ជប៉ុនគ្រោងដាក់ចេញការផ្តន្ទាទោសដាក់ពន្ធនាគារពីបទប្រមាថ និងបរិហារកេរ្តិ៍តាមបណ្តាញអុីនធឺណេត
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនលោកស្រី Yoko Kamikawa ប្រកាសកាលពីថ្ងៃទី ១៤ ខែកញ្ញា លោកស្រីនឹងពិគ្រោះយោបល់ជាមួយស្ថាប័នផ្តល់ប្រឹក្សា ថាតើគួរតែផ្លាស់ប្តូរក្រមព្រហ្មទណ្ឌ ដើម្បីបង្កើនការដាក់ទណ្ឌកម្មពីបទបរិហារកេរ្តិ៍ឬយ៉ាងណា។
ការពិន័យចំពោះការបំពានត្រូវបានកំណត់ដូចតទៅ៖ “ឃុំខ្លួន (ក្រោម ៣០ ថ្ងៃ) ឬផាកពិន័យ (ក្រោម ១ ម៉ឺនយ៉េន) ដែលជាការផ្តន្ទាទោសស្រាលបំផុតក្នុងក្រមព្រហ្មទណ្ឌ។ ច្បាប់នេះត្រូវបានស្នើឱ្យធ្វើវិសោធនកម្មដោយបន្ថែមការដាក់ពន្ធនាគារ” ។
បទល្មើសត្រូវបានកំណត់ពេលដែលនិយាយប្រមាថចំពោះនរណាម្នាក់ជាក់ស្តែងនៅចំពោះមុខមនុស្សមួយចំនួនដែលមិនស្គាល់។
យោងតាមក្រសួងយុត្តិធម៌ពួកគេនឹងពិគ្រោះយោបល់ចំពោះសំណើបន្ថែម “ការដាក់ពន្ធនាគារដោយមានឬគ្មានពលកម្មសហគមន៍” ។
Hana Kimura អាយុ ២២ ឆ្នាំ ជាអ្នកចំបាប់អាជីពម្នាក់ដែលបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ Fuji “Terrace House” ភ្លាមៗស្រាប់តែទទួលមរណភាពកាលពីខែឧសភាឆ្នាំ ២០២០ បន្ទាប់ពីត្រូវបង្ខូចឈ្មោះនៅលើបណ្តាញសង្គម។ ហេតុការណ៍នេះបានបង្កឱ្យមានមតិជាច្រើនពីសាធារណជន។
នាយកដ្ឋានប៉ូលីសក្រុងតូក្យូបានរកឃើញជនសង្ស័យពីរនាក់ក្នុងហេតុការណ៍របស់ Kimura ហើយលើកឡើងជូនព្រះរាជអាជ្ញាដោយលើកសំណើរពីបទប្រមាថ។ បន្ទាប់មកតុលាការក្រុងតូក្យូបានពិន័យជាប្រាក់ចំនួន ៩០០០ យ៉េន។ មតិជាច្រើនបាននិយាយថា “ការពិន័យស្រាលពេក ដូច្នេះគួរតែតំឡើងកម្រិតផាកពិន័យ” ។
ក្រៅពីបទល្មើសប្រមាថក៏មានបទបរិហារកេរ្តិ៍ផ្អែកលើក្រមព្រហ្មទណ្ឌផងដែរ។ ការផ្តន្ទាទោសតាមច្បាប់ដូចតទៅ “ដាក់ពន្ធនាគារដោយមានឬគ្មានពលកម្មរហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៥០ ម៉ឺនយ៉េន” ធ្ងន់ជាងការពិន័យចំពោះបទល្មើសប្រមាថ។
បទល្មើសបរិហារកេរ្តិ៍គឺជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់ដោយលាតត្រដាងហេតុការណ៍ជាក់លាក់ណាមួយធ្វើអោយខូចកេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងសង្គម។ នៅពេលអង្គហេតុទាំងនោះត្រូវបានបញ្ជាក់ថាពិត ម្នាក់នោះនឹងមិនត្រូវចោទប្រកាន់ឡើយ។
ពិតជាពិបាកក្នុងការអនុវត្តច្បាប់បរិហារកេរ្តិ៍ជាមួយការប្រមាថដូចជា “តើពេលណានាងនឹងស្លាប់? នារីនោះពិតជាអាក្រក់ តើនាងមានសិទ្ធិរស់ដែរឬទេ?” ដោយហេតុផលនេះក្រសួងយុត្តិធម៌ត្រូវពិចារណា ថាតើត្រូវកំណត់ជាបទល្មើសប្រមាថឬបទបរិហារកេរ្តិ៍។
ការប្រមាថ និងការបង្កាច់បង្ខូចតាមបណ្តាញអុីនធឺណេតគួរតែដោះស្រាយអោយបានច្បាស់លាស់ ព្រោះទង្វើនេះអាចបណ្តាលអោយមានផលប៉ះពាល់ធ្ងន់ធ្ងររួមទាំងការបាត់បង់ជីវិតមនុស្ស។ ក្រសួងបានសម្រេចការពិន័យចំពោះការប្រមាថគួរតែធ្ងន់ដូចបទបរិហារកេរ្តិ៍។
RIN