តាក់ស៊ីបើកបរដោយខ្លួនឯងត្រូវបានដាក់អោយដំណើរការសាកល្បងនៅតាមដងផ្លូវនៃទីក្រុង Yokohama

ក្រុមហ៊ុន Nissan Motor Co. បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត NTT Docomo Inc. ដើម្បីសាកល្បងតាក់ស៊ីបើកបរដោយខ្លួនឯងតាមដងផ្លូវ Yokohama ខេត្ត Kanagawa ។

កម្មវិធីធ្វើតេស្តគំរូរថយន្តតាក់ស៊ីដែលបើកបរដោយខ្លួនឯងត្រូវបានដាក់អោយអនុវត្តតាំងពីថ្ងៃទី ២១ ខែកញ្ញារហូត​ដល់​ថ្ងៃទី ៣០ ខែតុលា។ ម៉ូឌែលតាក់ស៊ីបើកបរដោយខ្លួនឯងផលិតចេញពីស៊េរីរថយន្ត Nissan e-NV200 ប្រើអគ្គិសនី​នៃក្រុមហ៊ុន Nissan Motor ។

ការសាកល្បងនេះធ្វើក្នុងបរិវេណ ២ គីឡូម៉ែត្រក្រឡាជុំវិញស្រុក Minato Mirai ជិតស្ថានីយ៍ Yokohama និងតំបន់ Chinatown ។ ជា​មួយ​នឹង​ទីតាំងទទួល និងចុះចតចំនួន ២៣ កន្លែង បេក្ខជនចំនួន ២០០ នាក់បានចុះឈ្មោះចូល​រួម​ក្នុងកម្មវិធីសាកល្បងនេះ។

អ្នកដំណើរប្រើសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទរបស់ NTT DoCoMo ។ យោងតាមក្រុមហ៊ុន Nissan Motor Co., ម៉ូឌែលតាក់ស៊ីបើកបរដោយខ្លួនឯងរួមបញ្ចូលគ្នារវាងការបើកបរដោយខ្លួនឯង និង​បញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងរថយន្តតាក់ស៊ីនៅតាមដងផ្លូវ។ ប្រសិនបើភ្ញៀវកក់កន្លែង​ទទួលមួយក្នុងចំណោម ២៣ កន្លែងលើកម្មវិធីស្មាតហ្វូន AI នឹងបញ្ជូនតាក់ស៊ីដែលនៅជិតបំផុតទៅកាន់​ទី​តាំង​​នោះដើម្បីទទួលភ្ញៀវ។

លោក Kazuhiro Doi អនុប្រធានសាជីវកម្ម Nissan មានប្រសាសន៍ថា “យើងចង់កំណត់បញ្ហាដែលកើតឡើងជាក់ស្តែង និងស្វែងរកដំណោះស្រាយ​មុន​នឹងដាក់អោយដំណើរការបច្ចេកវិទ្យានេះ” ។

ការបែងចែកតាក់ស៊ីបើកបរដោយខ្លួនឯង កំណត់ផ្លូវ និងត្រួតពិនិត្យពីចម្ងាយត្រូវបានធ្វើឡើងដោយ NTT DoCoMo ។

ថ្វីត្បិតតែ NTT Docomo ធ្លាប់មានបទពិសោធន៍សម្របសម្រួលរថយន្តជាមួយប្រព័ន្ធ AI ចំនួន ៤៦ តំបន់នៅទីក្រុង​តូក្យូ Hokaido និង ១៩ ខេត្តផ្សេងទៀតនៅទូទាំងប្រទេស ប៉ុន្តែនេះជាលើកទីមួយដែលក្រុមហ៊ុនធ្វើការសម្រប​សម្រួលចំពោះតាក់ស៊ីបើកបរដោយខ្លួនឯង។

ដោយហេតុផល​នេះក្នុងការសាកល្បង NTT DoCoMo បានបន្ថែមមុខងារថ្មីដូចជាបើកទ្វារតាក់ស៊ីតាមរយៈស្មាត​ហ្វូន និងពិនិត្យមើលកម្រិតថ្មរបស់តាក់ស៊ីបើកបរដោយខ្លួនឯងតាមរយៈប្រព័ន្ធទូរគមនាគមន៍។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: