លោកតា Yabuta អាយុ ៩៣ ឆ្នាំជាបុគ្គលិកចំណាស់ជាងគេនៅហាង McDonald

McDonald គឺជាអាជីវកម្មអាហាររហ័សដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោក។ McDonald មានសា​ខា​ប្រហែល ២៩០០ កន្លែងទូទាំងប្រទេសជប៉ុន និងបុគ្គលិករាប់ពាន់នាក់។ តួអង្គសំខាន់ក្នុងអត្តបទថ្ងៃនេះនិយាយ​ពី​បុគ្គលិក​​ចំណាស់​ជាង​គេ​គឺលោក Yoshimitsu Yabuta អាយុ ៩៣ ឆ្នាំដែលធ្វើការនៅសាខា Takaoka ខេត្ត Toyama ។

លោកតា Yabuta ត្រូវបានគេស្គាល់នៅពេលដែល McDonald ជប៉ុនបង្កើតគេហទំព័រអបអរសាទរខួបលើកទី ៥០ របស់ខ្លួន។

រូបភាព https://www.mcdonalds.co.jp/campaign/thankyou50th/history/ichiban/18/

ក្នុងចំណោមភាពលេចធ្លោដូចជា “សាខាលក់ដាច់ជាងគេ” “សាខាដែលមានទេសភាពសមុទ្រស្អាតជាងគេ” និងសាខា​ដែល​មាន “បុគ្គលិកចំណាស់ជាងគេ” ជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកតា Yabuta ចាប់ផ្តើមធ្វើការក្រៅម៉ោងក្នុងហាងតាំងពីឆ្នាំ ២០១៩ កាលអាយុ ៩០ ឆ្នាំ។ លោកតានិយាយថាគាត់មើលឃើញបិទប្រកាសការងារក្រៅម៉ោង ហើយសម្រចចិត្តដាក់ពាក្យសុំធ្វើការដើម្បីឆ្លៀតពេលទំនេរ។

McDonald ដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ ដូច្នេះលោកតា Yabuta អាចធ្វើការវេនយប់ដែលជាម៉ោងធ្វើការតាមទម្លាប់របស់ខ្លួន។ កាលពីមុនគាត់ធ្លាប់ធ្វើជាជាងអគ្គីសនី បន្ទាប់ពីចូលនិវត្តន៍គាត់ធ្វើជាបុគ្គលិកវេនយប់នៅ​ហាង​វីដេអូ​ហ្គេម។

បច្ចុប្បន្នលោកតា Yabuta កំពុងធ្វើការ ៥ ម៉ោង ៤ វេនក្នុងមួយសប្តាហ៍។ ដើមឡើយការងាររបស់គាត់ជាអ្នកសម្អាត​តុ ឥឡូវនេះគាត់អាចទទួលខុសត្រូវរៀបចំម្ហូបដូចជាសាឡាដ។ នៅពេលដែលមិនធ្វើការ គាត់ក៏តែង​តែ​មកទិញភេសជ្ជៈ និងដំឡូងចៀននៅពេលថ្ងៃ ហើយក៏ចូលចិត្តជជែកលេងជាមួយសមាជិកវ័យចំណាស់ដទៃទៀត​ខណៈ​ពេល​សម្រាក។

ប្រធានសាខា Kyohei Imoto បានផ្តល់ការសរសើរជាច្រើនដល់លោកតា Yabuta ។

គាត់ក៏ជាអ្នកជម្រុញទឹកចិត្តមិត្តរួមការងារ មិត្តរួមការងារវ័យក្មេងជាងគេរបស់គាត់មានអាយុត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ។ មនុស្សម្នាក់ក្នុងចំណោមនោះនិយាយថា អរគុណគាត់ឥឡូវនេះពួកគេមានភាពក្លាហានក្នុងការទទួល​យក​បញ្ហា​ប្រឈមមិនថាពួកគេមានអាយុប៉ុន្មានក៏ដោយ។

បុគ្គលិកវ័យ ៩៣ ឆ្នាំរូបនេះបាននិយាយថាគាត់ចូលចិត្តធ្វើការ ហើយអាថ៌កំបាំងក្នុងការថែរក្សាសុខភាពគឺ “ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ” ។ លោកតានិយាយថាគាត់ចង់បន្តធ្វើការខណៈពេលដែលរាងកាយ​នៅ​មាំ​មួន។

ប្រាកដណាស់អ្នកដែលអានរឿងនេះក៏ចង់អោយលោកតា Yabuta មានសុខភាពល្អ និងធ្វើការបានយូរតាមដែលគាត់ប្រាថ្នាដែរ។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: