អត្រាទទួលស្គាល់ជនភៀសខ្លួននៅជប៉ុនទាបជាងគេក្នុងបណ្តាប្រទេសអភិវឌ្ឍ

ការិយាល័យអន្តោប្រវេសន៍ជប៉ុនជាអង្គការដែលបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការធ្វើអន្តោប្រវេសន៍របស់មនុស្សទាំងអស់ដែលចូល និងចាកចេញពីប្រទេសជប៉ុន មិនមែនត្រឹមតែជនបរទេសប៉ុណ្ណោះទេ។

នៅទីនេះមានជំរុំទទួលជនចំណាកស្រុក ជាទូទៅកន្លែងនេះទទួលអ្នកចំណាកស្រុកខុសច្បាប់ អ្នកដែលផុតកំណត់ស្នាក់នៅឬចូលដោយខុសច្បាប់។ ក្រៅពីនេះអ្នកដែលកំពុងសុំសិទ្ធិជ្រកកោនក៏ត្រូវបញ្ជូនចូលកន្លែងនេះដែរ។

ធម្មតាអ្នកដែលគ្មានប័ណ្ណស្នាក់នៅត្រូវបង្ខំចិត្តនៅទីនេះ ប៉ុន្តែរឿងដែលនាយកដ្ឋានអន្តោប្រវេសន៍ធ្វើចំពោះពួក​គេ​បានក្លាយជាបញ្ហា​ធំនៅទូទាំង​ពិភព​លោក។

មនុស្សម្នាក់នៅក្នុងជំរុំត្រូវសង្កត់រហូតដល់បាក់ឆ្អឹង។

រូបភាព https://mainichi.jp/articles/20210915/k00/00m/040/152000c

នៅពេលបុរសនោះត្អូញត្អែររបបអាហាររបស់ខ្លួន បុគ្គលិកម្នាក់បានសង្កត់គាត់ ដាក់ខ្នោះដៃទាំងពីរនៅពីក្រោយខ្នងបណ្តាលអោយប្រេះឆ្អឹងដៃ។ ស្ថានភាពនេះថតបានតាមរយៈកាមេរ៉ាក្នុងបន្ទប់។

បុគ្គលិកនៅទីនេះបកស្រាយថាពួកគេធ្វើដូចនេះ “ដើម្បីការពារការវាយបកមកវិញ” ប៉ុន្តែប្រសិនបើអ្នកមើលវីដេអូ អ្នកនឹងឃើញថានរណាកំពុងធ្វើមិន​សម​ហេតុផល។

លើសពីនេះក្នុងវីដេអូចាប់បានទិដ្ឋភាពបុគ្គលិកដាស់ ហើយបង្ខំអោយបុគ្គលនេះចេញទៅកន្លែងណាមួយទាំងកណ្តាល​យប់។

ក្នុងស្ថានភាពនេះជំរុំអាក្រក់ជាជាងពន្ធនាគារទៅទៀត។

ការិយាល័យអន្តោប្រវេសន៍នៅ Nagoya ស្ត្រីជនជាតិស្រីលង្កាម្នាក់ធ្លាប់រាយការណ៍ពីស្ថានភាពរាងកាយរបស់ខ្លួន ប៉ុន្តែ​គ្មាន​អ្នក​អើពើរហូតបាត់បង់ជីវិត។

នៅឆ្នាំ ២០១៤ ការិយាល័យអន្តោប្រវេសន៍ខេត្ត Ibaraki បុរសជនជាតិ Cameroon អាយុ ៤៣ ឆ្នាំម្នាក់មានជំងឺទឹក​នោម​ផ្អែម​និយាយប្រាប់ការិយា​ល័យ​ថាគាត់នឹងស្លាប់ប្រសិនបើមិនព្យាបាល។ លទ្ធផលបុរសម្នាក់នេះស្លាប់នៅថ្ងៃបន្ទាប់។

យោងតាមការស៊ើបអង្កេតមនុស្សចំនួន ១២ នាក់បានស្លាប់ក្នុងជំរុំការិយាល័យអន្តោប្រវេសន៍ទូទាំងប្រទេសជប៉ុនគិតត្រឹមរយៈពេល ២០ ឆ្នាំមកនេះ។

ក្រៅពីនេះករណីមួយចំនួនមិនទទួលបានការយកចិត្តទុកដាក់ដូចជាមានជំងឺ ហើយស្លាប់បន្ទាប់ពីត្រូវបានដោះលែងពីជំរុំ។ មិនមានស្ថិតិជាក់លាក់នោះទេ ប៉ុន្តែខ្ញុំគិតថាមានច្រើនករណីបែបនេះ។

មូលហេតុ​ដែលបណ្តាលអោយកើតមានករណីខាងលើដោយសារនាយកដ្ឋានអន្តោប្រវេសន៍ បុគ្គលិកមានសិទ្ធិពេញ​លេញ​ក្នុង​ការ​សម្រេចថាតើប្រជាជនអាចត្រូវបានអនុញ្ញាតឱ្យទៅមន្ទីរពេទ្យឬអត់ ពួកគេវាយតម្លៃស្ថានភាពដោយ​ផ្អែកលើការគិតរបស់ខ្លួន។ ដោយសារគ្មានចំណេះដឹងវិជ្ជាជីវៈ ការវិនិច្ឆ័យខុសមានច្រើនករណីណាស់។

លើសពីនេះបុគ្គលិកច្រើនមិនចាត់ទុកជនភៀសខ្លួនជា “មនុស្ស” ព្រោះជនបរទេសជាច្រើនដែលរស់នៅដោយខុសច្បាប់ប្រព្រឹត្ត​បទល្មើស និងបង្កបញ្ហាដល់ប្រទេសជប៉ុន។ ប្រហែលមកពីរឿងនេះទើបពួកគេមានគំនិតប្រកាន់ ហើយ​ចាត់ទុកអ្នករស់នៅខុសច្បាប់ស្រដៀងនឹងឧក្រិដ្ឋជន។

ជាក់ស្តែងពន្ធនាគារសម្រាប់ឧក្រិដ្ឋជនតែងតែមានអ្នកត្រួតពិនិត្យការពារបុគ្គលិកធ្វើរឿងមិនត្រឹមត្រូវ។

មូលហេតុដែលនាយកដ្ឋានអន្តោប្រវេសន៍មិនត្រូវបានកត់សម្គាល់រហូតមកដល់ពេលនេះ ដោយសារគ្មានអ្នកត្រួតពិនិត្យ ហើយតែងតែធ្វើតាមគំនិតរបស់ខ្លួន។

ជាក់ស្តែងជនបរទេស និងជនជាតិជប៉ុនសុទ្ធតែជាមនុស្ស មិនមានអ្វីខុសគ្នានោះទេ។

ជាប់ឃុំមានន័យថាត្រូវដកហូតសិទ្ធិសំខាន់ទីពីរនៅក្នុងជីវិត៖ “សិទ្ធិទទួលបានសេរីភាព” ។ នៅទីនោះទាំងពេលទទួលទានឬទៅបន្ទប់ទឹកក៏ត្រូវមានក្រដាស​អនុញ្ញាត ពួកគេមិនអាចទូរស័ព្ទ ផ្ញើអុីមែលឬប្រើហ្វេសប៊ុកបានទេ។ តើនេះជាទង្វើត្រឹមត្រូវសម្រាប់មនុស្សឬ?

ត្រូវកំណត់កម្រិតទទួលពិន័យ គោលដៅគឺដើម្បីជៀសវាងការប្រព្រឹត្តខុសឡើងវិញ។

ជាការពិត Over Stay (ស្នាក់នៅលើសកំណត់) គឺខុសច្បាប់ ប៉ុន្តែព្រោះតែរឿងនេះដកហូតសិទ្ធិទាំងអស់របស់ពួកគេ​គឺ​មិន​ត្រូវ​នោះ​ទេ។ ឧទាហរណ៍កំហុសពេលចតរថយន្តគឺខុសច្បាប់ ប៉ុន្តែទោសកំហុសមិនដល់ថ្នាក់ជាប់គុកពីរខែឡើយ។ ស្រដៀងគ្នាដែរខ្ញុំមិនគិតថាកំហុសរបស់អ្នកស្នាក់នៅលើសពី ២ ខែបែរជាធ្ងន់រហូតត្រូវដកសិទ្ធិសេរីភាពទេ។

នេះជាតារាងប្រៀបធៀបតាមបណ្តាប្រទេសដើម្បីបញ្ជាក់ពីស្ថានភាពជនភៀសខ្លួន។

រាប់ពីឆ្វេងទៅស្តាំ៖ អាល្លឺម៉ង់ កាណាដា បារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន។

នៅប្រទេសអាឡឺម៉ង់អត្រាអ្នកដែលទទួលបានសិទ្ធិជ្រកកោនមានចំនួន ៤១,៧% ចំណែកជប៉ុនមានតែ ០,៥% ប៉ុណ្ណោះ។

ថ្វីត្បិតតែស្ថានភាពប្រទេសនីមួយៗមានភាពខុសគ្នា ប៉ុន្តែពិតជាគួរអោយសោកស្តាយដែលអត្រាទទួលស្គាល់​ជន​ភៀស​ខ្លួនរបស់ជប៉ុនស្ថិតក្នុងកម្រិតទាបបំផុតក្នុងចំណោមបណ្តាប្រទេសអភិវឌ្ឍនៅលើពិភពលោក។ មិននឹកស្មាន​ថា​ជប៉ុនជាប្រទេសសោះកក្រោះចំពោះជនបរទេសសោះឡើយ។

ខ្ញុំគិតថាបញ្ហានេះគួរតែត្រូវយកចិត្តទុកដាក់ទាំងជនជាតិជប៉ុន និងជនបរទេស។ សូមចែករំលែកបញ្ហានេះដើម្បីកែលម្អស្ថានភាពនោះ និងជួយអោយជនបរទេសមានអារម្មណ៍សុវត្ថិភាពពេលទៅដល់ប្រទេសជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: