្តងៗ ប្រទេសជប៉ុនមានការផ្លាស់ប្តូរច្រើន។ សាមូរ៉ៃកើតមកដោយសាជំងឺហើយក៏ស្លាប់ទៅវិញព្រោះតែជំងឺដែរ។ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ តើនឹងមានការផ្លាស់ប្តូរយ៉ាងណាចំពោះជប៉ុន?
ប្រទេសទេសជប៉ុនកំពុងមានបញ្ហាជាច្រើនដូចជាអំពើពុករលួយនយោបាយ វិបត្តិសេដ្ឋកិច្ចជាដើម។ ក្នុងស្ថានភាពនេះត្រូវតែមានការផ្លាស់ប្តូរអ្វីម្យ៉ាងកើតឡើង បើមិនដូច្នេះទេជប៉ុនមិនអាចបន្តអភិវឌ្ឍបានឡើយ។
Kengo Abe