បុរសប្តូរភេទជនជាតិជប៉ុនម្នាក់ទាមទារការទទួលស្គាល់ភេទដោយមិនចាំបាច់វះកាត់
បុរសកែភេទម្នាក់នៅទីក្រុង Shizuoka ភាគកណ្តាលប្រទេសជប៉ុន បានដាក់ពាក្យបណ្តឹងទៅតុលាការស្នើសុំប្តូរភេទក្នុងបញ្ជីគ្រួសាររបស់គាត់ ដោយមិនចាំបាច់វះកាត់ប្តូរភេទតាមតម្រូវការច្បាប់ជាធរមាន។
លោក Gen Suzuki អាយុ ៤៦ ឆ្នាំ ជាបុរសម្នាក់តែសរសេរក្នុងបញ្ជីគ្រួសារជាស្រ្តីបានដាក់ពាក្យបណ្តឹងស្នើទៅកាន់សាខា Hamamatsu នៃតុលាការគ្រួសារ Shizuoka បានបញ្ជាក់ថាអត្តសញ្ញាណយេនឌ័រគួរតែត្រូវបានទទួលស្គាល់ទោះបីជាមិនវះកាត់ក៏ដោយ។
ចំពោះការកែបញ្ជីគ្រួសារដែលបំពេញព័ត៌មានអត្តសញ្ញាណរបស់ពលរដ្ឋដូចជាភេទ និងទំនាក់ទំនងគ្រួសារត្រូវមានការអនុញ្ញាតរបស់តុលាការគ្រួសារ។
រូបភាព Mainichi News
គាត់និយាយថាខ្លួនមានអារម្មណ៍មិនស្រួលពេលដែលត្រូវចាត់ទុកដូចជាស្ត្រីតាំងពីក្មេង ហើយត្រូវគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហាអត្តសញ្ញាណយេនឌ័រកាលអាយុ ៤០ ឆ្នាំ។ គាត់ធ្លាប់ឆ្លងកាត់ការព្យាបាលដោយចាក់អរម៉ូនភេទស្រី ហើយវះកាត់យកជាលិកាសុដន់របស់ខ្លួនចេញ ប៉ុន្តែមិនចង់ធ្វើការវះកាត់ប្តូរភេទឡើយ។ ដោយសារតែគាត់គិតថាការវះកាត់អាចធ្វើអោយបាត់បង់លទ្ធភាពបង្កកំណើត ប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
“ពិតជាមិនត្រឹមត្រូវទេដែលរដ្ឋបង្ខំឱ្យមានការវះកាត់ដែលមិនមែនជាឆន្ទៈរបស់ប្រជាជនពលរដ្ឋ។ ខ្ញុំគិតថាគួរតែមានច្រើនជម្រើសខុសគ្នា” ។ Suzuki បានបញ្ជាក់ថាគាត់នឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលប្រសិនបើសំណើរបស់គាត់ត្រូវបដិសេធ។
រូបភាព Mainichi News
បន្ទាប់ពីដាក់សំណើលោក Suzuki បានរៀបចំធ្វើសន្និសីទសារព័ត៌មានជាមួយគូស្នេហ៍ដែលជាស្រ្តី ហើយបានអោយដឹងថាអ្នកទាំងពីរមានបំណងចង់រៀបការ។
“ខ្ញុំយល់ឃើញថាមិនសមហេតុផលទេដែលអ្នកប្តូរភេទមិនអាចទទួលបានភាពស្មើគ្នាក្នុងអាពាហ៍ពិពាហ៍” ។
នៅឆ្នាំ ២០១៩ តុលាការកំពូលបានសម្រេចថាច្បាប់ជប៉ុនស្តីពីបញ្ហាអត្តសញ្ញាណយេនឌ័រតម្រូវឱ្យមានលក្ខខណ្ឌនៃការវះកាត់ប្តូរភេទ ដើម្បីផ្លាស់ប្តូរភេទស្របច្បាប់របស់មនុស្សម្នាក់។ ទោះជាយ៉ាងណាចៅក្រមតុលាការកំពូលពីររូបក្នុងចំណោម ៤ រូបដែលពាក់ព័ន្ធនឹងសំណុំរឿងនេះបានបង្ហាញទស្សនៈថាបទប្បញ្ញត្តិនេះត្រូវបានសង្ស័យថារំលោភលើសិទ្ធិ “ស្វែងរកសុភមង្គល” យោងតាមរដ្ឋធម្មនុញ្ញ។
នៅឆ្នាំ ២០១៤ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិផ្សេងទៀត បានអំពាវនាវឱ្យមានការគោរពសិទ្ធិរបស់អ្នកប្តូរភេទ ពួកគេមានសិទ្ធិរក្សាលទ្ធភាពមានកូន និងបញ្ហាបញ្ឈប់លទ្ធភាពមានកូនដោយបង្ខំឬមិនស្ម័គ្រចិត្ត។
Sacchan