ជើងហោះហើរត្រូវពន្យារពេលដោយសារតែអណ្តើកចាស់មួយក្បាលរាំងផ្លូវ
ប្រសិនបើអ្នកកំពុងអង្គុយនៅលើយន្តហោះត្រៀមចេញដំណើរ ហើយស្រាប់តែទទួលបានសេចក្តីជូនដំណឹងពន្យារពេល។ ប្រហែលជាអ្នកនឹងមានការព្រួយបារម្ភ ប៉ុន្តែសំណាងសេចក្តីប្រកាសរបស់យន្តហោះដូចតទៅ៖
“ខ្ញុំទើបតែទទួលបានដំណឹងមានសត្វអណ្តើកមួយក្បាលរត់ចូលផ្លូវយន្តហោះដែលយើងនឹងហោះចេញ ដូច្នេះយើងត្រូវរង់ចាំមួយភ្លេត” ។
ករណីនេះកើតឡើងនៅលើផ្លូវយន្តហោះ A នៃអាកាសយានដ្ឋាន Narita ខេត្ត Chiba វេលាម៉ោងប្រហែល ១១ៈ៣០ នាទីព្រឹក។ ការផ្លាស់ទីសត្វអណ្តើកនេះធ្វើអោយជើងហោះហើរត្រូវពន្យារពេល ១០ នាទី។
បុគ្គលិកបានអោយដឹងថាម្តងម្កាលឆ្មាដើរទៅមកលើផ្លូវយន្តហោះជារឿងធម្មតា ប៉ុន្តែលើកនេះសូម្បីតែអ្នកបើកយន្តហោះជើងចាស់ក៏និយាយថាលើកដំបូងដែលគាត់មើលឃើញអណ្តើកនៅលើផ្លូវយន្តហោះ។ អណ្តើកនេះត្រូវបានមន្រ្តីអាកាសយានដ្ឋានរក្សាទុក។ អណ្តើក មានប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ២ គីឡូក្រាម។
ដើម្បីកំណត់ថាអណ្តើកនេះជាប្រភេទអ្វី ប្រព័ន្ធផ្សព្វផ្សាយបានទាក់ទងទៅកាន់អ្នកជំនាញ Tsuyoshi Shirawa ដែលថ្មីៗនេះល្បីដោយសាររកឃើញពស់ថ្លាន់មួយក្បាលរត់បាត់។ ពស់ថ្លាន់នេះបានធ្វើអោយសង្កាត់ Yokohama រស់ក្នុងភាពភ័យខ្លាចរយៈពេលប្រហែលមួយខែ។
អ្នកជំនាញ Shirawa បាននិយាយថាអណ្តើកនេះជាអណ្តើកត្រចៀកក្រហម ជាប្រភេទសត្វដែលមានដើមកំណើតនៅអាមេរិកខាងត្បូងភាគខាងជើង ប៉ុន្តែក្រោយមកពេញនិយមទូទាំងពិភពលោកព្រោះត្រូវគេចាត់ទុកដូចជាសត្វចិញ្ចឹម។
មានច្រើនករណីអណ្តើកត្រចៀកក្រហមត្រូវម្ចាស់បោះបង់ចោល។ នៅជិតព្រលានយន្តហោះគ្មានផ្ទះរបស់ប្រជាជនទេ ដូច្នេះប្រហែលជាវាកើតក្នុងទន្លេណាមួយក្បែរនោះ ហើយដើរលេងឆ្ងាយបន្តិច។
ម៉្យាងវិញទៀតអ្នកបើកយន្តហោះម្នាក់ដែលទទួលការសម្ភាសក៏និយាយដែរថា ប្រហែលអណ្តើកនេះរត់គេចពីអីវ៉ាន់របស់នរណាម្នាក់ ហើយវារចេញមកផ្លូវយន្តហោះ។
ទោះជាយ៉ាងណាសង្ឃឹមថាគ្មាននរណាបោះបង់ឬភ្លេចសត្វចិញ្ចឹមរបស់ខ្លួន។
RIN