ភ្ញាក់ផ្អើលនឹងការអះអាងរបស់បុរសជនជាតិជប៉ុនម្នាក់ថាខ្លួនគេងតែ ៣០ នាទីក្នុងមួយថ្ងៃរយៈពេល ១២ ឆ្នាំ

លោក Daisuke Hori អាយុ ៣៦ មកពីជប៉ុនបានអោយដឹងថាគាត់ចំណាយពេលពីរបីឆ្នាំថ្មីៗនេះបណ្តុះបណ្តាលទម្លាប់​គេង​តែ ៣០ នាទីក្នុងមួយថ្ងៃ។

តើអ្នកធ្លាប់មានអារម្មណ៍ថាមិនមានពេលវេលាគ្រប់គ្រាន់ ហើយចង់កាត់បន្ថយពេលគេងដើម្បីធ្វើរឿងដែលខ្លួនចូល​ចិត្ត​ដែរ​ទេ?

រូបភាព https://www.odditycentral.com/

លោក Daisuke Hori ជាបុរសម្នាក់ដែលមានគំនិតបែបនេះ ហើយបានអនុវត្តរឿងនេះអស់ជាច្រើនឆ្នាំ។ គាត់អះ​អាង​ថាកាត់បន្ថយពេលវេលាគេងប្រចាំថ្ងៃរបស់ខ្លួនពី ៨ ម៉ោង/ថ្ងៃមកត្រឹម ៣០ នាទី/ថ្ងៃ ដោយមិនមាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរពាក់ព័ន្ធនឹងកង្វះការគេងនោះទេ។

លោកគឺជាស្ថាបនិកនៃ “សមាគមអ្នកគេងតិចនៅប្រទេសជប៉ុន” ហើយបច្ចុប្បន្នកំពុងបណ្តុះបណ្តាលអ្នកផ្សេងទៀតរបៀបកាត់បន្ថយពេលវេលាគេងប្រចាំថ្ងៃ ដើម្បីអោយពួកគេមានពេលវេលាច្រើនរីករាយនឹងជីវិត។

ថ្មីៗនេះលោក Daisuke Hori បានបង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ដ៏ពេញនិយមរបស់ជប៉ុន ក្នុងកម្មវិធីនេះគាត់​ចែក​រំលែក​ពេលវេលាគេងដែលបង្កមតិមិនយល់ស្របជាច្រើន។ លោកតែងតែមានអារម្មណ៍ថារយៈពេល ១៦ ម៉ោងក្នុង​មួយថ្ងៃមិនគ្រប់ធ្វើរឿងដែលខ្លួនចង់នោះឡើយ។

ប៉ុន្មានឆ្នាំមកនេះគាត់បានកាត់បន្ថយពេលគេងពី ៨ ម៉ោងមកត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃ ហើយនៅតែយល់​ថា​សុខភាព​ល្អ និងពោរពេញទៅដោយថាមពល។

ការប្តូរមកគេងត្រឹម ៣០ នាទីក្នុងមួយថ្ងៃរយៈពេលយូរជារឿងដែលមិនគួរអោយជឿនោះទេ ផលិតករកម្មវិធីទូរទស្សន៍​អញ្ជើញ​លោក Daisuke Hori បង្ហាញពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។ គាត់យល់ព្រមអនុញ្ញាតឱ្យស្ថានីយ៍ទូរទស្សន៍​ថត​សកម្មភាព​របស់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃ។

នៅថ្ងៃទីមួយលោក Daisuke Hori ភ្ញាក់ពីម៉ោង ៨ ព្រឹក ដំបូងគាត់ទៅកន្លែងហាត់ប្រាណ បន្ទាប់មកអានសៀវ​ភៅ សរសេរអត្ថបទមួយចំនួនប្រចាំសប្តាហ៍ លេងហ្គេម បន្ទាប់មកទៀតទៅញាំអាហារពេលល្ងាច ជួបជុំមិត្តភក្តិ។ ពេលត្រឡប់មកផ្ទះលោកកែសម្រួល clip ខ្លីមួយចំនួននិយាយពីទម្លាប់គេង ហើយបង្ហោះនៅលើគេហទំព័រ Youtube របស់​ខ្លួន។

បន្ទាប់ពីថតរួចគាត់បន្តបរិភោគអាហារពេលយប់ ធ្វើការងារផ្ទះខ្លះ ហើយជជែកជាមួយអ្នករាល់គ្នាតាមរយៈការផ្សាយ​ផ្ទាល់។ រហូត​ដល់​ម៉ោង​ប្រហែល ២ ទៀបភ្លឺលោក Daisuke Hori ក៏ចូលគេង គ្រាន់តែរយៈពេលគេងប្រហែល ២៦ នាទីមុនពេលភ្ញាក់ដោយមិនត្រូវការនាឡិការោទិ៍។ លោក Daisuke Hori ស្លៀកពាក់ ហើយបន្តជជែកគ្នារហូតដល់ព្រឹកជាមួយមិត្តភក្តិមួយចំនួន ហាត់ប្រាណ ហើយជាចុងក្រោយត្រលប់ទៅផ្ទះវិញ។

ក្នុងរយៈពេលថត ៣ ថ្ងៃ លោកចំណាយពេលពេញមួយយប់លេងហ្គេម លេង Mahjong ជជែកគ្នា និងទៅដើរលេងជា​មួយ​មិត្តភក្តិ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺមិត្តភក្តិរបស់គាត់ទាំងអស់សុទ្ធតែជាអ្នកគេងតិចដូចគាត់​ដែរ។ ពួកគេកំពុងកាត់បន្ថយទម្លាប់គេងប្រចាំថ្ងៃ ដើម្បីរីករាយនឹងពេលវេលាដ៏មានន័យ។

អ្នកទស្សនាមានការងឿងឆ្ងល់ថាតើធ្វើយ៉ាងណាលោក Daisuke Hori អាចទប់នឹងអារម្មណ៍ងងុយដេកបន្ទាប់ពីបាយថ្ងៃត្រង់។ ព្រោះមនុស្សភាគច្រើនត្រូវស៊ូនឹងភាពងងុយដេកដោយសារបរិមាណ insulin កើនក្នុងអំឡុងពេលនោះ។

លោក Daisuke Hori បានបន្ថែមថាតាមពិតទៅគាត់ផ្ទាល់មានអារម្មណ៍ងងុយដេកខ្លាំង ប៉ុន្តែតែងតែប្រាកដថាទទួលទានជាតិ caffeine ដើម្បី​ជៀស​វាង​ងងុយ​ដេក រហូតដល់កម្រិត insulin ថយចុះមកធម្មតាវិញ។

បន្ទាប់ពីការចាក់ផ្សាយអំពីទម្លាប់គេងមិនប្រក្រតីរបស់លោក Daisuke Hori លើកញ្ចក់ទូរទស្សន៍ មនុស្សជាច្រើននៅតែមិនជឿថាគាត់គេងតែ ៣០ នាទី​ក្នុងមួយថ្ងៃរយៈពេល ១២ ឆ្នាំកន្លងមក។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: