សាកលវិទ្យាល័យជប៉ុនរឹតបន្តឹងការត្រួតពិនិត្យជីវប្រវត្តិនិស្សិតបរទេសក្នុងការស្រាវជ្រាវបច្ចេកវិទ្យាយោធា

កាលពីពេលថ្មីៗនេះការស្ទង់មតិដោយសារព័ត៌មាន Kyodo News ត្រូវបានធ្វើឡើងចំពោះសាកលវិទ្យាល័យជប៉ុនចំនួន ៥៦ សាលា ស្តីពីការរឹតបន្តឹងត្រួតពិនិត្យជីវប្រត្តិរបស់និស្សិតបរទេស ក្នុងនោះរួមទាំងសាលាដែលមានសកម្មភាព​ផ្លាស់ប្តូរនិស្សិតជាមួយក្រុមសាកលវិទ្យាល័យចិនគេហៅថា “កូនទាំង ៧ រូបនៃក្រសួងការពារជាតិ” ។

នេះជាក្រុមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវិស័យឧស្សាហកម្មការពារជាតិចិន។

ក្នុងចំណោមសាលាដែលទទួលការស្ទង់មតិមាន ៣១ សាលានិយាយថាពួកគេបានរឹតបន្តឹងការត្រួតពិនិត្យជីវប្រវត្តិរបស់និស្សិតឬកំពុងរៀបចំគម្រោងជាក់លាក់។

រូបភាព https://english.kyodonews.net/

កាលពីមុនភាគច្រើនសាកលវិទ្យាល័យនៅជប៉ុនបានត្រឹម​តែសាកសួរសាលាដែលសិស្សចូលរៀនមុនពេលពួកគេដាក់​ពាក្យ​សុំចូលរៀនប៉ុណ្ណោះ។ ដោយផែនការរឹតបន្តឹងជាងមុន សាលាបានចាប់ផ្តើមត្រួតពិនិត្យប្រវិត្តសិក្សា និងការងាររបស់និស្សិតបរទេស។

កន្លែងមួយចំនួនថែមទាំងត្រួតពិនិត្យថាតើនិស្សិតបរទេសចង់រកការងារដែលទាក់ទងនឹងយោធាដែរឬទេ ខណៈដែលសាលាផ្សេងទៀតត្រូវការព័ត៌មានលម្អិតនៃមូលនិធិស្រាវជ្រាវដែលនិស្សិតទទួលបាន។

គិតមកត្រឹម​ខែឧសភាឆ្នាំ ២០២០ មាននិស្សិតបរទេសប្រហែល ២៨ ម៉ឺននាក់កំពុងសិក្សានៅប្រទេសជប៉ុនដែលក្នុង​នោះ​និស្សិតមកពីប្រទេសចិនជាង ៤០% ។

ដូច្នេះជប៉ុនបានរឹតបន្តឹងការត្រួតពិនិត្យជីវប្រវត្តិរបស់និស្សិតបរទេស ដើម្បីធានាថាព័ត៌មានសម្ងាត់មិនត្រូវលេចធ្លាយចេញពីប្រទេសជប៉ុន។ នេះក៏ជាការផ្លាស់ប្តូរនៃសាកលវិទ្យាល័យជាច្រើនបន្ទាប់ពីនាយករដ្ឋមន្រ្តី Yoshihide Suga បានប្រកាសផែនការកាលពីខែមិថុនា ដើម្បីរឹតបន្តឹងត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាដែលប្រើក្នុងគោលបំណងយោធា។

លើសពីនេះនិស្សិតដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយរដ្ឋាភិបាលបរទេសត្រូវតែមានការយល់ព្រមពីក្រសួងឧស្សាហកម្ម​ទើបអាចធ្វើការស្រាវជ្រាវដែលទាក់ទងនឹងយោធា។

បច្ចុប្បន្នជប៉ុនមិនមានច្បាប់តឹងរឹងចំពោះការស្រាវជ្រាវរបស់និស្សិតបរទេសនោះទេ។

Mikihito Kano សាស្រ្តាចារ្យជំនាញគ្រប់គ្រងកម្មសិទ្ធិបញ្ញានៅសាកលវិទ្យាល័យ Mie ខេត្ត Mie និយាយថាដរាបណាសាកលវិទ្យាល័យជប៉ុននៅផ្អែកលើឯកសារជីវប្រវត្តិរបស់និស្សិតដើម្បីពិនិត្យមើលព័ត៌មានរបស់ពួកគេនោះរដ្ឋាភិបាល​នឹង​នៅ​តែត្រូវត្រួតពិនិត្យនិស្សិតបរទេសឱ្យបានម៉ត់ចត់។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: