បណ្ណាល័យដ៏ធំនៅសាកលវិទ្យាល័យ Waseda សម្រាប់អ្នកចូលចិត្តអ្នកនិពន្ធ Haruki Murakami

បណ្ណាល័យដាក់តាំងវត្ថុដូចជាសៀវភៅអនុវស្សាវរីយ៍ ការប្រមូល សុីឌីរបស់អ្នកនិពន្ធប្រលោមលោកជប៉ុន Haruki Murakami នឹងបើកដំណើរសប្តាហ៍ក្រោយនៅទីក្រុងតូក្យូ។ នេះជាកន្លែងសម្រាប់ស្រាវជ្រាវអក្សរសាស្ត្រ ផ្លាស់​ប្តូរ​វប្បធម៌ និងជាកន្លែងដ៏ល្អសម្រាប់អ្នកគាំទ្រអ្នកនិពន្ធ។

បណ្ណាល័យនេះស្ថិតនៅសាកលវិទ្យាល័យ Waseda សាលាចាស់របស់ Murakami ជាកន្លែងដែលមានច្បាប់ថតចម្លងការ​ស្រាវ​ជ្រាវរបស់លោក កម្រងសៀវភៅ និងម៉ាសុីនថតសម្លេង ព្រមទាំងហាងកាហ្វេដែលដំណើរការដោយនិស្សិត។ ហាង​នេះ​បម្រើ​កាហ្វេខ្មៅដែលអ្នកនិពន្ធចូលចិត្ត។

លោក Murakami ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកបណ្ណាល័យថា “ខ្ញុំសង្ឃឹមថាទីនេះនឹងក្លាយជាកន្លែងដែលនិស្សិតអាចផ្លាស់ប្តូរ និងស្វែងយល់ដោយសេរី ដែលជាកន្លែងឥតគិតថ្លៃ ពិសេស ហើយថ្មីក្នុងបរិវេណសាលា” ។

បណ្ណាល័យនេះត្រូវបានរចនាឡើងដោយស្ថាបត្យករ Kengo Kuma ជាអ្នកជាប់ឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមានឥទ្ធិពល​បំផុត​ទាំង ១០០ នៅឆ្នាំ ២០២១ ដែលជ្រើសដោយទស្សនាវដ្តី Times ។ ហើយគាត់ក៏ជាអ្នករចនាពហុកីឡដ្ឋានអូឡាំពិកតូក្យូផងដែរ។

ដើម្បីចូលទៅក្នុងបណ្ណាល័យ អ្នកទស្សនាត្រូវដើរឆ្លងកាត់ផ្លូវរូងក្រោមដី។ លោក Kengo Kuma ក៏ជាអ្នកគាំទ្រលោក Murakami ម្នាក់ផងដែរ។ លោក Kuma បាននិយាយថាផ្លូវរូងក្រោមដីជាទិដ្ឋភាពក្នុងក្តីស្រមៃរបស់គាត់នៅ​ពេល​អាន​សៀវ​ភៅរបស់ Murakami ។ នៅក្នុងសាច់រឿងតួអង្គឯកតែងតែទៅមករវាងពិភពពិត និងមិនពិត។

បណ្ណាល័យមានឈ្មោះជាផ្លូវការថា “ផ្ទះអក្សរសិល្ប៍អន្ដរជាតិ Waseda” សព្វថ្ងៃកំពុងរក្សាទុកសៀវភៅប្រមាណ ៣០០០ ក្បាល សេចក្តីព្រាង និងឯកសារផ្សេងទៀតរបស់លោក Murakami ដែលរួមទាំងច្បាប់បកប្រែស្នាដៃរបស់លោកជាភាសាជាច្រើនផ្សេងទៀត និងការប្រមូលសុីឌី។

រូបភាព asahi

សុីឌីត្រូវបានដាក់តាំងក្នុងបន្ទប់សំឡេងក្បែរបណ្ណាល័យដែលមួយចំនួនមានបោះត្រា “Petercat” ឈ្មោះហាងបារចង្វាក់ jazz ដែលគាត់បើកបន្ទាប់ពីបញ្ចប់ការសិក្សា Waseda ។ ក្នុងចំណោមនោះមានច្បាប់ថតសម្លេងល្បីរបស់ Billie Holiday, Sonny Rollins, John Coltrane និង Miles Davis ដែរ។

លោក Murakami និយាយបែបកំប្លែងថា “ខ្ញុំសង្ឃឹមថាកន្លែងដូចនេះត្រូវបានសាងសង់បន្ទាប់ពីខ្ញុំចែកឋាន ដើម្បីអោយខ្ញុំអាចសម្រាកដោយសុខសាន្ត ហើយមានអ្នកមើលថែវា” ។ “ខ្ញុំមានការព្រួយបារម្ភបន្តិចពេលមើលឃើញវាទាំងខ្លួននៅរស់” ។

លោក Murakami បាននិយាយថាគាត់នឹងរួមចំណែកតាមលទ្ធភាពដែលអាចធ្វើទៅបានសម្រាប់បណ្ណាល័យ។ បច្ចុប្បន្ន​បណ្ណាល័យផ្តោតលើស្នាដៃរបស់លោក ប៉ុន្តែគាត់សង្ឃឹមថាបណ្ណាល័យនឹងពង្រីកខ្លួន ហើយបន្ថែមស្នាដៃរបស់អ្នកនិពន្ធប្រលោមលោកផ្សេងទៀត ដើម្បីធ្វើអោយវាក្លាយជាកន្លែងស្រាវជ្រាវធំទូឡាយ និងអាចបត់បែនបាន។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: